40.6 C
Phnom Penh

អ្នកវិភាគ​ដែល​លោក ហ៊ុន សែន គំរាម​សម្លាប់​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ការិយាល័យ​ស៊ើប​អង្កេត​អាមេរិក​រួចរាល់​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា ដែល​រង​ការ​គំរាម​ផ្តាច់​សង្ខារ​ដោយ​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​តាមរយៈ​មេធាវី ទៅកាន់​ភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក​រួចរាល់​ហើយ ដើម្បី​ការពារ​អាយុ​ជីវិត និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​លោក។

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២២ ថា លោក​រាយការណ៍​ជូន​ការិយាល័យ​សហព័ន្ធ​ផ្នែក​ស៊ើប​អង្កេត​អាមេរិក ដើម្បី​ផ្តល់​ដំណឹង​ជា​មុន ប្រសិនបើ​លោក​រង​នូវ​ឧបទ្ទវហេតុ​ណា​មួយ គឺ​មាន​ន័យ​ថា​លោក​មិនមែន​រងគ្រោះ​ដោយ​ចៃដន្យ​នោះ​ទេ គឺ​ច្បាស់​ជា​ផែនការ និង​ជា​ស្នាដៃ​របស់​មេដឹកនាំ​ដៃ​ឆៅ​លោក ហ៊ុន សែន ដែល​បាន​រៀប​គម្រោង​ទុក​ជា​មុន​ដើម្បី​ផ្តាច់​ជីវិត​របស់​លោក។

លោក សុខ សុគន្ធ អះអាង​ថា លោក​ពិតជា​មាន​ការ​ភ័យខ្លាច​យ៉ាង​ខ្លាំង​នូវ​ការ​គំរាម​ផ្តាច់​ជីវិត​ពី​សំណាក់​មេដឹកនាំ​បែប​ជើង​កាង លោក ហ៊ុន សែន ដែល​ធ្លាប់​មាន​ប្រវត្តិ​មិន​ស្អាតស្អំ បាតដៃ​ប្រឡាក់​ឈាម ដែល​តែង​បញ្ជា​អ្នក​នៅ​ក្បែរ​ខ្លួន​ឱ្យ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​នា​ពេល​កន្លងមក។

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា លោក​បាន​បញ្ជូន​សំឡេង​របស់​លោក ហ៊ុន សែន ដែល​បាន​គំរាម​សម្លាប់​លោក​ជា​ភាសា​ខ្មែរ និង​ជា​ភាសា​អង់គ្លេស ទៅ​ឱ្យ​ការិយាល័យ​ស៊ើប​អង្កេត​របស់​អាមេរិក​អស់​ហើយ ដើម្បី​សុំ​ឱ្យ​អាជ្ញាធរ​អាមេរិក​ដឹង​ពី​មូលហេតុ​ពិតប្រាកដ ប្រសិនបើ​លោក​ត្រូវ​បាត់បង់​ជីវិត​ដោយ​អំពើ​ឃាតកម្ម​ណា​មួយ​នោះ។

កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២២ បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​គំរាម​សម្លាប់​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា លោក សុខ សុគន្ធ ក្រៅ​ប្រព័ន្ធ​ច្បាប់ បន្ទាប់ពី​អ្នកវិភាគ​រូប​នោះ​ចាប់ផ្តើម​ធ្វើ​ការ​រិះគន់​ទៅលើ​ការ​ដឹកនាំ​របស់​ខ្លួន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាបន្តបន្ទាប់។

ក្នុង​សារ​សំឡេង​ដែល​មាន​រយៈពេល​ជាង ៣​នាទី លោក ហ៊ុន សែន បាន​ចោទ​សួរ​លោក សុខ សុគន្ធ ថា តើ​លោក សុខ សុគន្ធ ចង់​ស្លាប់​តាម​ដំណើរ​អស់​អាយុ​ធម្មតា ឬ​ចង់​ស្លាប់​ឱ្យ​បាន​ឆាប់? លោក​គំរាម​ថា បើ​ទោះ​ជា​លោក សុខ សុគន្ធ ចង់​រស់ ក៏​រស់​មិន​បាន​យូរ​ដែរ។

ជុំវិញ​បញ្ហា​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ធ្លាប់​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លងទៅ​ថា កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​បង្កើត​ឲ្យ​មាន​ការ​សម្លាប់ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​រាប់​មិន​អស់ ដែល​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ពុំ​មាន​ទោស​ទណ្ឌ ក្នុង​នោះ​លោក ហ៊ុន សែន បាន​ដំឡើង​បុណ្យស័ក្តិ និង​ផ្តល់​រង្វាន់​ដល់​ពួក​ឃាតក​ទាំងនោះ​ជាច្រើន​នាក់​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក​ថែមទៀត​ផង។

ប្រភព​ដដែល​អះអាង​ថា ករណី​ឃាតកម្ម​ទាំងនោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា យោធា នគរបាល កង​រាជ​អាវុធហត្ថ និង​បុគ្គលិក​ចារកម្ម​យ៉ាង​ច្រើន ដែល​អ្នក​ទាំងនោះ​កំពុង​កាន់កាប់​តួនាទី​ធំៗ ហើយ​កំពុង​រស់នៅ​ក្បែរ​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ។

ជាក់ស្តែង កាលពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពិធី​មួយ​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា ប្រសិនបើ​លោក​បាន​ដឹង​ជា​មុន​អំពី​ផែនការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​តាមរយៈ​រូបភាព​បដិវត្តន៍​ពណ៌ ម្ល៉េះ​លោក​បញ្ជា​ឲ្យ​ក្រុម​របស់​លោក​សម្លាប់​ក្រុម​អ្នក​ប្រឆាំង​ទាំងអស់​នោះ​ចោល​អស់​ទៅ​ហើយ នៅ​ពេល​ដែល​ពួកគេ​បាន​ដឹកនាំ​ធ្វើ​បាតុកម្ម​នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ក្នុង​ទីក្រុង​ភ្នំពេញ​នោះ។

លោក ហ៊ុន សែន បញ្ជាក់​ថា លោក​ពិតជា​មាន​ការ​សោកស្តាយ​ខ្លាំង​ណាស់​ដែល​លោក​មិន​បាន​សម្លាប់​អ្នក​ទាំងអស់​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស