36 C
Phnom Penh

តុលាការ​លើក​ពេល​សវនាការ​សំណុំរឿង​ក្លែង​បន្លំ​និង​ប្រើប្រាស់​លិខិត​ក្លែង​របស់​លោក សៀម ភ្លុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​លើក​ពេល​សវនាការ​សំណុំរឿង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក និង​ជន​ជាប់ចោទ ១២​នាក់​ទៅ​ថ្ងៃ​ក្រោយ​វិញ បន្ទាប់ពី​មាន​សំណើ​ពី​លោក សៀម ភ្លុក និង​មេធាវី។

នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២២ វិច្ឆិកា នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​គ្រោង​នឹង​បើក​សវនាការ​សំណុំរឿង «ក្លែង​បន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង» ដែល​មាន​ជន​ជាប់ចោទ​ចំនួន ១៣​នាក់ ក្នុង​នោះ​មាន​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ផង​ដែរ ប៉ុន្តែ​សវនាការ​នេះ​ត្រូវ​បាន​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ ដោយ​អវត្តមាន​លោក សំ សុគង់ និង​លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​ឲ្យ​លោក សៀម ភ្លុក ខណៈ​ជន​ជាប់ចោទ​ក្នុង​សំណុំរឿង​នេះ​ដែល​មាន​ចំនួន ១៣​នាក់ គឺ​មាន​វត្តមាន​តែ ៣​នាក់​ប៉ុណ្ណោះ ចំណែក​ជន​ជាប់ចោទ ១០​នាក់​ទៀត​អវត្តមាន។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឃុន សូណា បាន​លើកឡើង​ថា តុលាការ​សម្រេច​លើក​ពេល​តាម​សំណើ​លោក កែត ឃី ដែល​មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី ៣​រូប ការពារ​ក្ដី​ក្នុង​សំណុំរឿង «ក្លែង​បន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង» ខណៈ​លោក សៀម ភ្លុក ក៏​ស្នើ​ឲ្យ​លើក​ពេល​ដែរ ដោយសារ​លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​លោក​អវត្តមាន។

សំណុំរឿង «ក្លែង​បន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង» នេះ​មាន​ជន​ជាប់ចោទ ១៣​នាក់ ក្នុង​នោះ​ជន​ជាប់ចោទ​ម្នាក់ គឺ​លោក សៀម ភ្លុក ជាប់​ពន្ធនាគារ​ព្រៃស ខណៈ​ជន​ជាប់ចោទ ១២​នាក់​ទៀត​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ចំណែក​សាក្សី​ក្នុង​សំណុំរឿង​នេះ បើ​តាម​ក្រឡាបញ្ជី​អាន​ឈ្មោះ​មាន​ចំនួន ៣០​នាក់។

លោក សៀម ភ្លុក ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ «ក្លែង​បន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង» កាលពី​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២២ និង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ភ្លាមៗ​នៅ​ថ្ងៃ​ដដែល​នោះ។

លោក សៀម ភ្លុក ត្រូវ​បាន​ក្រសួង​មហាផ្ទៃ រក​ឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ស្នាម​មេដៃ ដើម្បី​បង្កើត​គណបក្ស​បេះដូង​ជាតិ កាលពី​ខែ​មិថុនា ឆ្នាំ​២០២១។ នេះ​បើ​តាម​របាយការណ៍​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ផ្ញើ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស