30 C
Phnom Penh

អង្គការ​ក្រៅ​រដ្ឋាភិបាល​ចាត់ទុក​ការ​ចាប់​ខ្លួន​លោក កើត សារ៉ាយ ជា​ការ​គំរាម​យុវជន​លែង​ហ៊ាន​ចូលរួម​កិច្ចការ​សង្គម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា អះអាង​ថា ការ​ចាប់​ខ្លួន​លោក កើត សារ៉ាយ ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា គឺជា​កត្តា​មួយ​នាំ​ឱ្យ​យុវជន​លែង​ហ៊ាន​ចូលរួម​ក្នុង​កិច្ចការ​សង្គម​បន្ត​ទៀត ហើយ​ក៏​ជា​សញ្ញា​នៃ​ការ​រឹតត្បិត​លើ​សេរីភាព​បញ្ចេញមតិ និង​ជា​ការ​បំបិទ​នូវ​ការ​បញ្ចេញ​ព័ត៌មាន​ពិត​ដែល​កំពុង​កើត​មាន​ក្នុង​សង្គម។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា លើកឡើង​នៅ​ថ្ងៃទី​២៤ ឧសភា នេះ​ថា លោក កើត សារ៉ាយ ជា​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ស្រប​ច្បាប់​មួយ ដូច្នេះ​រាល់​សកម្មភាព​របស់​គាត់​ដែល​ធ្លាប់​បាន​ចូលរួម​ទប់ស្កាត់​លើ​បញ្ហា​កាប់​បំផ្លាញ​ព្រៃឈើ ការ​រំលោភ​ដីធ្លី និង​ការ​បំផ្លាញ​បរិស្ថាន ជាដើម មិនមែន​ជា​សកម្មភាព​ខុស​ច្បាប់​ទេ ប៉ុន្តែ​ជា​សកម្មភាព​ដែល​ចូលរួម​ជួយ​សហការ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ប្រយោជន៍​សង្គម​ជាតិ​ប៉ុណ្ណោះ។

លោក នី សុខា លើកឡើង​ថា ការ​ចាប់​ខ្លួន​លោក កើត សារ៉ាយ គឺជា​កត្តា​មួយ​នាំ​ឱ្យ​យុវជន​លែង​ហ៊ាន​ចូលរួម​ក្នុង​កិច្ចការ​សង្គម​បន្ត​ទៀត ហើយ​ក៏​ជា​សញ្ញា​នៃ​ការ​រឹតត្បិត​លើ​សេរីភាព​បញ្ចេញមតិ និង​ជា​ការ​បំបិទ​នូវ​ការ​បញ្ចេញ​ព័ត៌មាន​ពិត​សម្រាប់​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើត​មាន​ក្នុង​សង្គម ហើយ​ក៏​កំពុង​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​សព្វថ្ងៃ​នេះ​ដែរ។

ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​លោក កើត សារ៉ាយ គឺជា​ការ​ជះ​ឥទ្ធិពល​កាន់តែ​អាក្រក់​បន្ថែម​ទៀត​ទៅ​ដល់​រដ្ឋាភិបាល ដែល​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា រដ្ឋាភិបាល​ខ្មែរ​នៅតែ​បន្ត​សកម្មភាព​នូវ​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ និង​រឹតត្បិត​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា (CFSWF) អ្នកស្រី អ៊ូ ទេពផល្លីន បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​សង្គម​បែប​នេះ គ្មាន​ផល​ចំណេញ​អ្វី​ដល់​រដ្ឋាភិបាល​ទេ គឺ​មាន​តែ​ធ្វើ​ឱ្យ​ខូច​មុខមាត់​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ។

របាយការណ៍​ស្ដីពី​ការ​អនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក កាលពី​ពេល​ថ្មីៗ​នេះ បង្ហាញ​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា គ្មាន​ការ​ផ្លាស់ប្ដូរ​គួរ​ឱ្យ​កត់សម្គាល់​ណា​មួយ​ឡើយ ព្រោះ​ថា​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ចាត់​វិធានការ​ដាក់​ពិន័យ​លើ​មន្ត្រី​ដែល​បាន​រំលោភ​សិទ្ធិមនុស្ស​ណា​មួយ​ឡើយ។

ទោះ​ជា​បែប​នេះ​ក្តី កាលពី​ថ្ងៃទី​២៣ ឧសភា លោក ហ៊ុន ម៉ាណែត លើកឡើង​ថា រដ្ឋ​បរទេស​មួយ​ចំនួន​គួរតែ​ណែនាំ​អ្នក​ប្រព្រឹត្ត​ល្មើស​ច្បាប់​ឱ្យ​ឈប់​ធ្វើ​ខុស​ច្បាប់​បន្ត​ទៀត​ទៅ ជាជាង​មក​ហាម​រដ្ឋាភិបាល​របស់​លោក​មិន​ឱ្យ​អនុវត្ត​ច្បាប់​លើ​អ្នក​ប្រព្រឹត្ត​ល្មើស​ទាំងនោះ។

យ៉ាងណា​ក៏ដោយ ប្រទេស​លោក​សេរី​ជាច្រើន​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដំណើរការ​ពិនិត្យ​ជា​សកល​តាម​កាលកំណត់ (UNPR) របស់​អង្គការ​សហប្រជាជាតិ កាលពី​ដើម​ខែ​ឧសភា នេះ បាន​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​លើក​ស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ទេ បន្ទាប់ពី​ពួកគេ​បាន​រក​ឃើញ​ថា រដ្ឋាភិបាល​បាន​បង្ក្រាប​ទៅ​លើ​ក្រុម​ប្រឆាំង និង​សកម្មជន​សង្គម​នា​ពេល​កន្លង​មក​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស