38 C
Phnom Penh

កម្ពុជា​បោះឆ្នោត​អនុប្បវាទ​ក្នុង​ការ​ព្យួរ​រុស្ស៊ី​ពី​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស សម្ដែង​ការ​សោកស្តាយ​បន្ទាប់ពី​កម្ពុជា​សម្រេច​ចិត្ត​បោះឆ្នោត​អនុប្បវាទ​ក្នុង​ការ​ព្យួរ​ប្រទេស​រុស្ស៊ី​ជា​ផ្លូវការ​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ពីព្រោះ​រុស្ស៊ី​បាន​សម្លាប់​ជនស៊ីវិល​អ៊ុយក្រែន​រាប់​មិន​អស់​ក្នុង​អំឡុង​សង្គ្រាម​ឈ្លានពាន​ជាង​មួយ​ខែ​មក​នេះ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៨ មេសា ថា ពិត​មែន​តែ​កម្ពុជា​មាន​សិទ្ធិ​សម្រេច​ក្នុង​ការ​បោះឆ្នោត ប៉ុន្តែ​លទ្ធផល​ដែល​កម្ពុជា​បោះឆ្នោត​អនុប្បវាទ​នេះ ធ្វើ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​មាន​ការ​ខកចិត្ត​យ៉ាង​ខ្លាំង បន្ទាប់ពី​រុស្ស៊ី​បាន​សម្លាប់​ជនស៊ីវិល​អ៊ុយក្រែន​រាប់​មិន​អស់​ក្នុង​អំឡុង​សង្គ្រាម​ឈ្លានពាន​ជាង​មួយ​ខែ​មក​នេះ។

លោក ស៊ឹង សែនករុណា អះអាង​ថា ជំហរ​កម្ពុជា​បែប​នេះ​ក៏​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ផង​ដែរ​នូវ​ការ​អនុវត្ត​សិទ្ធិមនុស្ស​កន្លងមក ដែល​តែងតែ​មាន​ការ​ចោទប្រកាន់​ថា​ជា​ប្រទេស​ដែល​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ បើ​ទោះបីជា​កម្ពុជា​បាន​បដិសេធ​នូវ​ការ​ចោទប្រកាន់​នេះ​រហូត​មក​ក៏ដោយ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​បាន​បោះឆ្នោត​អនុប្បវាទ​ក្នុង​ការ​ព្យួរ​ប្រទេស​រុស្ស៊ី​ពី​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ចុង​សប្តាហ៍​នេះ។

កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២២ មហាសន្និបាត​អង្គការ​សហប្រជាជាតិ (UNGA) បាន​សម្រេច​បោះឆ្នោត​ព្យួរ​ប្រទេស​រុស្ស៊ី​ពី​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ បន្ទាប់ពី​មាន​ការ​ចោទប្រកាន់​ថា កងទ័ព​រុស្ស៊ី​បាន​សម្លាប់​ជនស៊ីវិល​ក្នុង​ពេល​កំពុង​ដកថយ​ចេញពី​រដ្ឋធានី​នានា​ក្នុង​ប្រទេស​អ៊ុយក្រែន ក្នុង​សង្គ្រាម​ឈ្លានពាន​របស់​ពួកគេ។

ការ​បោះឆ្នោត​ដក​ប្រទេស​រុស្ស៊ី​ចេញពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នេះ គឺ​មាន​សំឡេង​ពីរ​ភាគ​បី​ដែល​គាំទ្រ​ឲ្យ​ដក​រុស្ស៊ី ក្នុង​ចំណោម​សមាជិក​បោះឆ្នោត​ចំនួន ២៩៣​នាក់ ក្នុង​នោះ​សំឡេង​គាំទ្រ​ឱ្យ​ដក​រុស្ស៊ី​មាន​ចំនួន ៩៣​សំឡេង ដូចជា​សហរដ្ឋ​អាមេរិក ជាដើម ចំណែក​សំឡេង​ប្រឆាំង​មាន​ចំនួន ២៤​សំឡេង​ក្នុង​នោះ​ក៏​មាន​ប្រទេស​ចិន ផង​ដែរ ខណៈ​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន ៥៨ ដែល​បាន​បោះឆ្នោត​អនុប្បវាទ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២២ បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ប្រកាន់​ជំហរ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី ទៅ​លើ​ប្រទេស​អ៊ុយក្រែន ថា​សកម្មភាព​ឈ្លានពាន​របស់​រុស្ស៊ី គឺ​កម្ពុជា​មិន​អាច​ទទួល​យក​បាន​នោះ​ទេ ហើយ​កម្ពុជា​ក៏​មិន​អាច​អព្យាក្រឹត​បាន​ដែរ។

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ថា ឯកអគ្គរដ្ឋទូត​រង​របស់​រុស្ស៊ី​ប្រចាំ​អង្គការ​សហប្រជាជាតិ លោក Gennady Kuzmin បាន​ព្រមាន​ដល់​ប្រទេស​នានា​ថា រាល់​ការ​បោះឆ្នោត​គាំទ្រ ឬ​អនុប្បវាទ ថា​នឹង​ត្រូវ​បាន​ចាត់ទុក​ជា​កាយវិការ​មួយ​ដែល​បង្ហាញ​ពី​ការ​មិន​រាប់​អាន​ខ្លួន ហើយ​អាច​នឹង​បង្ក​ជា​ផលវិបាក​សម្រាប់​ទំនាក់ទំនង​ទ្វេភាគី​ផង​ដែរ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៨ មេសា ថា ការ​សម្រេច​ចិត្ត​បោះឆ្នោត​អនុប្បវាទ​របស់​កម្ពុជា​នេះ គឺជា​ការ​លំបាក​មួយ​សម្រាប់​កម្ពុជា។ លោក​បន្ត​ថា ការ​បោះឆ្នោត​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ប៉ូល​នយោបាយ​អន្តរជាតិ​ផង​ដែរ ចំពោះ​ប្រទេស​ដែល​នៅតែ​បន្ត​ការ​គាំទ្រ​ប្រទេស​កុម្មុយនីស្ត និង​ប្រទេស​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ។ ដោយឡែក​ប្រទេស​ទន់ខ្សោយ​ដែល​មាន​ផលប្រយោជន៍​ទាំងសងខាង គឺ​ស្ថិត​ក្នុង​ការ​ពិបាក​សម្រេច​ចិត្ត​យ៉ាង​ខ្លាំង​លើ​បញ្ហា​នេះ។

ចំណែក​អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះ​ដែរ​ថា ជំហរ​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺជា​ការ​មិន​ឲ្យ​តម្លៃ​លើ​ការ​ប្រឆាំង​នឹង​អំពើ​ឧក្រិដ្ឋកម្ម​រំលោភ​សិទ្ធិមនុស្ស​នោះ​ទេ ហើយ​ក៏​ជា​ជំហរ​បញ្ច្រាស​ចរន្ត​ពិភពលោក​ថែម​ទៀត នៅ​ពេល​ដែល​ពិភពលោក​មិន​អាច​ទ្រាំ​ឱបដៃ​ឈរ​មើល​កងទ័ព​រុស្ស៊ី សម្លាប់​យ៉ាង​រង្គាល​លើ​ពលរដ្ឋ​អ៊ុយក្រែន​ស្លូតត្រង់​នៅពេល​នេះ។

លោក គឹម សុខ លើកឡើង​ថា រឿង​នេះ​មិន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​វាសនា​ល្អ​នោះ​ទេ ពីព្រោះ​បើ​លោក ពូទីន នៅតែ​បន្ត​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន​យូរ​ទៀត ពិភពលោក​អាច​នឹង​នាំគ្នា​ពិចារណា​ឡើងវិញ​អំពី​កំណែ​ទម្រង់​អង្គការ​សហប្រជាជាតិ ដូចជា​ការ​ជំរុញ​ឲ្យ​ដក​រុស្ស៊ី​ចេញពី​សមាជិកភាព​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អចិន្ត្រៃយ៍​នៃ​អង្គការ​សហប្រជាជាតិ​ទៀត​ផង។

លោក គឹម សុខ បញ្ជាក់​ថា ទៅ​ថ្ងៃ​មុខ អង្គការ​សហប្រជាជាតិ​ក៏​អាច​នឹង​មាន​ចរន្ត​គិតគូរ​ទៅ​ដល់​ការ​បង្កើត​កម្លាំង​សន្តិសុខ​អចិន្ត្រៃយ៍ ដើម្បី​អាច​ធ្វើ​អន្តរាគមន៍​ដោយ​ផ្ទាល់​ក្នុង​ស្ថានភាព​បន្ទាន់ ដើម្បី​ទប់ស្កាត់​អំពើ​ឈ្លានពាន និង​រដ្ឋប្រហារ​យោធា​នៅ​លើ​ពិភពលោក ដូច្នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន នឹង​កាន់តែ​អស់​កិត្តិយស​ពី​ចរន្ត​សកល​នេះ​ជាមិនខាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស