28.4 C
Phnom Penh

សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​សំណុំរឿង​មន្ត្រី​អាដហុក​នៅ​ចុង​ខែ​មេសា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​សំណុំរឿង​មន្ត្រី និង​អតីត​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ចំនួន ៥​នាក់ នៅ​ចុង​ខែ​មេសា នេះ ក្រោម​បទ​ចោទ «សូកប៉ាន់​សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី»។

នៅ​ក្នុង​ដីកា​ដាច់ដោយឡែក​ពី​គ្នា​ចុះ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២២ ចេញ​ដោយ​ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ លោក អ៊ឹម សុផាន បាន​កោះហៅ​មន្ត្រី​សមាគម​អាដហុក ៣​រូប រួម​មាន​លោក យី សុខសាន្ត លោក នី សុខា និង​អ្នកស្រី លឹម មុន្នី ព្រមទាំង​អតីត​មន្ត្រី​សមាគម​អាដហុក ២​រូប​ទៀត រួម​មាន​លោក ណៃ វ៉ង់ដា និង​លោក នី ចរិយា ដើម្បី​ចូលរួម​សវនាការ​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២២ ខាងមុខ​នេះ។

ការ​កោះហៅ​អ្នក​ការពារ​សិទ្ធិមនុស្ស ៤​នាក់ និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ម្នាក់​នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ​បាន​លើក​ពេល​សវនាការ​សំណុំរឿង​នេះ​ម្ដង​រួច​មក​ហើយ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២២ ដោយសារ​មេធាវី​របស់​លោក នី ចរិយា ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូវីដ-១៩។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា លោក​និង​អ្នក​ទាំង ៤​រូប​ផ្សេង​ទៀត​នឹង​ចូលរួម​សវនាការ​តាម​ការ​កោះហៅ​របស់​សាលា​ឧទ្ធរណ៍។ លោក​ថា លោក​ទន្ទឹង​រង់ចាំ​រក​ភាព​ស្អាតស្អំ​របស់​លោក​អស់​ពេល​ជាច្រើន​ឆ្នាំ​ហើយ។ លោក​សង្ឃឹម​ថា​សាលា​ឧទ្ធរណ៍​នឹង​ផ្តល់​យុត្តិធម៌​ដល់​ក្រុម​របស់​លោក​ដែល​ធ្វើ​ការងារ​សង្គម​ជួយ​ពលរដ្ឋ​រងគ្រោះ។

កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្ដន្ទាទោស​អ្នក​ទាំង ៥​រូប​ដាក់​ពន្ធនាគារ​ម្នាក់ៗ​ចំនួន ៥​ឆ្នាំ ក្រោម​បទ​ចោទប្រកាន់ «សូកប៉ាន់​សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី»។ ទោស ៥​ឆ្នាំ​នេះ តុលាការ​សម្រេច​ឱ្យ​ពួកគាត់​អនុវត្ត​ក្នុង​ពន្ធនាគារ​រយៈពេល ១៤​ខែ និង​ទោស​នៅ​សល់​ត្រូវ​ព្យួរ ប៉ុន្តែ​ដោយ​មិន​ពេញចិត្ត​ចំពោះ​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពេល​នោះ ពួកគាត់​ទាំង ៥​រូប​ក៏​បាន​ប្ដឹង​សារទុក្ខ​ទៅ​សាលា​ឧទ្ធរណ៍​កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៨ ប៉ុន្តែ​ចាប់តាំង​ពី​ឆ្នាំ​២០១៨ ដល់​ខែ​មេសា ឆ្នាំ​២០២២ សំណុំរឿង​របស់​ពួកគេ​បាន​អូស​បន្លាយ​រយៈពេល​ប្រមាណ ៥​ឆ្នាំ​មក​ហើយ។

កាលពី​ខែ​មេសា ឆ្នាំ​២០១៦ មន្ត្រី និង​អតីត​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ទាំង ៥​រូប ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ «សូកប៉ាន់​សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី» ក្នុង​សំណុំរឿង​ផ្ដល់​ប្រាក់​ជាង ២០០​ដុល្លារ​ទៅ​ឱ្យ​ស្ត្រី​ម្នាក់​ឈ្មោះ ខុម ចាន់តារាទី ហៅ​ស្រីមុំ ក្នុង​នាម​ជនរងគ្រោះ​ដែល​រត់​មក​រក​អាដហុក​ឱ្យ​ជួយ​ពេល​នោះ។ នាង​ឈ្មោះ ខុម ចាន់តារាទី នៅ​ពេល​នោះ​ត្រូវ​បាន​គេ​ចោទ​ថា​ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ។

ពួកគេ​ទាំង ៥​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​កាលពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៧ ទើប​ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​វិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស