40.3 C
Phnom Penh

GDP ប្ដេជ្ញា​ផ្តល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ឱ្យ​បាន​ល្អ​ប្រសើរ និង​មាន​តម្លាភាព ប្រសិន​បើ​ឈ្នះ​ការ​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ប្ដេជ្ញា​ផ្តល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ឱ្យ​ល្អ​ប្រសើរ និង​មាន​តម្លាភាព ប្រសិនបើ​ខ្លួន​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ក្នុង​ការ​ដឹកនាំ​អភិវឌ្ឍ​ឃុំ-សង្កាត់​នៅ​ដើម​ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២២ នេះ ដោយ​លើកឡើង​នូវ​បញ្ហា​ជា​អាទិភាព​មួយ​ចំនួន​ដែល​បាន​កើតឡើង​នៅ​តាម​មូលដ្ឋាន​នា​ពេល​កន្លងមក ក្នុង​នោះ​រួម​មាន បញ្ហា​ទីផ្សារ​របស់​កសិករ និង​សិប្បករ បញ្ហា​សេវា​មណ្ឌល​សុខភាព បញ្ហា​គ្រឿងញៀន បញ្ហា​ផ្លូវថ្នល់​គ្មាន​គុណភាព បញ្ហា​អសមត្ថភាព​របស់​មេភូមិ មេឃុំ ចៅសង្កាត់​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ ជាដើម។

ប្រភព​ដដែល​អះអាង​ថា ក្រុម​ខ្លួន​កំពុងតែ​តាក់តែង​នូវ​គោល​នយោបាយ និង​វិធានការ​ជាក់ស្តែង​ដើម្បី​ដោះស្រាយ​បញ្ហា​អាទិភាព​ទាំងនេះ​ជូន​ប្រជាពលរដ្ឋ និង​ដើម្បី​ប្រកួតប្រជែង​សមត្ថភាព សកម្មភាព និង​សុចរិតភាព​ជាមួយ​គណបក្ស​កាន់​អំណាច​នៅ​ពេល​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ខាងមុខ​នេះ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស GDP បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៤ មីនា នេះ​ថា ដើម្បី​ធានា​នូវ​ការ​អនុវត្ត​ការងារ​របស់​មន្ត្រី​ថ្នាក់​ភូមិ-ឃុំ​ឱ្យ​បាន​ល្អ​ប្រសើរ ពលរដ្ឋ​ត្រូវតែ​បង្កើត​ឱ្យ​មាន​គណៈកម្មាធិការ​ឃ្លាំមើល​នៅ​មូលដ្ឋាន ដើម្បី​ជំរុញ​ការ​ដឹកនាំ​របស់​មន្ត្រី​ទាំងនោះ​ឱ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព​មូលដ្ឋាន​របស់​ខ្លួន។

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់​ថា ក្រៅពី​ធានា​ឱ្យ​មាន​តម្លាភាព​លើ​សេវា​សាធារណៈ មន្ត្រី​មូលដ្ឋាន​ថ្នាក់​ភូមិ-ឃុំ ក៏​ត្រូវ​មាន​ផែនការ និង​គម្រោង​ជាក់លាក់​របស់​ខ្លួន​ផ្តល់​ទៅ​ឱ្យ​ថ្នាក់​ស្រុក ឬ​ខេត្ត​ផង​ដែរ ដើម្បី​ស្នើសុំ​ថវិកា និង​ធនធាន​មនុស្ស ឬ​មន្ត្រី​ជំនាញ​ឱ្យ​មក​ជួយ​បណ្តុះបណ្តាល​ពលរដ្ឋ​គ្រប់​សហគមន៍​ទាំងអស់។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ផ្សព្វផ្សាយ​អំពី​គោល​នយោបាយ​របស់​ខ្លួន សម្រាប់​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាន់តែ​ខិត​ជិត​មកដល់។

កាលពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២១ រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​សម្រេច​ស្ដីពី​ការ​កំណត់​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ដោយ​កំណត់​យក​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២។ គណបក្ស​ដែល​ចូលរួម​ការ​បោះឆ្នោត​នេះ​មាន​ចំនួន ១៧ ក្នុង​ចំណោម​គណបក្ស ៤៥ ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ក្រសួង​មហាផ្ទៃ។

កាលពី​ដើម​ខែ​កុម្ភៈ បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ប្ដេជ្ញា​មិន​ឱ្យ​មាន​អំពើ​ហិង្សា ឬ​មាន​អ្នក​របួស និង​ស្លាប់​ដោយសារ​ការ​បោះឆ្នោត​ឆ្នាំ​២០២២ និង ២០២៣ ខាងមុខ ដោយ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បង្ក​លក្ខណៈ​ឲ្យ​គណបក្ស​ទាំងអស់​មាន​សិទ្ធិ​ជួបជុំ​សមាជិក សមាជិកា និង​លើក​ស្លាក​ដូច​គណបក្ស​កាន់​អំណាច។

យ៉ាងណាក៏ដោយ ជុំវិញ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ការ​ចូលរួម​បោះឆ្នោត​ជាមួយ​បក្ស​កាន់​អំណាច​ដោយ​មិន​ទាមទារ​ឱ្យ​មាន​ការ​កែប្រែ​នីតិវិធី​នៃ​ការ​បោះឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ​មុន​នឹង​ចូលរួម​បោះឆ្នោត គឺជា​ការ​ជួយ​ឱ្យ​បក្ស​កាន់​អំណាច​អាច​បន្លំ​ភ្នែក​អន្តរជាតិ ដើម្បី​បន្ត​កាន់​អំណាច​ផ្ដាច់មុខ​ដូច​សព្វថ្ងៃ​បាន​យូរអង្វែង​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស