28 C
Phnom Penh

លោក ស ខេង៖ ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ គឺ​ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា ការ​បោះឆ្នោត​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​កន្លងមក រួម​ទាំង​ការ​បោះឆ្នោត​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខាងមុខ​នេះ គឺ​ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​ពង្រឹង​នីតិរដ្ឋ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ប្រចាំ​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៤ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២២ ថា ដំណើរការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នា​ពេល​ខាងមុខ​នេះ គឺជា​ដំណាក់កាល​តស៊ូ​ប្រកប​ដោយ​ការ​ប្រកួតប្រជែង​យ៉ាង​តឹងតែង និង​ក្ដៅ​គគុក​របស់​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម ហើយ​ក៏​ជា​ដំណាក់កាល​ដែល​ងាយ​នឹង​កើតឡើង​នូវ​ទំនាស់ ឬ​បទល្មើស​ផ្សេងៗ​ដែល​អាច​បង្ក​ជា​ឧបសគ្គ​រារាំង ឬ​បន្ទច់បង្អាក់​ដល់​ដំណើរការ​នេះ​ទៀត​ផង។

លោក ស ខេង ណែនាំ​ឱ្យ​រដ្ឋបាល​រាជធានី-ខេត្ត​ទាំងអស់​ត្រូវ​ដឹកនាំ​ការងារ​ដោយ​ផ្ទាល់​ក្នុង​ការ​ធានា​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ហើយ​គ្រប់​ហេតុការណ៍​ទំនាស់​ផ្សេងៗ​ដែល​កើតឡើង​ក្នុង​មូលដ្ឋាន ត្រូវ​ខិតខំ​ដោះស្រាយ​មិន​ត្រូវ​ទុក​ឱ្យ​ក្លាយជា​ទំនាស់​រ៉ាំរ៉ៃ​ដែល​អាច​បង្ក​ឱ្យ​មាន​ចលាចល​សង្គម ក្លាយជា​ឧបករណ៍​នៃ​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ​ឡើយ។

អនុប្រធាន​បក្ស​កាន់​អំណាច​រូប​នេះ​អំពាវនាវ​ឱ្យ​គណបក្ស​នយោបាយ ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន អង្គការ​សង្គម​ស៊ីវិល និង​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ ចូលរួម​ចំណែក​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ដើម្បី​ឱ្យ​ដំណើរការ​បោះឆ្នោត​ឃុំ-សង្កាត់​ខាងមុខ​នេះ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ស្ងប់ស្ងាត់ គ្មាន​អំពើ​ហិង្សា គ្មាន​ការ​គំរាមកំហែង ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​មាន​តម្លាភាព។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មាន​ការ​រិះគន់​ជុំ​ទិស​ពី​ការ​រៀបចំ​ការ​បោះឆ្នោត​អាណត្តិ​ទី​៥ ខាងមុខ​នេះ ថា​ជា​ការ​រៀបចំ​ដែល​ធ្វើឡើង​ដោយ​បក្ស​កាន់​អំណាច ផ្ទុយ​ពី​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ដែល​បាន​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន។

ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាន់តែ​ខិត​ជិត​ចូល​មក​ដល់​ហើយ បើ​គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២២ នេះ រហូត​ដល់​ថ្ងៃ​បោះឆ្នោត នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ នៅ​សល់​តែ​រយៈពេល​ត្រឹមតែ​ជាង ៣០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ខណៈ​គណបក្ស​នយោបាយ​ដែល​ចូលរួម​ការ​បោះឆ្នោត​នេះ​មាន​ចំនួន​ត្រឹមតែ ១៧​គណបក្ស​ប៉ុណ្ណោះ។

ជុំវិញ​ការ​បោះឆ្នោត​ឆ្នាំ​២០២២ នេះ កាលពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ត្រូវតែ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​គណបក្ស​នយោបាយ​នានា ដើម្បី​មាន​ឱកាស​ធ្វើ​សកម្មភាព ដូចជា​ការ​ជួបជុំ​សមាជិក និង​ការ​លើក​ស្លាក​គណបក្ស ជាដើម ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​បើក​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

បុរស​ខ្លាំង​កម្ពុជា​បន្ត​ថា ត្រូវ​ខិតខំ​ជួយ​ការពារ​សុវត្ថិភាព​នៃ​បណ្ដា​បក្ស​នយោបាយ​ឱ្យ​បាន កុំ​ឱ្យ​មាន​ការ​បោះឆ្នោត​មួយ​ញាំញី​ដោយ​អំពើ​ហិង្សា​ជម្លោះ​រហូត​ទៅ​ដល់​មាន​មនុស្ស​គ្រោះថ្នាក់។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ទាំងអស់​ដែល​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខាងមុខ​នេះ គឺ​ស្មើ​នឹង​សហការ​ជាមួយ​បក្ស​កាន់​អំណាច​រំលោភ​លើ​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​បាន​ចែង​អំពី​ដំណើរការ​នៃ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ប្រភព​ដដែល​បញ្ជាក់​ថា ដំណើរការ​នៃ​ការ​បោះឆ្នោត​នេះ​គ្រាន់តែ​ជា​ការ​រៀបចំ​របស់​បក្ស​កាន់​អំណាច ក្រោម​រូបភាព​ក្បត់​ខ្លឹមសារ​ប៉ុណ្ណោះ ព្រោះ​ថា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​ត្រូវ​ដឹកនាំ​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ គឺជា​សមាសភាព​ដែល​មកពី​គណបក្ស​កាន់​អំណាច​ទាំងអស់ ដែល​ផ្ទុយ​ស្រឡះ​ពី​ខ្លឹមសារ​របស់​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​ពី​គណៈកម្មាធិការ​នេះ។

មាត្រា​១៥១​ថ្មី​ពីរ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មាន​សមាសភាព ៩​រូប ក្នុង​នោះ ៤​រូប​ត្រូវ​ជ្រើស​ដោយ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល ៤​រូប​ផ្សេង​ទៀត​ត្រូវ​ជ្រើសរើស​ពី​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ដែល​មិន​ចូលរួម​ក្នុង​រដ្ឋាភិបាល និង ១​រូប​ទៀត​ត្រូវ​ជ្រើសរើស​ដោយ​ការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំងអស់។

បច្ចុប្បន្ន​នេះ សមាសភាព​ទាំង ៩​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សុទ្ធសឹងតែ​មកពី​គណបក្ស​កាន់​អំណាច​ទាំងអស់ ក្នុង​នោះ​រួម​មាន​លោក ប្រាជ្ញ ចន្ទ ជា​ប្រធាន លោក នុត សុខុម ជា​អនុប្រធាន និង​លោក ហង្ស ពុទ្ធា ជា​សមាជិក​ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស