29 C
Phnom Penh

តុលាការ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​លោក ថាច់ សេដ្ឋា នៅ​ថ្ងៃទី​២១ ខែ​កញ្ញា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ពាក់ព័ន្ធ​នឹង​ករណី​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ឬ​ចេញ​សែក​អត់​ប្រាក់​នៅ​ថ្ងៃទី​២១ ខែ​កញ្ញា ខាងមុខ​នេះ។

ការ​សម្រេច​នេះ ធ្វើឡើង​បន្ទាប់ពី​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​អ្នកស្រី ឈុន ដារី បាន​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា នា​ព្រឹក​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ថាច់ សេដ្ឋា ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់ពី​បញ្ចប់​សវនាការ​សួរ​ដេញដោល​នា​ព្រឹក​ថ្ងៃ​នោះ​ថា តុលាការ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​កូនក្ដី​របស់​លោក​នៅ​ថ្ងៃទី​២១ ខែ​កញ្ញា ខាងមុខ។

ភរិយា​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា គឺ​លោកស្រី ថាច់ សុខបូរ៉ានី ទទូច​ឲ្យ​តុលាការ​ដោះលែង​ស្វាមី​របស់​ខ្លួន ដើម្បី​អាច​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​បេះដូង និង​ជំងឺ​ប្រចាំ​កាយ​ផ្សេង​ទៀត ដោយ​ថា​ រយៈពេល​ប្រមាណ ៨​ខែ​មក​នេះ សុខភាព​របស់​ស្វាមី​អ្នកស្រី​កាន់តែ​ទ្រុឌទ្រោម។

លោកស្រី​ចាត់ទុក​ការ​ចោទប្រកាន់​របស់​តុលាការ​លើ​ស្វាមី​គាត់ ថា​ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់ ដោយសារ​កន្លងមក គ្រួសារ​របស់​លោកស្រី​សុំ​ដាក់​ប្រាក់​តម្កល់​ចំនួន ៣​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​បាន​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​តុលាការ​នៅ​មិន​អនុញ្ញាត​ទេ។

អំឡុង​ពេល​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ថាច់ សេដ្ឋា គឺ​លោក សំ សុគង់ ធ្លាប់​អះអាង​ថា កូនក្ដី​របស់​លោក​បាន​សុំ​ដាក់​ប្រាក់​តម្កល់​ចំនួន ៣​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​បាន​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​ចៅក្រម​ស៊ើបសួរ​មិន​បាន​អនុញ្ញាត​ទេ។

ក្រៅពី​សំណុំរឿង​ចេញ​សែក​អត់​សាច់ប្រាក់​នោះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​ចោទប្រកាន់​លោក ថាច់ សេដ្ឋា ក្នុង​ករណី​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​ពី​បទ «ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង​បទ «ញុះញង់​ឲ្យ​មាន​ការ​រើសអើង» ពាក់ព័ន្ធ​នឹង​ការ​និយាយ​អំពី​នយោបាយ និង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​ជាមួយ​ពលករ​នៅ​ប្រទេស​កូរ៉េខាងត្បូង កាលពី​ដើម​ឆ្នាំ​២០២៣។

ការ​ចោទប្រកាន់​នេះ ធ្វើឡើង​ក្រោម​ហេតុផល​ថា លោក ថាច់ សេដ្ឋា បាន​និយាយ​អំពី​ប្រវត្តិសាស្ត្រ​ថ្ងៃ​៧ ខែ​មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ «វៀតណាម​ឈ្លានពាន» ការ​សង់​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម ធ្វើ​ឲ្យ «បែកបាក់​ជាតិ» និង​និយាយ​អំពី​ប្រវត្តិ​នៃ​ការ​កកើត​គណបក្ស​ប្រជាជន​កម្ពុជា។

ចំពោះ​ការ​ចាប់​ខ្លួន​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា កាលពី​ខែ​មករា ឆ្នាំ​២០២៣ ធ្វើ​ឡើង​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន រិនឆាយ ផនសប ដែល​បាន​ប្ដឹង​លោក​បន្ទាប់ពី​លោក ថាច់ សេដ្ឋា បាន​ខ្ចី​ប្រាក់​ពី​ក្រុមហ៊ុន​មួយ​នេះ​ចំនួន ២​ម៉ឺន​ដុល្លារ​កាលពី​អំឡុង​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១២ ប៉ុន្តែ​បើ​តាម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ថាច់ សេដ្ឋា អះអាង​ថា ប្រាក់​ដែល​កូនក្ដី​របស់​លោក​ជំពាក់​ក្រុមហ៊ុន រិនឆាយ នៅតែ ៥​ពាន់​ដុល្លារ​ទៀត​តែប៉ុណ្ណោះ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម ក្រុមហ៊ុន រិនឆាយ ផនសប នេះ​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​ផ្លូវការ​នៅ​ក្នុង​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ខែ​តុលា ឆ្នាំ​២០១៥។ ម្ចាស់​ក្រុមហ៊ុន លោក ហៃ វ៉ាន់រិន ត្រូវ​គេ​ដឹង​ថា​ជា​មនុស្ស​ដែល​ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។

ក្រៅពី​កាន់កាប់​ក្រុមហ៊ុន រិនឆាយ ផនសប ហើយ លោក ហៃ វ៉ាន់រិន ក៏​ជា​ម្ចាស់​ក្រុមហ៊ុន Dynith Commercial ដែល​មាន​ទីតាំង​នៅ​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​ថែម​ទៀត។ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០១៤។

សព្វថ្ងៃ ក្រុមហ៊ុន Dynith Commercial នេះ​គ្រប់គ្រង​ដោយ​អ្នកស្រី ឌី សុខឃី ជា​កូនស្រី​អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ លោក ហុក ឡង់ឌី ហើយ​ក៏​ត្រូវ​ជា​ភរិយា​របស់​លោក ហ៊ុន ម៉ានិត ដែល​ជា​កូនប្រុស​ទី​ពីរ​របស់​លោក ហ៊ុន សែន ផង​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស