42.2 C
Phnom Penh

ឧទ្ធរណ៍​នឹង​ប្រកាស​ដីកា​បណ្ដឹង​សារទុក្ខ​អតីត​និង​មន្ត្រី​អាដហុក​៥​រូប​នៅ​ពាក់​កណ្ដាល​ខែ​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ នឹង​ប្រកាស​ដីកា​បណ្ដឹង​សារទុក្ខ​លើ​អតីត និង​អ្នក​ការពារ​សិទ្ធិមនុស្ស​អាដហុក ៥​រូប​នៅ​ពាក់កណ្ដាល​ខែ​ក្រោយ ក្រោម​បទ​ចោទប្រកាន់ «សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី» ក្នុង​សំណុំរឿង នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។

ការ​លើក​ពេល​នេះ ធ្វើឡើង​បន្ទាប់ពី​សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​ពេញ​មួយ​រសៀល​នា​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២២ តាម​បណ្ដឹង​សារទុក្ខ​របស់​មេធាវី​ការពារ​ក្ដី​ឱ្យ​អ្នក​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​អតីត​អាដហុក​ទាំង ៥​រូប ដែល​ប្រឆាំង​នឹង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​កាត់​ឱ្យ​ពួកគាត់​ជាប់​ពន្ធនាគារ។

ក្នុង​បន្ទប់​សវនាការ ប្រធាន​ក្រុមប្រឹក្សា​សាលា​ឧទ្ធរណ៍ លោក ស៊ិន វិសាល បាន​សួរ​ទៅ​អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង ៤​រូប​ដូច​គ្នា ខណៈ​លោក នី ចរិយា មិន​បាន​ចូលរួម​សវនាការ​នេះ​ទេ ដោយសារ​លោក​ជាប់​បេសកកម្ម​នៅ​ខេត្ត ប៉ុន្តែ​លោក​មាន​មេធាវី​ការពារ។

យ៉ាងណា​ក៏ដោយ មុន​នឹង​ឆ្លើយ​សំណួរ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ទាំង​មេធាវី និង​លោក នី សុខា និង​លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា បាន​ស្នើ​ឱ្យ​តុលាការ​លើក​ពេល​សវនាការ​ទៅ​ថ្ងៃ​ក្រោយ ដោយសារ​ពួកគាត់​ទាមទារ​ឱ្យ​តុលាការ​កោះហៅ​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ និង​អ្នកស្រី ទ្រី ឈួន មក​តវ៉ា។ ប៉ុន្តែ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បដិសេធ​ការ​ស្នើសុំ​របស់​ក្រុម​សហ​មេធាវី និង​លោក នី សុខា និង​លោក យី សុខសាន្ត និង​អ្នក​ផ្សេង​ទៀត ហើយ​បន្ត​សវនាការ​ដដែល។

ឆ្លើយតប​នឹង​សំណួរ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី បាន​លើកឡើង​ដូចៗ​គ្នា​ថា ពួកគាត់​មិន​សុខចិត្ត​នឹង​ការ​កាត់ទោស​ឱ្យ​ពួកគាត់​ជាប់​ពន្ធនាគារ ដោយ​ថា​ពួកគាត់​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទប្រកាន់​ឡើយ។

ក្នុង​សវនាការ​ថ្ងៃ​នេះ​ក៏​មាន​ខាង​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចូល​ថត​ជា​វីដេអូ ខណៈ​សមត្ថកិច្ច​បាន​ឱ្យ​អ្នក​ចូលរួម​ទុក​ទូរស័ព្ទ​ទាំងអស់ ហើយ​សវនាការ​នេះ​ចម្លែក​ពី​សវនាការ​ផ្សេងៗ តុលាការ​មិន​អនុញ្ញាត​ឡើយ។

ក្រោយ​បើក​សវនាការ​ពេញ​មួយ​រសៀល​នេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក ស៊ិន វិសាល បាន​សម្រេច​នឹង​ប្រកាស​ដីកា​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២២។

កាលពី​ឆ្នាំ​២០១៦ អ្នក​ការពារ​សិទ្ធិមនុស្ស​សមាគម​អាដហុក​ចំនួន ៤​រូប គឺ​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី ព្រមទាំង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក លោក នី ចរិយា បាន​រង​ការ​ចោទប្រកាន់​ពី​បទ «សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី» ក្នុង​សំណុំរឿង​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។

អ្នក​ទាំង ៥​រូប​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង ១​ឆ្នាំ មុន​នឹង​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ​កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​២០១៧។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ បាន​បញ្ជា​ទៅ​ក្រសួង​ការងារ និង​ក្រសួង​យុត្តិធម៌ ឱ្យ​សហការ​ជាមួយ​តុលាការ ដើម្បី​ដោះស្រាយ​បញ្ចប់​សំណុំរឿង​នេះ​ដើម្បី​ឲ្យ​ពួកគាត់​បាន​បំពេញ​ការងារ​របស់​ខ្លួន​បាន​ពេញលេញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស