29 C
Phnom Penh

អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ជិត​១៥០​នាក់​មក​កម្ពុជា​បន្ទាប់ពី​ឆ្លងដែន​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ថៃ បញ្ជូន​ពលរដ្ឋ​ខ្មែរ​ជិត ១៥០​នាក់​មក​កម្ពុជា បន្ទាប់ពី​ពួកគេ​បាន​នាំគ្នា​ឆ្លងដែន​ខុសច្បាប់​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។

ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង លោក សាត គឹមសាន បាន​ប្រាប់​សារព័ត៌មាន​ស្រុក​ថា ពលរដ្ឋ​ខ្មែរ ១៤៧​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ​តាម​ច្រក​តំបន់​អូរអន្លក់ ស្ថិត​ក្នុង​ភូមិ​អូរអន្លក់ ឃុំ​តាសែន ស្រុក​កំរៀង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២២។

ប្រភព​ដដែល​ថា​អះអាង​ថា ពលរដ្ឋ​ចំនួន ១៤៧​នាក់ ក្នុង​នោះ​ស្រី ៥៧​នាក់ និង​ក្មេង ៣០​នាក់ ដោយ​ក្មេងស្រី ១៣​នាក់ បាន​នាំគ្នា​ឆ្លងដែន​ទៅ​ប្រទេស​ថៃ តាមរយៈ​មេខ្យល់​ដើម្បី​ស្វែងរក​ការងារ​ធ្វើ។ ករណី​នេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មុខសញ្ញា​មេខ្យល់​ដែល​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ថៃ មិន​ស្រប​ច្បាប់ ខណៈ​ពលរដ្ឋ​ចំនួន ១៤៧​នាក់​ត្រូវ​បាន​សមត្ថកិច្ច​សាកសួរ កត់​ឈ្មោះ ចុះ​កំណត់ហេតុ និង​អប់រំ​ណែនាំ​អំពី​វិធានការ​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។

ជាមួយ​គ្នា​នោះ​ដែរ ក្រុម​គ្រូពេទ្យ​បាន​ធ្វើ​តេស្ដ​រហ័ស​លើ​ពលរដ្ឋ​ទាំង ១៤៧​នាក់ ដោយ​រក​ឃើញ​មាន​វិជ្ជមាន​កូវីដ-១៩ ចំនួន ៣​នាក់ ស្រី​ម្នាក់ ក្មេង​ម្នាក់ ខណៈ​ពលរដ្ឋ​ចំនួន ២៤​នាក់ ក្នុង​នោះ​មាន​ក្មេង ៥​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល​គីឡូ​លេខ​៩ ក្នុង​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង។

កាលពី​ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​នាំគ្នា​បន្ត​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​មាន​សង្ឃឹម​ថា​នឹង​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់ ទោះបីជា​ពួកគេ​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ​ក៏ដោយ។

អាជ្ញាធរ​កម្ពុជា និង​ថៃ បាន​បិទ​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ចាប់តាំង​ពី​ខែ​មីនា ឆ្នាំ​២០២០ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូវីដ-១៩ រហូត​មកដល់​ពេលនេះ​មិនទាន់​បើក​ដំណើរការ​វិញ​នៅឡើយ​ទេ។

កាលពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ កន្លងមក រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ប្រកាស​ថា ចាប់តាំង​ពី​អាជ្ញាធរ​ថៃ បិទ​ច្រក​ទ្វារ​ព្រំដែន មាន​ពលករ​ខ្មែរ​ប្រមាណ ២​សែន ៦​ម៉ឺន​នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ ក្នុង​នោះ​មាន​ពលករ​មួយ​ចំនួន​បាន​ត្រឡប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ វិញ​ជាបន្តបន្ទាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស