អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសដើម្បីគេចពីដីកាចាប់ខ្លួនរបស់តុលាការក្រុងភ្នំពេញ រំឭកថា តុលាការប្រទេសបារាំងត្រៀមខ្លួនចាប់បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន នៅពេលអស់អំណាច និងបានចេញដីកាតាមចាប់ខ្លួនមេអង្គរក្សរបស់បុរសខ្លាំងកម្ពុជាពីររូប គឺលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ករណីគប់គ្រាប់បែកសម្លាប់មនុស្សកាលពីឆ្នាំ១៩៩៧។
លោក សម រង្ស៊ី បានសរសេរលើ Facebook របស់លោកនៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ថា កាលពីជាង ២០ឆ្នាំមុន លោកនិងភរិយាបានដាក់ពាក្យបណ្តឹងមួយនៅតុលាការក្នុងក្រុងប៉ារីស ប្រទេសបារាំង ដោយសារតែអ្នកទាំងពីរមានសញ្ជាតិបារាំងក្នុងហេតុការណ៍គប់គ្រាប់បែកប៉ុនប៉ងសម្លាប់លោកនិងភរិយា គឺអ្នកស្រី ជូឡុង សូមួរ៉ា លោក ជា វិជ្ជា និងមនុស្សប្រមាណ ១០០នាក់ផ្សេងទៀត។
លោកសរសេរទៀតថា សេចក្តីសង្ឃឹមកើតចេញពីទីក្រុងប៉ារីស សម្រាប់ជនរងគ្រោះដោយអំពើហិង្សានយោបាយនៅកម្ពុជា កាលពីជាង ២០ឆ្នាំមុន។
លោក សម រង្ស៊ី អះអាងថា ជាលទ្ធផលកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ តុលាការទីក្រុងប៉ារីស បានសម្រេចចោទប្រកាន់លើមេបញ្ជាការកងអង្គរក្សលោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង និងអតីតមេបញ្ជាការរងកងអង្គរក្ស លោក ហ៊ុយ ពិសិដ្ឋ និងសព្វថ្ងៃជានាយករងខុទ្ទកាល័យលោក ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលបន្ទុកប្រចាំការអចិន្ត្រៃយ៍នៅបញ្ជាការដ្ឋានអង្គរក្ស ពីបទ «សមគំនិតប៉ុនប៉ងសម្លាប់មនុស្ស» ដែលជាអ្នកទទួលខុសត្រូវធំជាងគេក្នុងអង្គភាពអង្គរក្សលោក ហ៊ុន សែន។
លោកបន្តថា តុលាការក៏បានសម្រេចយកបុគ្គលពីរនាក់នេះទៅកាត់ទោសនៅចំពោះមុខតុលាការព្រហ្មទណ្ឌដែលផ្ដន្ទាទោសឧក្រិដ្ឋជន (Cour d’Assises)។
លោក សម រង្ស៊ី បានលើកឡើងទៀតថា បើតាមលោកយល់ តុលាការបារាំងមិនទាន់អាចចេញដីកាឲ្យចាប់ខ្លួនលោក ហ៊ុន សែន បាននៅឡើយទេនៅពេលនេះ ពីព្រោះលោក ហ៊ុន សែន មានអភ័យឯកសិទ្ធិការទូត (immunité diplomatique) ដោយសារតែគាត់មានតំណែងជានាយករដ្ឋមន្ត្រី។ តាមច្បាប់អន្តរជាតិ តុលាការមិនអាចបញ្ជាឲ្យចាប់បុគ្គលណាដែលមានតំណែងជាប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលបានទេ ដោយសារតែអភ័យឯកសិទ្ធិការទូតនេះ។
លោកឲ្យដឹងទៀតថា តុលាការបារាំងបានបើកការស៊ើបអង្កេតដោយមានការចូលរួមពីនគរបាលសហរដ្ឋអាមេរិក (FBI) អង្គការសហប្រជាជាតិ គណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក ព្រមទាំងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ដោយបានសន្និដ្ឋានជាឯកច្ឆន្ទថា អង្គរក្សលោក ហ៊ុន សែន ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់បែកដែលសំដៅមកលោក សម រង្ស៊ី។
លោកថា សេចក្តីសម្រេចរបស់តុលាការបារាំងនេះ ផ្តល់សេចក្តីសង្ឃឹមឲ្យជនរងគ្រោះទាំងអស់ដោយហិង្សានយោបាយនៅកម្ពុជា។ ជនរងគ្រោះទាំងនោះជឿជាក់កាន់តែច្បាស់ថា ក្នុងលោកនេះនៅតែមានប្រព័ន្ធតុលាការឯករាជ្យមួយ ដែលនឹងបញ្ចប់និទ្ទណ្ឌភាពនៅកម្ពុជា ពីព្រោះប្រជារាស្ត្រខ្មែរបានឈឺចាប់ពីនិទ្ទណ្ឌភាពនេះតាំងពីសម័យខ្មែរក្រហម។
ទោះយ៉ាងណា សារព័ត៌មាន The Cambodia Daily មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត បានទេនៅមុនម៉ោងចេញផ្សាយនេះ។
ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ប្រាប់ The Cambodia Daily ថា ការសម្រេចណាមួយដោយតុលាការបារាំង គឺជាឆន្ទានុសិទ្ធិរបស់តុលាការប្រទេសនោះ ប៉ុន្តែការទទួលស្គាល់ ឬមិនទទួលស្គាល់ គឺជាសិទ្ធិរបស់លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ។
លោក ឈឹម ផលវរុណ ថ្លែងទៀតថា ករណីនេះទុកឲ្យតុលាការសាមីខ្លួននីមួយៗពិចារណា ហើយសាមីខ្លួនគាត់ប្រើឆន្ទៈផ្លូវច្បាប់យ៉ាងណានោះ គឺជារឿងរបស់សាមីខ្លួន។

លោក ហ៊ីង ប៊ុនហៀង ធ្លាប់សារភាពកាលពីឆ្នាំ២០១៨ ថា លោកធ្វើអ្វីគ្រប់យ៉ាងតាមបញ្ជាលោក ហ៊ុន សែន។ សារជាសំឡេងបានលើកឡើងថា បញ្ហាទី១ កម្លាំងអង្គរក្សនេះជាកម្លាំងការពារសន្តិសុខជូនថ្នាក់ដឹកនាំ។ បញ្ហាទី២ កងយោធពលខេមរភូមិន្ទត្រៀមការពារភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសការពារសន្តិសុខជូនពលរដ្ឋតែម្ដង ហើយអ្វីដែលផ្ទុយពីបទបញ្ជា និងសៀវភៅកងការពារជាតិ លោកមិនដែលបានបញ្ជាកម្លាំងអង្គរក្សរបស់លោកទៅធ្វើអ្វីផ្ទុយពីបទបញ្ជា ឬអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោក ហ៊ុន សែន នោះទេ។
យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់អាមេរិក (FBI) បញ្ជាក់ថា លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ជាអ្នករៀបចំ និងបញ្ជាផ្ទាល់ក្នុងការគប់គ្រាប់បែកនោះ។ កាលពីឆ្នាំ២០១៨ រតនាគារអាមេរិកបានសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងមិនឲ្យលោក ហ៊ីង ប៊ុនហៀង ជាន់ទឹកដីសហរដ្ឋអាមេរិក ព្រោះលោកជាប់ពាក់ព័ន្ធនឹងអំពើហិង្សានៃការបោកគ្រាប់បែកលើក្រុមអ្នកតវ៉ាអហិង្សាកាលពីឆ្នាំ១៩៩៧ និងអំពើរំលោភសិទ្ធិមនុស្សផ្សេងៗជាច្រើនរាប់មិនអស់ទៀត៕