38 C
Phnom Penh

តៃវ៉ាន់​ព្រមាន​ចិន​បើ​ហ៊ាន​លើក​ទ័ព​ឈ្លានពាន គឺ​ចិន​នឹង​ជួប​ផលវិបាក​ធ្ងន់ធ្ងរ​ដូច​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​រយៈពេល​ចុងក្រោយ​នេះ ចិន​និង​តៃវ៉ាន់ បង្ក​សង្គ្រាម​វោហារសាស្ត្រ​ដាក់​គ្នា​ជា​ខ្លាំង ដោយ​ដែនដី​បងប្អូន​នឹង​គ្នា​ពីរ​នេះ​សម្លឹង​ទៅ​មើល​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ហើយ​ធ្វើការ​អង្កេត​ដូច​គ្នា។

ប្រទេស​ចិន​ដែល​ចាត់ទុក​តៃវ៉ាន់​ជា​ដែន​ខេត្ត​មួយ​របស់​ខ្លួន បាន​ប្រាប់​ទៅ​សហរដ្ឋ​អាមេរិក​កុំ​ឱ្យ​ប្រៀបធៀប​តៃវ៉ាន់​នឹង​អ៊ុយក្រែន ដោយ​ក្រុង​ប៉េកាំង​អះអាង​ថា តៃវ៉ាន់​ពុំ​មែន​ជា​រដ្ឋ​អធិបតេយ្យ​ពិតប្រាកដ​ដូច​អ៊ុយក្រែន​នោះ​ទេ។

ក្រុង​ប៉េកាំង​ទំនង​ចង់​ប្រាប់​ក្រុង​វ៉ាស៊ីនតោន​ថា តៃវ៉ាន់​ពុំ​មែន​ជា​ប្រទេស​មួយ​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ដែល​មាន​តំណាង​របស់​ខ្លួន​នៅ​ស្ថាប័ន​ពិភពលោក​នេះ​ទេ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន បាន​ស្រង់​សម្ដី​លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន វ៉ាង យី មក​ចុះផ្សាយ​ថា ក្រុង​ប៉េកាំង​បាន​ព្រមាន​ពួក​បស្ចិម​ប្រទេស​កុំ​ប្រៀបធៀប​ឱ្យ​សោះ​រវាង​តៃវ៉ាន់ និង​អ៊ុយក្រែន ហើយ​បើ​ចិន​លើក​ទ័ព​ចូល​វាយ​យក​តៃវ៉ាន់ គឺ​ចិន​មិន​ខុស​នឹង​ច្បាប់​ឡើយ គឺ​ទាំង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ព្រោះ​តែ​ពុំ​មែន​ជា​ប្រទេស​ដែល​ជា​រដ្ឋ​អធិបតេយ្យ​ឡើយ។

នៅ​ពេល​ក្រុង​ប៉េកាំង​បញ្ចេញ​សង្គ្រាម​ពាក្យ​សម្ដី​ដូចនេះ បាន​នាំ​ឱ្យ​ក្រុង​តៃប៉ិ គិត​ថា​ប្រទេស​ដ៏​ធំ​មួយ​នេះ​អាច​នឹង​ឈ្លានពាន​តៃវ៉ាន់​ដោយសារតែ​មាន​ហេតុផល​ថា តៃវ៉ាន់​ពុំ​មែន​ជា​ប្រទេស​មួយ​មាន​អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ។ ក្នុង​ន័យ​នេះ បាន​នាំ​ឱ្យ​រដ្ឋមន្ត្រី​ការពារ​ជាតិ​តៃវ៉ាន់ Chiu Kuo-cheng បាន​ព្រមាន​ចិន​ថា តៃវ៉ាន់​មាន​សមត្ថភាព​គ្រប់គ្រាន់ ជាពិសេស​គឺ​អាវុធ​របស់​តៃវ៉ាន់ គឺ​មាន​គ្រប់គ្រាន់​ដើម្បី​ការពារ​ដែនដី​របស់​ខ្លួន។ នេះ​បើ​តាម​សារព័ត៌មាន​តៃវ៉ាន់ Taiwan News ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១១ មីនា នេះ។

លោក​រដ្ឋមន្ត្រី Chiu Kuo-cheng បាន​បន្ត​ថា ចិន​ត្រូវ​ដឹង​អំពី​ផលវិបាក​របស់​រុស្ស៊ី ដែល​កំពុង​ជួប​នៅ​ពេលនេះ ដែល​លោក​ថា សូម្បី​យុទ្ធសាស្ត្រ​នៃ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន មិន​ដូច​ការ​រំពឹង​ទុក​នោះ​ទេ ដែល​ថា​នឹង​វាយ​កាន់កាប់​រដ្ឋធានី​គៀវ ឱ្យ​បាន​តែ ៤៨​ម៉ោង ហើយ​ផ្ដួល​រំលំ​រដ្ឋាភិបាល​អ៊ុយក្រែន តែ​ពេលនេះ​គឺ ១៦​ថ្ងៃ​មក​ហើយ​ក៏​ពុំ​អាច​សម្រេច​ផែនការ​ឈ្លានពាន​បាន​ឡើយ។ លោក​ព្រមាន​ទៅ​ក្រុង​ប៉េកាំង​ទៀត​ថា រុស្ស៊ី​ពេលនេះ​ធ្លាក់​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ណាស់​ដែល​រុស្ស៊ី​ខ្លួន​គេ​ផ្ទាល់​មិន​នឹក​ស្មាន​ថា សហគមន៍​អន្តរជាតិ​មាន​ការ​សាមគ្គី​គ្នា​ដូចនេះ។ លោក​រដ្ឋមន្ត្រី​ប្រាប់​ថា បើ​សង្គ្រាម​ចិន និង​តៃវ៉ាន់ គឺ​ពិត​ណាស់​នឹង​មាន​ភាគី​ណា​មួយ​ជា​អ្នក​ឈ្នះ ប៉ុន្តែ​វិនាសកម្ម​ខ្លោចផ្សា​បំផុត គឺ​ជាតិសាសន៍​តែ​មួយ​ហែក​គ្នា​ស៊ី។

លោក​រដ្ឋមន្ត្រី Chiu Kuo-cheng បាន​ថ្លែង​ដូចនេះ​នៅ​ចំពោះ​មុខ​សមាជិក​សភា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ មីនា។ លោក​បាន​ពន្យល់​សមាជិក​សភា​ថា សម្ពន្ធភាព​របស់​តៃវ៉ាន់ សហរដ្ឋ​អាមេរិក ជប៉ុន អូស្ត្រាលី អង់គ្លេស និង​សហភាព​អឺរ៉ុប គេ​អាច​ទប់​បាន​នូវ​អំណាច​អនុត្តរភាព​យោធា​របស់​ប្រទេស​ធំ​មួយ​នេះ បើ​លើក​ទ័ព​ឈ្លានពាន​តៃវ៉ាន់។ លោក​បញ្ជាក់​ថា គ្មាន​នរណា​មួយ​ចង់​ធ្វើ​សង្គ្រាម​ទេ លើកលែង​មាន​ការ​ឈ្លានពាន​តែប៉ុណ្ណោះ គឺ​ចាំបាច់​ត្រូវ​ការពារ ហើយ​វាយបក​វិញ។

លោក​ប្រាប់​សភា​ថា បើ​ប្រទេស​មួយ​នោះ​គេ​ឈ្នះ​យើង គឺ​ប្រទេស​នេះ​នឹង​អាម៉ាស់​ខ្លាំង​ណាស់ ឯកោ​ទៀត​ផង ហើយ​ជាតិសាសន៍​ចិន​តែ​មួយ​នេះ គឺ​ឈឺចាប់​ខ្លាំង​ណាស់ ព្រោះ​មាន​មេដឹកនាំ​ដែល​បង្ក​សង្គ្រាម​វាយប្រហារ​សម្លាប់​ជាតិសាសន៍​ខ្លួនឯង។

នៅ​ពេល​សមាជិក​សភា​បាន​ចោទ​សួរ​ថា តើ​អាច​មាន​ប្រទេស​ណា​មួយ​ជួយ​តៃវ៉ាន់​ដែរ​ឬ​ទេ នៅ​ពេល​ចិន​លើក​ទ័ព​ឈ្លានពាន​តៃវ៉ាន់? លោក​រដ្ឋមន្ត្រី Chiu Kuo-cheng បាន​ថ្លែង​ថា ពិត​ជា​មាន ព្រោះ​តែ​ប្រទេស​ទាំងនោះ​គេ​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ចំណុច​ចុងក្រោយ​នៃ​កម្លាំង​របស់​អ្នក​ប្រជាធិបតេយ្យ​ដែល​ទប់ទល់​នឹង​ឥទ្ធិពល​មេដឹកនាំ​ផ្ដាច់ការ និង​ប្រទេស​ផ្ដាច់ការ។

លោក​ប្រកាស​ស្វាគមន៍​ប្រទេស​ទាំងឡាយ​ណា​ដែល​ជួយ​តៃវ៉ាន់ បើ​តៃវ៉ាន់​ធ្លាក់​ក្នុង​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​ប្រទេស​ចិន។ លោក​ប្រាប់​ថា សម្ពន្ធមិត្ត​របស់​តៃវ៉ាន់​នៅ​ពេលនេះ​មាន​ដូចជា អាមេរិក ជាដើម គឺ​ប្រទេស​នេះ​នឹង​បន្ថែម​សព្វាវុធ​ច្រើន​ថែម​ឱ្យ​តៃវ៉ាន់​ក្នុង​លក្ខខណ្ឌ​ជំនួយ​ផង និង​ស្នើ​ទិញ​ផង។

កោះ​តៃវ៉ាន់ មាន​ប្រជាជន​ជាង ២៣​លាន​នាក់។ ដែន​កោះ​មួយ​នេះ​ប្រើ​សព្វាវុធ​របស់​សហរដ្ឋ​អាមេរិក មាន​ទាំង​សព្វាវុធ​មីស៊ីល​ដែល​អាច​បាញ់​ដល់​ក្រុង​ប៉េកាំង​ផង​ដែរ។ កោះ​តៃវ៉ាន់​បាន​កំពុង​ព្យាយាម​ធ្វើ​ដៃគូ​ជាមួយ​ក្រុម​ចតុភាគី​នៃ​កម្លាំង​យោធា ៤​ប្រទេស ដែល​មាន​អាមេរិក ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី។

ជាមួយ​គ្នា​នេះ តៃវ៉ាន់​ក៏​ជា​ដៃគូ​ជាមួយ​ប្រទេស​អង់គ្លេស​ផង​ដែរ។ ប្រទេស​ទាំងអស់​នេះ តែងតែ​ព្រមាន​ចិន អំពី​សកម្មភាព​យោធា​ចិន ដែល​រំលោភបំពាន​គំរាមកំហែង​លើ​កោះ​តៃវ៉ាន់ ដោយ​ការ​ធ្វើ​សមយុទ្ធ​ទ័ព​ជើងទឹក​ផង និង​សមយុទ្ធ​ទ័ព​ជើង​អាកាស​ផង ហើយ​សកម្មភាព​យោធា​របស់​ប្រទេស​មហាអំណាច​មួយ​នេះ​មើល​ទៅ​ចង់​លេប​តៃវ៉ាន់ បើ​តៃវ៉ាន់​ជ្រុល​បន្តិច​នៃ​ការ​ប្រើ​អាវុធ​ទៅ​លើ​កងទ័ព​ចិន នៅ​ពេល​កំពុង​ធ្វើ​សមយុទ្ធ។

លោក ស៊ី ជីនពីង បាន​ប្រាប់​ទៅ​កងទ័ព​របស់​លោក​ថា ទាំង​សត្រូវ​បងប្អូន និង​សត្រូវ​មិនមែន​បងប្អូន គឺ​មិន​អាច​ក្លាយ​ជា​មិត្ត​របស់​ចិន​បាន​ទេ បើ​ពួកគេ​បង្ក​រឿង បង្ក​ហេតុ ចង់​ធ្វើ​ឱ្យ​គោលដៅ​របស់​ចិន​ក្នុង​ការ​បង្រួប​ជាតិ​មិន​បាន​សម្រេច​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស