29 C
Phnom Penh

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ឪពុក​ខ្លួន​ធ្វើ​នាយករដ្ឋមន្ត្រី​បន្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បេក្ខភាព​អនាគត​នាយករដ្ឋមន្ត្រី និង​ជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បោះឆ្នោត​គាំទ្រ​ឪពុក​របស់​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត ដើម្បី​អាច​ដឹកនាំ​កម្ពុជា​ឆ្ពោះ​ទៅ​រក​វឌ្ឍនភាព​រុងរឿង​កាន់តែ​ខ្លាំង​ជាង​ពេល​បច្ចុប្បន្ន។

លោក ហ៊ុន ម៉ាណែត បាន​អះអាង​នៅ​ក្នុង​ពិធី​សម្ពោធ​កុដិ​មួយ​កន្លែង​ក្នុង​វត្ត​ព្រៃតុម្ព ខេត្ត​កំពត កាលពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២២ ថា ឪពុក​របស់​លោក​តែង​គិតគូរ​ជាប់​ជា​ប្រចាំ​អំពី​សុខទុក្ខ​របស់​ពលរដ្ឋ ហើយ​តែង​នៅ​ក្បែរ​ពលរដ្ឋ​ខ្មែរ​គ្រប់​ពេលវេលា​ទាំងអស់។

លោក ហ៊ុន ម៉ាណែត អះអាង​ថា ឪពុក​របស់​លោក​បាន​នាំ​មក​នូវ​សន្តិភាព​ពេញលេញ​ជូន​ពលរដ្ឋ និង​ប្រទេស​កម្ពុជា​ទាំងមូល ដោយ​ការ​ការពារ​មិន​ឱ្យ​មាន​ការ​វិលត្រឡប់​មក​វិញ​នូវ​របប​ប្រល័យ​ពូជសាសន៍ ដែល​ជា​ស្នាដៃ​ក្នុង​ការ​ស្វែងរក​សិទ្ធិ​សេរីភាព​ជូន​ពលរដ្ឋ​ឱ្យ​រស់នៅ​ក្នុង​សុខ​សន្តិភាព និង​ពោរពេញ​ដោយ​ក្តី​សង្ឃឹម​ទៅ​អនាគត។

កូនប្រុស​មេដឹកនាំ​ក្រាញ​អំណាច​រូប​នេះ​បញ្ជាក់​ថា ក្រោម​ម្លប់​នៃ​សុខ​សន្តិភាព​ជាង ៤០​ឆ្នាំ​កន្លង​មក កម្ពុជា​មាន​ស្ថិរភាព​បរិបូរណ៍​ដែល​បាន​នាំ​មក​នូវ​ការ​អភិវឌ្ឍ​យ៉ាង​ច្រើន​នៅ​ទូទាំង​ប្រទេស។ លោក​បន្ថែម​ថា សុខ​សន្តិភាព​នេះ​ហើយ​ដែល​បាន​ផ្តល់​នូវ​ឱកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ​អាច​ធ្វើ​បុណ្យ សន្សំ​កុសល​រួម​គ្នា​ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ និង​ដោយ​គ្មាន​ភាព​ភ័យខ្លាច។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ កាន់តែ​ខិត​ជិត​ចូល​មក​ដល់ ដែល​នឹង​ប្រព្រឹត្ត​នៅ​ដើម​ខែ​មិថុនា ខាងមុខ​នេះ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៩ មេសា នេះ​ថា ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ​នេះ គឺជា​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​តាម​មូលដ្ឋាន មិនមែន​ជា​ការ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​នាយករដ្ឋមន្ត្រី​នោះ​ទេ ដូច្នេះ​ការ​អំពាវនាវ​នេះ​គឺជា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​ខុស​កាលៈទេសៈ​ប៉ុណ្ណោះ។

បណ្ឌិត យ៉ង សាំងកុមារ លើកឡើង​ថា ប្រសិនបើ​បក្ស​កាន់​អំណាច​ចង់​បាន​ការ​គាំទ្រ​បន្ត​ទៀត មេឃុំ-ចៅសង្កាត់​របស់​បក្ស​កាន់​អំណាច​បច្ចុប្បន្ន​ដែល​កំពុង​ដឹកនាំ​នៅ​មូលដ្ឋាន​សព្វថ្ងៃ​នេះ គួរតែ​ខំ​ធ្វើការ​បម្រើ​ពលរដ្ឋ​ឱ្យ​បាន​ល្អ នោះ​ពលរដ្ឋ​នឹង​បោះឆ្នោត​គាំទ្រ​ជាមិនខាន ប៉ុន្តែ​មិន​ត្រូវ​ធ្វើ​ល្អ​ដើម្បី​កេង​ចំណេញ​យក​សន្លឹកឆ្នោត​ពី​ពលរដ្ឋ​មុន​ការ​បោះឆ្នោត​នោះ​ទេ។

ប្រធាន​គណៈកម្មាធិការ​នាយក​រូប​នេះ​បញ្ជាក់​ថា ក្នុង​នាម​លោក ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​នៃ​កងទ័ព​ជាតិ គួរតែ​រក្សា​ជំហរ​អព្យាក្រឹត​ដើម្បី​រក្សា​សន្តិសុខ​ជូន​ជាតិ​មាតុភូមិ ដោយ​មិន​បង្ហាញ​ពី​ភាព​លម្អៀង​ទៅ​រក​និន្នាការ​នយោបាយ​ខាង​ណា​មួយ​ឡើយ ព្រោះ​ថា​ការ​បង្ហាញ​ជំហរ​បែប​នេះ គឺជា​សញ្ញា​មួយ​នៃ​ការ​គំរាមកំហែង​ដល់​ពលរដ្ឋ​ម្ចាស់​ឆ្នោត។

កាលពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​សម្រេច​ស្ដីពី​ការ​កំណត់​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ដោយ​កំណត់​យក​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ជា​កំណត់ ប៉ុន្តែ​ការ​បោះឆ្នោត​នេះ​ត្រូវ​គេ​រិះគន់​ថា​គ្រាន់តែ​ជា​ដំណើរការ​បង្គ្រប់​កិច្ច​ឱ្យ​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ។

របាយការណ៍​ក្រសួង​មហាផ្ទៃ បង្ហាញ​ថា យ៉ាងហោចណាស់​មាន​គណបក្ស​នយោបាយ​ចំនួន ៤៥​គណបក្ស​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ។

ក្រុម​អ្នក​សង្កេតការណ៍​ខ្លះ​និយាយ​ថា គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំងអស់​មិន​គួរ​ចូលរួម​ការ​បោះឆ្នោត​ដែល​កម្ពុជា​កំពុង​មាន​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​នោះ​ឡើយ ត្បិត​គណបក្ស​កាន់​អំណាច​បាន​រំលោភ​ច្បាប់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​អយុត្តិធម៌។ ដូច្នេះ ពួកគេ​គួរតែ​ជំរុញ​ឱ្យ​បក្ស​កាន់​អំណាច​រក​ដំណោះស្រាយ​សមស្រប​ជា​មុន​សិន ព្រោះ​ការ​ធ្វើ​ដូច្នេះ ក៏​ជា​ការ​ព្រមាន​កុំ​ឱ្យ​បក្ស​កាន់​អំណាច​រំលោភ​ច្បាប់ ហើយ​អាច​ធ្វើ​ការ​រំលាយ​គណបក្ស​ផ្សេង​ទៅ​ថ្ងៃ​ក្រោយ​បន្ត​ទៀត៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស