បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន បានប្រៀបធៀបភាពសប្បាយរីករាយរបស់ពលរដ្ឋខ្មែរក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនៅឆ្នាំនេះ ដូចជាពេលអបអរជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ យ៉ាងដូច្នោះដែរ ក្រោយពីខកខានអបអរពិធីចូលឆ្នាំរយៈពេល ២ឆ្នាំដោយសារកូវីដ-១៩។
ថ្លែងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ក្នុងកម្មវិធីសម្ពោធសមិទ្ធផលនានាដែលជាគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយ-លូក្នុងទីក្រុងភ្នំពេញជំហានទី៤ លោក ហ៊ុន សែន អះអាងថា ការចូលឆ្នាំខ្មែរនាឆ្នាំនេះហាក់មានសភាពខុសស្រឡះពីការចូលឆ្នាំនាពេលកន្លងទៅ។ ពោល គឺប្រៀបដូចពេលពលរដ្ឋត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ និងការអបអរពេលកម្ពុជាបញ្ចប់សង្គ្រាមទាំងស្រុងតាមនយោបាយឈ្នះឈ្នះយ៉ាងដូច្នោះនោះដែរ ពីព្រោះពលរដ្ឋពិតជាបាននាំគ្នាសប្បាយយ៉ាងគគ្រឹកគគ្រេងគ្រប់ទីកន្លែងទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា។
លោកនាយករដ្ឋមន្ត្រីលើកឡើងថា មានកត្តាចំនួន៦ ដែលជំរុញឲ្យពលរដ្ឋសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅនេះ ក្នុងនោះរួមមាន៖
- ទី១ កត្តាសុខសន្តិភាព គឺជាផ្នែកមួយសំខាន់បំផុតដែលធ្វើឲ្យពលរដ្ឋមានឱកាសដើរកម្សាន្តគ្រប់ទីកន្លែង។
- ទី២ ការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធ។
- ទី៣ កត្តាមធ្យោបាយធ្វើដំណើរ។
- ទី៤ កត្តាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។
- ទី៥ កត្តានៃការកើនឡើងនៃតំបន់ទេសចរណ៍ថ្មីៗនៅកម្ពុជា។
- ទី៦ កត្តាភាពស៊ាំក្នុងសហគមន៍នៃការទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់ពលរដ្ឋកម្ពុជា។
សៀវភៅ ១៣ទសវត្សរ៍នៃដំណើរកម្ពុជាដែលសរសេរដោយបុរសខ្លាំង លោក ហ៊ុន សែន បានឲ្យដឹងថា កងទ័ពវៀតណាមបានចូលមកជួយបដិវត្តន៍កម្ពុជាផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យបានជោគជ័យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយកងទ័ពស្ម័គ្រចិត្តវៀតណាមបានដកចេញបណ្តើរៗនៅឆ្នាំ១៩៨២ និងឈានទៅដល់ទាំងស្រុងនៅខែកញ្ញា ឆ្នាំ១៩៨៩ ដែលជាដំណាក់កាលផ្ទេរពីការប្រើប្រាស់កម្លាំងពីរគួបផ្សំគ្នាមកកាន់ដំណាក់កាលប្រើប្រាស់កម្លាំងបដិវត្តន៍កម្ពុជាផ្ទាល់ ដើម្បីរ៉ាប់រងភារកិច្ចការពារជាតិ។
នៅក្នុងសៀវភៅនោះបានសរសេរថា៖ «កម្ពុជា–វៀតណាម ជាធាតុពីរដែលមិនអាចខ្វះមួយណាបានឡើយ»។
នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ មួយថ្ងៃក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានផ្តួលរំលំ ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជាត្រូវបានបង្កើតឡើង ដើម្បីដឹកនាំប្រទេសកម្ពុជាដែលក្រោមអាណាព្យាបាលរបស់វៀតណាម។ សាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី១២ ខែមករា ដោយមានលោក ហេង សំរិន ជាប្រធានក្រុមប្រឹក្សារដ្ឋ (មានឋានៈស្មើនឹងប្រមុខរដ្ឋ) និងលោក ប៉ែន សុវណ្ណ ជាប្រធានក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រី (មានឋានៈស្មើនឹងនាយករដ្ឋមន្ត្រី)។
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម បានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពសម្រាប់រយៈពេល ២៥ឆ្នាំ។ តាមរយៈសន្ធិសញ្ញានេះ បក្សប្រជាជនបដិវត្តន៍កម្ពុជា សុខចិត្តទទួលយកអាណាព្យាបាលវៀតណាមនៅកម្ពុជា ដោយអនុញ្ញាតឲ្យកងទ័ពវៀតណាម ប្រមាណ ១៥ម៉ឺននាក់ឈរជើងនៅលើទឹកដីកម្ពុជា។ នៅក្នុងផ្នែកស៊ីវិលវិញ វៀតណាមបានដាក់អ្នកជំនាញការនៅតាមគ្រប់មន្ទីរ ក្រសួងនៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា។
លោក ថាច់ សេដ្ឋា អតីតសមាជិកព្រឹទ្ធសភាគណបក្សសង្គ្រោះជាតិ ដែលបានសម្រេចចូលរួមនយោបាយជាមួយគណបក្សភ្លើងទៀន ធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកកន្លងមកថា គណបក្សរបស់លោកចាត់ទុកថា ថ្ងៃ៧មករា គឺជាថ្ងៃដែលប្រទេសវៀតណាមឈ្លានពានកម្ពុជា។ លោកថា បើគ្មានវៀតណាមបង្កើតបក្សកុម្មុយនីស្តកម្ពុជា ក៏គ្មានការកាប់សម្លាប់ពលរដ្ឋខ្មែរដ៏រង្គាលនេះដែរ។ លោកបន្តថា អ្នកសម្លាប់ខ្មែរក៏ជាអ្នកដែលអះអាងថាជាអ្នកដែលជួយខ្មែរដែរ។
របាយការណ៍របស់ក្រសួងទេសចរណ៍ ឱ្យដឹងថា រយៈពេល ៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ភ្ញៀវទេសចរជាង ៥លាន ១៧ម៉ឺននាក់បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេស ខណៈមនុស្សជាង ១០០នាក់បានស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ និងមានអគ្គិភ័យកើតឡើង ៧ករណីអំឡុងថ្ងៃបុណ្យចូលឆ្នាំ៕