31 C
Phnom Penh

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​បន្ត​ស៊ើបអង្កេត​ឃាតកម្ម​លើ​សកម្មជន​ការពារ​ព្រៃឈើ​លោក ឈុត វុទ្ធី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សង្គម​ស៊ីវិល​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​យុត្តិធម៌​ជូន​ដល់​លោក ឈុត វុទ្ធី និង​គ្រួសារ រួម​ទាំង​សកម្មជន​ផ្សេង​ទៀត​ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នា​ពេល​កន្លងមក ដើម្បី​លុបបំបាត់​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា។

ការ​ទាមទារ​នេះ ធ្វើឡើង​នៅ​ក្នុង​វិធី​បុណ្យ​បង្សុកូល​ដើម្បី​ឧទ្ទិស​កុសល​មួយ​ដល់​លោក ឈុត វុទ្ធី សកម្មជន​ព្រៃឈើ​កម្ពុជា​ដែល​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​កាលពី ១០​ឆ្នាំ​មុន​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ខេត្ត​កោះកុង។

ក្រៅពី​ពិធី​បង្សុកូល​នា​ព្រឹក​នេះ ក្រុម​សង្គម​ស៊ីវិល​ក៏​បាន​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​យុត្តិធម៌​ជូន​ដល់​លោក ឈុត វុទ្ធី និង​គ្រួសារ រួម​ទាំង​សកម្មជន​ផ្សេង​ទៀត​ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នា​ពេល​កន្លងមក។

នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព ថ្លែង​ថា ឃាតកម្ម​លើ​លោក ឈុត វុទ្ធី និង​លើ​បណ្ឌិត កែម ឡី រួម​ទាំង​ឃាតកម្ម​លើ​អ្នក​សារព័ត៌មាន ហើយ​សកម្មជន​ផ្សេងៗ​ទៀត កម្រ​ទទួល​បាន​យុត្តិធម៌ ខណៈ​សមត្ថកិច្ច​មិន​សូវ​ដុត​ដៃ​ដុត​ជើង​ក្នុង​ការ​ស្វែងរក និង​តាម​ចាប់​ខ្លួន​ជនល្មើស​មក​ផ្ដន្ទាទោស​នោះ។

អ្នកស្រី​បន្ត​ថា បើសិនជា​ជនរងគ្រោះ និង​គ្រួសារ​មិនទាន់​ទទួល​បាន​យុត្តិធម៌​ទេ វប្បធម៌​និទ្ទណ្ឌភាព​នៅតែ​កើតឡើង។ ករណី​នេះ អ្នកស្រី​ថា​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អភិបាលកិច្ច​នៅ​ក្នុង​សង្គម ស្រប​ពេល​ដែល​រដ្ឋាភិបាល​ប្រកាស​ថា​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌។

អ្នកស្រី ចក់ សុភាព បន្ត​ថា កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​មិន​អាច​ធ្វើ​ទៅ​រួច​ទេ បើសិន​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី បណ្ឌិត កែម ឡី និង​លោក ជា វិជ្ជា រួម​ទាំង​អ្នក​ផ្សេង​ទៀត​នៅតែ​មិន​ទទួល​បាន​យុត្តិធម៌។ អ្នកស្រី​អំពាវនាវ​ទៅ​រដ្ឋាភិបាល​ឱ្យ​បន្ត​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ស្វែងរក​ឃាតក​ពិត រួម​ទាំង​អ្នក​នៅ​ពី​ក្រោយ​ករណី​ឃាតកម្ម​ទាំងអស់​នេះ​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​លុបបំបាត់​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា។

ចំណែក​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា ក៏​បាន​លើកឡើង​ដែរ​ថា ត្បិត​ឃាតក​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ក៏ដូចជា​បណ្ឌិត កែម ឡី ថែមទាំង​ការ​គំរាមកំហែង​ដល់​យុវជន​ផ្សេងៗ​ទៀត​មិន​ឱ្យ​ធ្វើ​សកម្មភាព​បន្ត​ក៏ដោយ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​វា​មិន​អាច​បញ្ឈប់​សកម្មភាព និង​បំបាក់​ស្មារតី​យុវជន ឬ​សកម្មជន​ដែល​ស្រឡាញ់​ធនធាន​ធម្មជាតិ និង​សង្គម​ជាតិ​បាន​ឡើយ។

លោក​បន្ត​ថា មូលហេតុ​ដែល​យុវជន​មិន​បញ្ឈប់​សកម្មភាព​ដោយសារ​ការ​បាញ់​សម្លាប់ ការ​គំរាមកំហែង ការ​ចាប់ចង​កន្លងមក វា​ជា​អំពើ​អយុត្តិធម៌ ដូច្នេះ​កាលណា​អំពើ​អយុត្តិធម៌​កើតមាន​ឡើង​ក្នុង​សង្គម វា​មិន​អាច​បញ្ឈប់​សកម្មភាព​យុវជន​បាន​ទេ។

លោក​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ឱ្យ​បាន​ល្អ ដោយ​ធ្វើ​យ៉ាង​ណា​លុបបំបាត់​អំពើ​អយុត្តិធម៌​នៅ​ក្នុង​សង្គម ជាពិសេស​ចាប់​ខ្លួន​ឃាតក និង​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី និង​អ្នក​ផ្សេងៗ​ទៀត​មក​ដាក់​ទោស​តាម​ច្បាប់។

មុន​ពេល​កើតហេតុ ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី រួម​ទាំង​អ្នក​កាសែត​ពីរ​នាក់​ទៀត បាន​ចុះ​ទៅ​ថត​គំនរ​វល្លិ​រមៀត​នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន ធីមប៊ឺ​គ្រីន ដែល​ជា​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទ្រី ភាព ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក ហ៊ុន សែន។

លោក ឈុត វុទ្ធី ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​លើ​រថយន្ត​របស់​លោក​កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ ករណី​ឃាតកម្ម​នេះ មន្ត្រី​កងរាជ​អាវុធហត្ថ​ម្នាក់​ឈ្មោះ អ៊ិន រតនា បាន​រង​ការ​ចោទប្រកាន់​ថា​ជា​អ្នក​បាញ់​សម្លាប់​លោក ឈុត វុទ្ធី នៅ​លើ​រថយន្ត​របស់​លោក ក្នុង​ពេល​ដែល​មាន​ការ​ទាស់​ពាក្យ​សម្ដី​គ្នា​ជាមួយ​សន្តិសុខ​យាម​ឱ្យ​ក្រុមហ៊ុន ធីមប៊ឺ​គ្រីន (Timber Green)។ បន្ទាប់​មក​ទៀត សន្តិសុខ​ដែល​រង​ការ​ចោទប្រកាន់​ក្នុង​បទល្មើស​នេះ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ១៨​ខែ តែ​ទោស​នេះ​ត្រូវ​បាន​ព្យួរ ហើយ​សន្តិសុខ​រូប​នេះ​ត្រូវ​បាន​ដោះលែង​វិញ​ភ្លាមៗ​ក្រោយ​ប្រកាស​សាលក្រម​រួច។

កូនប្រុស​ច្បង​របស់​លោក ឈុត វុទ្ធី គឺ​លោក ឆឺយ ឧត្ដមរស្មី បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា អស់​រយៈពេល​ប្រមាណ ១០​ឆ្នាំ​មក​នេះ គ្រួសារ​របស់​លោក​មិន​ដែល​ទទួល​បាន​យុត្តិធម៌​ម្តង​ណា​ឡើយ។ លោក ឆឺយ ឧត្តមរស្មី បញ្ជាក់​ថា ក្នុង​រយៈពេល ១០​ឆ្នាំ​មក​នេះ បើ​ទោះជា​ដឹង​ថា​យុត្តិធម៌​បាន​កប់​យ៉ាង​ជ្រៅ​យ៉ាងណា​ក៏ដោយ ក៏​ក្រុម​គ្រួសារ​របស់​លោក​មិន​ដែល​មាន​សង្ឃឹម​ទៅលើ​ស្ថាប័ន​ជាតិ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ដល់​ឪពុក​របស់​លោក​នោះ​ទេ។

បើ​តាម​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឱ្យ​ដឹង​ថា សំណុំរឿង​លោក ឈុត វុទ្ធី ត្រូវ​បាន​តុលាការ​បិទ​បញ្ចប់​ដោយ​មិន​ស៊ើបអង្កេត​ទៀត​ឡើយ ក្រោម​ហេតុផល​ថា សំណុំ​រឿង​នេះ​សមត្ថកិច្ច​បាន​ចាប់​ជនល្មើស​ហើយ ហើយ​ជន​បង្ក​ហេតុ​ក៏​ស្លាប់​ជាមួយ​នឹង​ជនរងគ្រោះ។

តែ​យ៉ាងណា ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅតែ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រក​ជនល្មើស ដោយ​ថា​បើ​ពិនិត្យ​លើ​អង្គ​ហេតុ​ដែល​កើតឡើង​នោះ នៅតែ​មិន​អាច​ជឿ​ទុកចិត្ត​បាន និង​នៅ​មាន​ភាព​ខ្វះ​ចន្លោះ​ជាច្រើន​ចំណុច​ក្នុង​រឿង​ក្តី​មួយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស