39 C
Phnom Penh

តុលាការ​រាជធានី​ភ្នំពេញ​គ្រោង​បើក​សវនាការ​សំណុំរឿង​លោក ថាច់ សេដ្ឋា នៅ​សប្ដាហ៍​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន គ្រោង​បើក​សវនាការ​សំណុំរឿង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា នៅ​សប្ដាហ៍​ក្រោយ បន្ទាប់ពី​លោក​ត្រូវ​បាន​សមត្ថកិច្ច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​កាលពី​ខែ​មករា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​នឹង​ការ​ចេញ​សែក​ស្អុយ។

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៨ ខែ​សីហា បាន​ចេញ​លិខិត​អញ្ជើញ​លោក សំ សុគង់ ដែល​ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន។ ក្នុង​លិខិត​អញ្ជើញ​នោះ​បញ្ជាក់​ថា តុលាការ​នឹង​បើក​សវនាការ​លើ​សំណុំរឿង​លោក ថាច់ សេដ្ឋា នៅ​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២៣ ខាងមុខ ពី​បទ «មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលពី​អំឡុង​ឆ្នាំ​២០១៩។

មេធាវី​ការពារ​ក្ដី​ឲ្យ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន គឺ​លោក សំ សុគង់ បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា លោក​បាន​ត្រៀម​ខ្លួន​ដើម្បី​ការពារ​សិទ្ធិ​ឲ្យ​លោក ថាច់ សេដ្ឋា នៅ​សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​រួច​ហើយ បន្ទាប់ពី​ទទួល​បាន​លិខិត​អញ្ជើញ​ពី​តុលាការ។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន ចាប់​ខ្លួន​កាលពី​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៣ និង​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ពី​បទ​ចេញ​សែក​ស្អុយ។

អំឡុង​ពេល​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ថាច់ សេដ្ឋា រូប​នេះ​អះអាង​ថា កូនក្ដី​របស់​លោក​បាន​សុំ​ដាក់​ប្រាក់​តម្កល់​ចំនួន ៣​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​បាន​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​ចៅក្រម​ស៊ើបសួរ​មិន​បាន​អនុញ្ញាត​ឲ្យ​លោក ថាច់ សេដ្ឋា បាន​ក្រៅ​ឃុំ​នោះ​ទេ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក ថាច់ សេដ្ឋា បែរជា​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ «ញុះញង់» បន្ថែម​ពី​លើ​បទល្មើស​មុន​មួយ​ករណី​ទៀត​ផង​ដែរ។

ការ​ចាប់​ខ្លួន​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ធ្វើឡើង​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន រិនឆាយ ផនសប ដែល​បាន​ប្ដឹង​លោក​បន្ទាប់ពី​លោក ថាច់ សេដ្ឋា បាន​ខ្ចី​ប្រាក់​ពី​ក្រុមហ៊ុន​មួយ​នេះ​ចំនួន ២​ម៉ឺន​ដុល្លារ​កាលពី​អំឡុង​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១២ ប៉ុន្តែ​បើ​តាម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ថាច់ សេដ្ឋា អះអាង​ថា ប្រាក់​ដែល​កូនក្ដី​របស់​លោក​ជំពាក់​ក្រុមហ៊ុន រិនឆាយ នៅតែ ៥​ពាន់​ដុល្លារ​ទៀត​តែ​ប៉ុណ្ណោះ។

បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម ក្រុមហ៊ុន រិនឆាយ ផនសប នេះ​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​ផ្លូវការ​នៅ​ក្នុង​ក្រសួង​ពាណិជ្ជកម្ម កាលពី​ខែ​តុលា ឆ្នាំ​២០១៥។ ម្ចាស់​ក្រុមហ៊ុន លោក ហៃ វ៉ាន់រិន ត្រូវ​គេ​ដឹង​ថា​ជា​មនុស្ស​ដែល​ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។

ក្រៅពី​កាន់កាប់​ក្រុមហ៊ុន រិនឆាយ ផនសប ហើយ លោក ហៃ វ៉ាន់រិន ក៏​ជា​ម្ចាស់​ក្រុមហ៊ុន Dynith Commercial ដែល​មាន​ទីតាំង​នៅ​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​ថែម​ទៀត។ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០១៤។

សព្វថ្ងៃ ក្រុមហ៊ុន Dynith Commercial នេះ​គ្រប់គ្រង​ដោយ​អ្នកស្រី ឌី សុខឃី ជា​កូនស្រី​អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ លោក ហុក ឡង់ឌី ហើយ​ក៏​ត្រូវ​ជា​ភរិយា​របស់​លោក ហ៊ុន ម៉ានិត ដែល​ជា​កូនប្រុស​ទី​ពីរ​របស់​លោក ហ៊ុន សែន ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស