31 C
Phnom Penh

លោក ស ខេង បញ្ជា​សមត្ថកិច្ច​រក​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ធ្វើ​អត្តឃាត​កាន់តែ​ច្រើន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បញ្ជា​ទៅ​សមត្ថកិច្ច​ឲ្យ​រក​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ធ្វើ​អត្តឃាត ក្រោយពី​របាយការណ៍​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០២២ បង្ហាញ​ថា ចំនួន​អ្នក​ធ្វើ​អត្តឃាត​នៅ​កម្ពុជា​មាន​កាន់តែ​ច្រើន ហើយ​ភាគច្រើន​នៃ​អ្នក​សម្លាប់​ខ្លួន​ទាំងនោះ​គឺជា​ក្មេងៗ។

ការ​បញ្ជា​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ធ្វើឡើង​ក្នុង​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​នៅ​វត្ត​មុនីរតនប្បភា ហៅ​វត្ត​ថ្មី ស្ថិតនៅ​ឃុំ​ស្វាយភ្លោះ ស្រុក​ពាមជរ ខេត្ត​ព្រៃវែង កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២២។

លោក ស ខេង បាន​បញ្ជា​ទៅ​សមត្ថកិច្ច​ត្រូវ​ស្រាវជ្រាវ​រក​មូលហេតុ​ឱ្យ​បាន​ច្បាស់ ដើម្បី​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ​ក្រោយពី​លោក​តាមដាន​ព័ត៌មាន​សង្គម បូក​រួម​ទាំង​ការ​ទទួល​បាន​របាយការណ៍​ពី​អគ្គស្នងការដ្ឋាន​នគរបាល ដោយ​មើល​ឃើញ​ថា បញ្ហា​លោត​ទឹក​សម្លាប់​ខ្លួន ការ​បាញ់​សម្លាប់​ខ្លួនឯង រួម​ទាំង​ការ​ចង​ក ជាដើម។

លោក ស ខេង លើកឡើង​ថា អ្នក​ដែល​ធ្វើ​អត្តឃាត​ទាំងនោះ​អាច​បណ្ដាល​មកពី​មាន​វិបត្តិ​អ្វី​មួយ​ជាក់​ជាមិនខាន ដោយ​កន្លងមក លោក​ធ្លាប់​ឮ​ការ​សន្និដ្ឋាន​ពី​មជ្ឈដ្ឋាន​ខ្លះ​ថា​បណ្ដាល​មកពី​ការ​ប្រើប្រាស់​គ្រឿងញៀន ដែល​ជា​មូលហេតុ​មួយ​នាំ​ឱ្យ​មាន​ការ​ធ្វើ​អត្តឃាត​ខ្លួនឯង។

លោកស្រី យឹម សុធារី អ្នក​ព្យាបាល​ផ្លូវចិត្ត និង​ទីប្រឹក្សា​ជម្លោះ និង​សន្តិភាព ត្រូវ​បាន​វិទ្យុ​បារាំង​អន្តរជាតិ​ដកស្រង់​សម្ដី​ចុះផ្សាយ​ថា មនុស្ស​ជាច្រើន​តែងតែ​យល់​ថា​មូលហេតុ​តែ​មួយ​ដែល​នាំ​ឱ្យ​មាន​អំពើ​អត្តឃាត​នោះ គឺ​មកពី​ភាព​ក្រីក្រ គ្រឿងញៀន និង​អំពើ​ហិង្សា ជាដើម ក៏ប៉ុន្តែ​នោះ​គឺជា​មូលហេតុ​ដែល​មនុស្ស​ម្នាក់ៗ​ប្រឈម​នៅ​ក្នុង​ជីវិត​តែប៉ុណ្ណោះ។ មូលហេតុ​ធំ​ចម្បង​ដែល​នាំ​ឱ្យ​មនុស្ស​ធ្វើ​អត្តឃាត​បញ្ចប់​ជីវិត​ខ្លួនឯង គឺ​ការ​ខ្វះ​ការ​គាំទ្រ និង​ជម្រើស។

បើ​តាម​អ្នកជំនាញ​ផ្នែក​សុខភាព​ផ្លូវចិត្ត​រូប​នេះ បុគ្គល​គ្រប់​រូប​មាន​ចំណែក​ចូលរួម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។ រដ្ឋាភិបាល​គួរ​បង្កើន​សកម្មភាព​គាំទ្រ​កម្មវិធី​សុខភាព​ផ្លូវចិត្ត​ទៅកាន់​ពលរដ្ឋ​ឱ្យ​បាន​ច្រើន និង​ធំ​ទូលាយ​ជាង​ពេល​បច្ចុប្បន្ន។ ចំណែកឯ​គ្រួសារ មិត្តភក្ដិ និង​មិត្ត​រួម​ការងារ​វិញ គួរ​ចូលរួម​ស្តាប់ និង​បង្កើត​ការ​សន្ទនា​ដោយ​ភាព​កក់ក្តៅ​ទៅកាន់​បុគ្គល​ដែល​ជួប​បញ្ហា​ផ្លូវចិត្ត។

របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឱ្យ​ដឹង​ថា ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០២២ ពោល​គឺ​ចាប់ពី​ខែ​មករា ដល់​ខែ​មីនា ឆ្នាំ​២០២២ ការ​ធ្វើ​អត្តឃាត​នៅ​កម្ពុជា​មាន​ដល់​ទៅ ២៤៧​ករណី ក្នុង​នោះ​មនុស្ស​ចំនួន ២៤២​នាក់​បាន​បាត់បង់​ជីវិត និង ៥​នាក់​ទៀត​របួស។

របាយការណ៍​ដដែល​បញ្ជាក់​ថា ការ​ធ្វើ​អត្តឃាត​ទាំង ២៤៧​ករណី​នេះ បាន​កើតឡើង​នៅ​គ្រប់​រាជធានី-ខេត្ត លើកលែងតែ​ខេត្ត​កែប និង​ខេត្ត​ប៉ៃលិន ប៉ុណ្ណោះ។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​រក​ឃើញ​ថា ករណី​ធ្វើ​អត្តឃាត​បាន​កើន​ឡើង​ជា​បន្តបន្ទាប់​ចាប់តាំង​ពី​ឆ្នាំ​២០១៦ មក។ នៅ​ក្នុង​ប្រទេស​កម្ពុជា ករណី​នេះ​បាន​ផ្ទុះឡើង​ខ្លាំង​ចាប់តាំង​ពី​ឆ្នាំ​២០១៨ ដោយ​មាន​អ្នក​ស្លាប់​ក្នុង​ករណី​ធ្វើ​អត្តឃាត​ចំនួន ៨៣៦​នាក់ ស្មើ​នឹង ១,០២% នៃ​ចំនួន​អ្នក​ស្លាប់ ប៉ុន្តែ​បច្ចុប្បន្ន ចំនួន​អ្នក​ស្លាប់​ដោយ​ករណី​អត្តឃាត​បាន​កើនឡើង​ដល់ ៥,៨៧% ហើយ​ភាគច្រើន​អ្នក​ធ្វើ​អត្តឃាត គឺជា​យុវជន​ដែល​មាន​អាយុ​ចន្លោះ​ពី ១៥​ឆ្នាំ​ទៅ ១៩​ឆ្នាំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស