29 C
Phnom Penh

ស្ថាបនិក​បក្ស​បេះដូង​ជាតិ​ភៀស​ខ្លួន​ទៅ​កន្លែង​សុវត្ថិភាព​ក្រោយ​តុលាការ​បង្គាប់​ឱ្យ​នាំ​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក កំពុង​ភៀស​ខ្លួន​នៅ​កន្លែង​សុវត្ថិភាព​បណ្ដោះអាសន្ន ក្រោយ​តុលាការ​ចេញ​ដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​មក​បំភ្លឺ​ក្នុង​សំណុំរឿង​បទល្មើស​ក្លែង​បន្លំ​ឯកសារ។

មេធាវី​ការពារ​ក្តី​ឱ្យ​លោក សៀម ភ្លុក គឺ​លោក សំ សុគង់ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​នឹង​ចេញ​មុខ​បំភ្លឺ​នៅ​តុលាការ​ដើម្បី​បង្ហាញ​ភាព​ស្អាតស្អំ​របស់​កូនក្ដី បន្ទាប់ពី​មាន​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​អស់​សុពលភាព​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា។ លោក​បន្ត​ថា លោក សៀម ភ្លុក គ្មាន​បំណង​ក្លែង​បន្លំ​ឯកសារ​ណា​មួយ​ដើម្បី​បង្កើត​គណបក្ស​បេះដូង​ជាតិ ដូច​ការ​ចោទប្រកាន់​របស់​ក្រសួង​មហាផ្ទៃ​នោះ​ទេ។

លោក សំ សុគង់ ចាត់ទុក​ការ​បង្គាប់​របស់​តុលាការ​ដែល​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​លោក សៀម ភ្លុក ថា​ជា​រឿង​នយោបាយ ជាជាង​ដំណើរការ​តាម​នីតិវិធី​ច្បាប់ ស្របពេល​លោក សៀម ភ្លុក បាន​បង្ហាញ​ការ​គាំទ្រ និង​សមាជិក​របស់​ខ្លួន​ទៅ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​វិញ បន្ទាប់ពី​ក្រសួង​មហាផ្ទៃ​មិន​ចុះបញ្ជី​ឱ្យ​គណបក្ស​បេះដូង​ជាតិ​នោះ។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន លោក សៀម ភ្លុក កំពុងតែ​ភៀស​ខ្លួន​ទៅកាន់​ទីកន្លែង​មាន​សុវត្ថិភាព​មួយ​រយៈ ក្រោយ​តុលាការ​បាន​បង្គាប់​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​គាត់ ហើយ​គាត់​នឹង​ចូល​បំភ្លឺ​ដើម្បី​ដោះ​បន្ទុក​ទៅ​តាម​ផ្លូវច្បាប់។

កន្លងមក លោក សៀម ភ្លុក ធ្លាប់​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ការ​បង្គាប់​សមត្ថកិច្ច​ឲ្យ​នាំ​ខ្លួន​លោក គឺជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ ហើយ​លោក​មិន​រត់​គេច​ខ្លួន​ឡើយ។ លោក​ថា លោក​នឹង​ពិភាក្សា​ជាមួយ​មេធាវី​របស់​លោក ថា​តើ​គួរ​ចូល​ខ្លួន​មុន​ថ្ងៃ​កំណត់ ឬ​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ។ លោក​ធ្លាប់​អះអាង​ថា លោក​នឹង​មិន​រត់​គេច​ខ្លួន​ជាដាច់ខាត។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​ភៀស​ខ្លួន​របស់​លោក សៀម ភ្លុក គឺជា​ការ​បង្ហាញ​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន​ដែល​បាន​ធ្វើ​ពិតប្រាកដ​មែន។

កាលពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២២ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លិ សុខា បាន​បង្គាប់​ឱ្យ​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ឱ្យ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​២៥ ខែ​មេសា ពាក់ព័ន្ធ​នឹង​បទ​ចោទ «ក្លែង​បន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង» ក្នុង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ។

កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២២ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​កោះហៅ​ឱ្យ​លោក សៀម ភ្លុក ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ម្ដង​រួច​មក​ហើយ​ពាក់ព័ន្ធ​នឹង​រឿង​ក្លែង​បន្លំ​ស្នាម​មេដៃ​សមាជិក ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២២ ខែ​មីនា នោះ លោក សៀម ភ្លុក មិន​បាន​ចូល​បំភ្លឺ​ដោយសារ​មិន​បាន​ទទួល​ដីកា​តុលាការ។

គណបក្ស​បេះដូង​ជាតិ ដែល​គេ​សង្ស័យ​ថា​លោក សម រង្ស៊ី ស្ថិតនៅ​ពីក្រោយ​នៃ​ការ​បង្កើត​គណបក្ស​ថ្មីថ្មោង​មួយ​នេះ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ចោទប្រកាន់​ថា​បាន «ក្លែង​ស្នាម​មេដៃ និង​មាន​ចេតនា​ទុច្ចរិត»។

កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ក្រសួង​មហាផ្ទៃ​បាន​បដិសេធ​ចំពោះ​ការ​ស្នើសុំ​ចុះឈ្មោះ​ក្នុង​បញ្ជី​បង្កើត​គណបក្ស​នយោបាយ​របស់​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ហើយ​ក្រោយ​មក តុលាការ​កំពូល​សម្រេច​ច្រានចោល​បណ្ដឹង​របស់​លោក សៀម ភ្លុក នៅ​ចុង​ឆ្នាំ​២០២១ ដោយ​បិទ​ផ្លូវ​តវ៉ា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស