សាលាឧទ្ធរណ៍រាជធានីភ្នំពេញ លើកពេលសវនាការក្នុងសំណុំរឿងអ្នកការពារសិទ្ធិមនុស្សអាដហុក ៥រូប ដោយសារមេធាវីមួយរូបជាប់ធ្វើចត្តាឡីស័ក។
កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ មេធាវីការពារក្ដីឱ្យអ្នកការពារសិទ្ធិមនុស្សអាដហុកចំនួន ៤រូប និងមេធាវីការពារក្ដីឱ្យអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក នី ចរិយា បានដាក់បណ្ដឹងសារទុក្ខទៅសាលាឧទ្ធរណ៍ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសអ្នកទាំង ៥រូបដាក់ពន្ធនាគារម្នាក់ៗចំនួន ៥ឆ្នាំពីបទចោទប្រកាន់ «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី» កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។
ក្រោយពីដាក់បណ្ដឹងជិត ៥ឆ្នាំ សាលាឧទ្ធរណ៍បានយកបណ្ដឹងដែលក្រុមមេធាវីបានដាក់នោះមកបើកសវនាការនៅថ្ងៃទី២៥ មីនា ប៉ុន្តែសវនាការនេះត្រូវពន្យារពេលទៅថ្ងៃក្រោយវិញ។
ប្រធានក្រុមប្រឹក្សាសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក ស៊ិន វិសាល លើកឡើងក្នុងបន្ទប់សវនាការថា មូលហេតុដែលចៅក្រមសម្រេចលើកពេលសវនាការនៅថ្ងៃនេះ ដោយសារមេធាវីការពារក្ដីឱ្យលោក នី ចរិយា គឺលោក សំ សុគង់ បានដាក់ពាក្យស្នើសុំពន្យារពេលក្រោយពីលោកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩។ លោកបន្តថា ករណីរបស់ពួកគាត់ស្ថិតនៅក្នុងសំណុំរឿងជាមួយគ្នា ហើយជារឿងព្រហ្មទណ្ឌ ដូច្នេះមេធាវីចាំបាច់ត្រូវចូលរួម មិនអាចខានបានឡើយ ទោះបីជាមេធាវីការពារក្ដីឱ្យអ្នកការពារសិទ្ធិមនុស្សអាដហុកចំនួន ៤រូបទៀតមានវត្តមានក៏ដោយ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅមុខសាលាឧទ្ធរណ៍រាជធានីភ្នំពេញថា ពួកគាត់បានដាក់បណ្ដឹងសារទុក្ខតាំងពីឆ្នាំ២០១៨ មកម្ល៉េះ ប៉ុន្តែតុលាការទើបដំណើរនីតិវិធីក្នុងខែមីនា ឆ្នាំ២០២២។ លោកបន្តថា រយៈពេលប្រមាណ ៥ឆ្នាំមកនេះ ពួកគាត់បានទន្ទឹងរង់ចាំយុត្តិធម៌ ដោយសារការឃុំខ្លួនពួកគាត់ក្នុងពន្ធនាគាររយៈពេល ១៤ខែទាំងគ្មានកំហុស វាជារឿងអយុត្តិធម៌ ខណៈបណ្ដឹងដែលពួកគាត់ទាមទាររកយុត្តិធម៌នៅមានភាពយឺតយ៉ាវទៀតនោះ។
លោក នី សុខា ស្នើទៅតុលាការឱ្យកោះហៅសាក្សីឈ្មោះ ខុម ចាន់តារាទី ហៅ ស្រីមុំ និងមេធាវីរបស់គាត់ គឺអ្នកស្រី ទ្រី ឈួន មកសួរដេញដោល។ លោកបន្តថា រហូតមកទល់ពេលនេះ តុលាការមិនបានកោះហៅសាក្សីទាំងពីរនេះមកចូលរួមសវនាការនៅឡើយទេ រាប់ចាប់តាំងពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញមកម្ល៉េះ។ លោកយល់ថា ការសម្រេចសេចក្ដីដោយមិនបានកោះហៅសាក្សីសួរដេញដោលនេះ វាបានឆ្លុះបញ្ចាំងពីភាពអយុត្តិធម៌សម្រាប់ពួកគាត់ដែលជាអ្នកការពារសិទ្ធិមនុស្ស។
លោកបន្តថា មួយវិញទៀត បើសិនជាសាលាឧទ្ធរណ៍រកឃើញមិនមានកំហុស ហើយពួកគាត់គ្មានទោសនោះ លោកដាក់ជាសំណួរថា តុលាការនឹងដោះស្រាយឱ្យពួកគាត់បែបណាដែរ ព្រោះពួកគាត់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៥ឆ្នាំហើយ និងត្រូវបានឃុំខ្លួនអស់រយៈពេល ១៤ខែទៀត។
អ្នកការពារសិទ្ធិមនុស្សម្នាក់ទៀត គឺអ្នកស្រី លឹម មុន្នី បង្ហាញការគាំទ្រចំពោះការស្នើសុំឱ្យតុលាការកោះហៅសាក្សីឈ្មោះ ខុម ចាន់តារាទី ហៅ ស្រីមុំ និងមេធាវីដែលបានឆ្លើយដាក់បន្ទុកលើពួកគាត់មកសួរដេញដោល។ អ្នកស្រីចាត់ទុកការឃុំខ្លួនពួកគាត់រយៈពេល ១៤ខែ និងកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេល ៥ឆ្នាំនេះ ថាជាអំពើអយុត្តិធម៌ ដោយថាពួកគាត់ទាំង ៥នាក់មិនបានប្រព្រឹត្តកំហុសអ្វីឡើយ។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព មានប្រសាសន៍ថា អ្នកការពារសិទ្ធិមនុស្សទាំង ៥រូបមិនគួរត្រូវបានតុលាការប្រកាន់តាំងពីដំបូងមកម្ល៉េះ ដោយសារពួកគាត់ធ្វើការងារដើម្បីជួយការពារសិទ្ធិជនរងគ្រោះ។ អ្នកស្រីបង្ហាញក្ដីសង្ឃឹមថា តុលាការជាន់ខ្ពស់នឹងទម្លាក់បទចោទប្រកាន់លើអ្នកការពារសិទ្ធិមនុស្សទាំង ៥រូប ទោះបីកន្លងមកពាក់ព័ន្ធនឹងករណីសកម្មជនសិទ្ធិមនុស្សដែលកម្រត្រូវបានតុលាការទម្លាក់បទចោទប្រកាន់ក៏ដោយ។
លោកស្រី ចក់ សុភាព បន្តថា បើសិនជាសំណុំរឿងពួកគាត់មិនត្រូវបានតុលាការទម្លាក់បទចោទនោះ វាបានឆ្លុះបញ្ចាំងភាពអយុត្តិធម៌មួយនៅក្នុងសង្គមកម្ពុជា និងបង្ហាញពីការធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្ស។
កាលពីខែមេសា ឆ្នាំ២០១៦ អ្នកការពារសិទ្ធិមនុស្សសមាគមអាដហុកចំនួន ៤រូប គឺលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងលោកស្រី លឹម មុន្នី ព្រមទាំងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអតីតមន្ត្រីជាន់ខ្ពស់សមាគមអាដហុក លោក នី ចរិយា ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទ «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី» ក្នុងសំណុំរឿងផ្ដល់ប្រាក់ជាង ២០០ដុល្លារទៅឱ្យស្ត្រីម្នាក់ឈ្មោះ ខុម ចាន់តារាទី ហៅ ស្រីមុំ ក្នុងនាមជាជនរងគ្រោះដែលសុំជំនួយផ្លូវច្បាប់ពីសមាគមអាដហុកឱ្យជួយពេលនោះ។
ស្ត្រីឈ្មោះ ខុម ចាន់តារាទី នៅពេលនោះត្រូវបានគេចោទថាជាស្រីកំណាន់របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយ។ ពួកគេទាំង ៥នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន៕