តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ដែលត្រូវជាកូនប្រុសរបស់បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា លោកឈឺចាប់ដែលឃើញខ្មែរមួយចំនួនខ្លាំងតែជាមួយរដ្ឋាភិបាលខ្លួនឯង ប៉ុន្តែឱនក្បាលដាក់បរទេសឲ្យគេមើលងាយតាមអំពើចិត្ត។
លោក ហ៊ុន ម៉ានី បានលើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាយុវជនកម្ពុជា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ កន្លងមកថា នៅក្នុងកិច្ចប្រជុំទ្វេភាគី ឬពហុភាគីជាមួយបរទេស គឺពឹងផ្អែកតែទៅលើសមត្ថភាពតែមួយគត់ មិនមែនអាស្រ័យលើភាពខ្លាំងដែលខ្លួនធ្វើដាក់ខ្មែរគ្នាឯងនោះទេ។
លោក ហ៊ុន ម៉ានី បញ្ជាក់ថា គ្មានអ្វីធ្វើឱ្យឈឺចាប់ជាងបរទេសមើលងាយលើសមត្ថភាពខ្មែរនោះឡើយ ព្រោះថាខ្មែរមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដឹកនាំមាគ៌ាប្រទេសជាតិ ប៉ុន្តែខ្មែរខ្លះចង់ឱ្យបរទេសជួយពេក តែខ្លាចគេមិនជួយ សុខចិត្តឱនលំទោនដាក់គេ។ ប៉ុន្តែនៅពេលដែលខ្លាំងវិញ គឺខ្លាំងបានតែជាមួយរដ្ឋាភិបាលខ្លួនឯងប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលនិយាយថា ការដឹកនាំរបស់គណបក្សកាន់អំណាចដែលមានលោក ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៍ បានសុខចិត្តរណបបរទេសគ្រប់បែបយ៉ាងទៅវិញទេ ហើយមេដឹកនាំខ្មែររូបនេះបានប្រើអំពើហិង្សាលើពលរដ្ឋរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ និងបានបំផ្លាញមូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យរបស់ប្រទេសយ៉ាងហិនហោចទៀតផង។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៨ មីនា ថា ការលើកឡើងរបស់លោក ហ៊ុន ម៉ានី ពិតជាមិនខុសនោះទេ ទោះសម្ដីរបស់គាត់ចង់សំដៅទៅដល់ជនណាខ្លះ ក៏គ្មាននរណាហ៊ានដេញដោលនោះដែរ ប៉ុន្តែសម្រាប់អ្នកដឹកនាំប្រទេសដូចលោក ហ៊ុន សែន ដែលជាឪពុករបស់លោកផ្ទាល់ គឺខ្លាំងបានតែជាមួយខ្មែរគ្នាឯងប៉ុណ្ណោះ ហើយឱនក្បាលដាក់បរទេស ជារឿងពិតដែលមិនអាចប្រកែកបាន។
លោក ម៉ែន ណាត លើកឡើងថា កម្ពុជាដែលក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ដែលវៀតណាមលើកបន្តុបជាង ៤ទសវត្សរ៍មកនេះ បានឱនក្បាលជាមួយបរទេសដែលបានធ្វើកំហុសយ៉ាងធំមហិមាសម្រាប់ជាតិ ជាពិសេសជាមួយប្រទេសវៀតណាម ជាដើម ដូចជាការធ្វើផែនទីព្រំដែនថ្មីខ្នាត ១លើ ២៥ពាន់ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងបានសម្បទានព្រំដែនទឹក និងព្រំដែនគោកឲ្យទៅវៀតណាមយ៉ាងធំធេងទៀតផង។
លោកបន្តថា លោក ហ៊ុន សែន ក៏បានធ្វើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមថ្មីៗឆ្នាំ២០០៥ និងឆ្នាំ២០១៩ ដោយផ្អែកលើសន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ១៩៨៥។ លើសពីនេះ មេដឹកនាំខ្មែររូបនេះបានបោះបង្គោលព្រំដែនថ្មីឡើងវិញជាមួយវៀតណាម ដោយបំភ្លេចចោលបង្គោលព្រំដែនពីសម័យបារាំង ១២៤បង្គោល ដែលជាការធ្វើសម្បទានទឹកដីព្រំដែនគោកឲ្យទៅវៀតណាមបន្ថែមទៀត។
លោក ម៉ែន ណាត បញ្ជាក់ថា ក្រៅពីធ្វើកិច្ចព្រមព្រៀងខុសច្បាប់សម្បទានទឹកដីឱ្យបរទេស លោក ហ៊ុន សែន ក៏បានចូលរួមជាមួយផែនការវៀតណាមដាក់ខេត្តខ្មែរចំនួន៤ ទៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នៅភូមិភាគឥសានផងដែរ ដែលជាហានិភ័យយ៉ាងខ្លាំងសម្រាប់អនាគតជាតិខ្មែរទៅថ្ងៃមុខ។
លោកបន្តថា មេដឹកនាំខ្មែររូបនេះបានធ្វើកិច្ចព្រមព្រៀងព្រំដែនទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ ដោយទទួលស្គាល់កោះត្រល់ និងចង្កោមកោះក្រចកសេះជារបស់វៀតណាម ដែលជាការធ្វើសម្បទានដែនសមុទ្រឲ្យទៅវៀតណាមថែមទៀត ព្រមទាំងចេញសារាចរណែនាំឆ្នាំ១៩៨៦ និងសន្ធិសញ្ញាមិត្តភាពឆ្នាំ១៩៧៩ ដែលអនុញ្ញាតឲ្យនិគមជនវៀតណាមខុសច្បាប់មករស់នៅកម្ពុជារហូតមកទល់សព្វថ្ងៃនេះ។
ទាក់ទិននឹងបញ្ហានេះ កាលពីខែសីហា ឆ្នាំ២០២០ លោក ហ៊ុន សែន បានព្រមានចាប់ខ្លួនអ្នកតវ៉ារឿងព្រំដែនកម្ពុជា-វៀតណាមដោយគ្មានករណីលើកលែង ហើយការព្រមាននេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរកម្ពុជាចាប់ខ្លួនអ្នកតវ៉ារឿងព្រំដែនជាច្រើននាក់រួចមកហើយ ក្នុងនោះមានប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន និងសកម្មជនសង្គមដទៃទៀតផងដែរ៕