38 C
Phnom Penh

គ្រួសារ​ជន​រងគ្រោះ​ពី​ការ​គប់​គ្រាប់បែក​កាល​២៥​ឆ្នាំ​មុន​ទទូច​ឱ្យ​សមត្ថកិច្ច​ស្វែងរក​ជន​ដៃដល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រួសារ​ជន​រងគ្រោះ​នៃ​ការ​គប់​គ្រាប់បែក​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​១៩៩៧ ទទូច​ទៅ​សមត្ថកិច្ច​ឲ្យ​ស្វែងរក​ជន​ដៃ​ដល់​ដែល​សម្លាប់​សាច់ញាតិ​របស់​ខ្លួន​មក​ដាក់​ទោស ព្រោះ​រយៈពេល ២៥​ឆ្នាំ​ហើយ សមត្ថកិច្ច​មិន​ទាន់​ចាប់​ខ្លួន​ជន​ដៃ​ដល់​ណា​ម្នាក់​ឡើយ។

ការ​អះអាង​របស់​គ្រួសារ​ជន​រងគ្រោះ ធ្វើឡើង​អំឡុង​ពេល​គណបក្ស​ភ្លើង​ទៀន រៀបចំ​ពិធី​បង្សុកូល​រាប់បាត្រ​ប្រគេន​ព្រះសង្ឃ នៅ​ថ្ងៃ​ពុធ ទី​៣០ មីនា ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​វីរ​បាតុករ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​សោកនាដកម្ម​វាយប្រហារ​ដោយ​គ្រាប់បែក​ដៃ​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​រាជធានី​ភ្នំពេញ កាល​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧។

កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ក្រុម​ឧក្រិដ្ឋជន​គប់​គ្រាប់បែក​ដៃ​ចំនួន ៤​គ្រាប់​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​រាជធានី​ភ្នំពេញ ទៅ​លើ​ក្រុម​បាតុករ​ដែល​កំពុង​ធ្វើ​បាតុកម្ម​អហិង្សា បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ១៦​នាក់ និង​រង​របួស​ជិត ៥០​នាក់ ប៉ុន្តែ​ចាប់តាំង​ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០២២ អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិនទាន់​វែកមុខ​រក​ឃើញ​ឃាតក​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​នៅឡើយ​ទេ។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា សមត្ថកិច្ច​កម្ពុជា​បាន​សហការ​ជាមួយ​សមត្ថកិច្ច FBI ដើម្បី​ស៊ើប​អង្កេត និង​ស្វែងរក​ជន​ដៃដល់​ដែល​បាន​គប់​គ្រាប់បែក​ទៅ​លើ​ក្រុម​បាតុករ ដែល​ធ្វើ​បាតុកម្ម​ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧។ លោក​បន្ត​ថា អំឡុង​ពេល​ស៊ើប​អង្កេត​នោះ សមត្ថកិច្ច​បាន​សួរ​សាក្សី និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ដោយ​រក​ឃើញ​ជន​ដៃដល់​ម្នាក់​ដែល​លោក​ថា​ជា​អ្នក​គប់​គ្រាប់បែក​ផ្ទាល់​ចូល​ទៅ​ក្នុង​ព្រឹត្តិការណ៍​កាលពី ២៥​ឆ្នាំ​មុន។

លោក​បញ្ជាក់​ថា សមត្ថកិច្ច​បាន​តាម​ចាប់​ខ្លួន ប៉ុន្តែ​ជន​ដៃដល់​រូប​នោះ​បាន​រត់​គេច​ខ្លួន ហើយ​ទៅ​ចូល​ជាមួយ​គណបក្ស​នយោបាយ​មួយ​ដែល​លោក​សុំ​មិន​បញ្ចេញ​ឈ្មោះ តែ​ក្រោយ​មក លោក​ថា​ជន​ដៃដល់​រូប​នោះ​ក៏​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​តែម្តង។

លោក ខៀវ សុភ័គ បន្ត​ថា ទោះបីជា​ជន​ដៃដល់​ឈ្មោះ ប្រេស៊ីល ដែល​អះអាង​ថា​ស្លាប់​បាត់​ទៅ​ហើយ​ក៏ដោយ ប៉ុន្តែ​លោក​ថា​សំណុំរឿង​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​មិនទាន់​បាន​ប្រកាស​បិទ​បញ្ចប់​នៅឡើយ​ទេ។

ជុំវិញ​រឿង​នេះ កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ជំរុញ​ជា​ថ្មី​ទៀត​ទៅ​តុលាការ​បារាំង ឱ្យ​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ​អាំងទែរប៉ូល ចេញ​សំណើ​ឱ្យ​ចាប់​ខ្លួន​មេ​អង្គរក្ស​ដ៏​មាន​ឥទ្ធិពល​ពីរ​រូប​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​នោះ​មាន​លោក ហ៊ុយ ពិសិដ្ឋ និង​លោ ហ៊ីង ប៊ុនហៀង ដែល​ពួកគេ​ជា​អ្នក​ជាប់​ពាក់ព័ន្ធ​រឿង​ក្តី​គប់​គ្រាប់បែក​ដៃ​ចូល​ក្រុម​បាតុករ​ដែល​មាន​លោក សម រង្ស៊ី ជា​អ្នក​ដឹកនាំ​កាលពី ២៥​ឆ្នាំ​មុន។

ការ​ជំរុញ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ចៅក្រម លោក សាប៊ីន ឃើរីស (Sabine Kheris) ជា​អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​តុលាការ​ប្រទេស​បារាំង បាន​ចេញ​ដីកា​កោះហៅ​លោក ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១ កន្លងទៅ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស