40.6 C
Phnom Penh

ប្រធាន​មន្ទីរ​កិច្ចការ​នារី​ព្រួយបារម្ភ​ពី​ការ​ធ្លាក់ចុះ​សីលធម៌​សង្គម​ដែល​អាច​ទៅ​ជា​សង្គម​អណាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​មន្ទីរ​កិច្ចការ​នារី បារម្ភ​ពី​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម​កម្ពុជា​សព្វថ្ងៃ ដែល​បាន​កើត​មាន​នូវ​អំពើ​កាប់​សម្លាប់ ការ​បំពាន​ផ្លូវភេទ​ទៅ​លើ​ស្ត្រី និង​កុមារ អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ការ​ប្រើប្រាស់​គ្រឿងញៀន នឹង​ធ្វើ​ឱ្យ​សង្គម​ខ្មែរ​ក្លាយជា​សង្គម​អណាធិបតេយ្យ បើ​មិន​ទប់ស្កាត់​ឱ្យ​បាន​ទាន់​ពេល​ទេ​នោះ។

ប្រធាន​មន្ទីរ​កិច្ចការ​នារី​រាជធានី​ភ្នំពេញ អ្នកស្រី កាន់ រតនៈឧប្បុល បាន​លើកឡើង​ក្នុង​ពិធី​ប្រារព្ធ​វេទិកា​ស្ដីពី​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២២ នេះ​ថា នៅ​ពេល​ដែល​សីលធម៌​សង្គម​ធ្លាក់ចុះ ទោះបីជា​មាន​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេដ្ឋកិច្ច​ឡើង​ខ្ពស់​ដល់​កម្រិត​ណា​ក៏ដោយ ក៏​មិន​អាច​ធ្វើ​ឲ្យ​សង្គម​នោះ​មាន​សេចក្តី​សុខ​ក្សេមក្សាន្ត​បាន​ដែរ។

អ្នកស្រី កាន់ រតនៈឧប្បុល អះអាង​ថា សីលធម៌​សង្គម គឺជា​ច្បាប់​ទម្លាប់​មួយ​សម្រាប់​ចង​មនុស្ស​ឲ្យ​មាន​ការ​គោរព​គ្នា​ទៅវិញ​ទៅមក និង​ដើម្បី​ឲ្យ​មនុស្ស​ចេះ​រស់នៅ​ក្នុង​សង្គម​ជាមួយ​គ្នា ចៀស​ការ​ឈ្លោះ​ប្រកែក ការ​រើសអើង ការ​ជិះជាន់​គាបសង្កត់ និង​កេងប្រវ័ញ្ច​គ្នា​ផង​ដែរ។

ប្រធាន​មន្ទីរ​កិច្ចការ​នារី​រូប​នេះ​បញ្ជាក់​ថា នៅ​ពេល​ដែល​សីលធម៌​សង្គម​ធ្លាក់ចុះ អំពើ​អនាចារ​គ្រប់​រូបភាព​នឹង​កើត​ឡើង​ជា​បន្តបន្ទាប់ ដូចជា​ការ​លួច ប្លន់ ឬ​ការ​ចាប់​ជំរិត ជាដើម ហើយ​អំពើ​ទុច្ចរិត​ទាំងនេះ​នឹង​ពង្រីក​ខ្លួន​កាន់តែ​ធំ​ទៅៗ​ក្នុង​សង្គម​ជាតិ មិន​យូរ​មិន​ឆាប់ វា​នឹង​ធ្វើ​ឱ្យ​សង្គម​ខ្មែរ​ក្លាយជា​សង្គម​អណាធិបតេយ្យ បើ​មិន​ទប់ស្កាត់​ឱ្យ​បាន​ទាន់ពេល​ទេ​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​សីលធម៌​សង្គម​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​ធ្លាក់ចុះ​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​សីលធម៌​របស់​មេដឹកនាំ​នយោបាយ​ដែល​បង្ក​ទៅជា​វិបត្តិ​សម្រាប់​ប្រទេស​ជាតិ​នា​ពេល​បច្ចុប្បន្ន​នេះ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៩ មេសា ថា ការ​លើកឡើង​របស់​ប្រធាន​មន្ទីរ​កិច្ចការ​នារី​បែប​នេះ​គ្រាន់តែ​បង្ហាញ​ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​មាន​ភាព​ទន់ខ្សោយ​ប៉ុណ្ណោះ ព្រោះ​ថា​អំពើ​ឃាតកម្ម ការ​គំរាម​សម្លាប់ និង​ការ​រំលោភ​បំពាន​ផ្លូវភេទ ជាដើម គឺជា​ករណី​ល្មើស​ច្បាប់​ធ្ងន់ធ្ងរ ដែល​មាន​កំហុស​លើស​ពី​ក្រមសីលធម៌​សង្គម​ទៅ​ទៀត ដូច្នេះ​អ្នក​ប្រព្រឹត្តិ​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជាដាច់ខាត។

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​រិះគន់​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ មិនមែន​ធ្លាក់ចុះ​តែ​សីលធម៌​សង្គម​នោះ​ទេ សូម្បីតែ​ការ​អនុវត្ត​ច្បាប់​ក៏​មាន​ស្តង់ដារ​ពីរ​ដែរ ហើយ​ប្រទេស​មួយ​ដែល​អនុវត្ត​ច្បាប់​បែប​នេះ ចុងក្រោយ​នឹង​ក្លាយជា​សង្គម​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​អណាធិបតេយ្យ ព្រោះ​ច្បាប់​ក៏​មិន​ត្រូវ​បាន​យក​មក​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​អំពើ​អសីលធម៌​ក៏​កើត​មាន​ព្រោងព្រាត​ក្នុង​សង្គម។

លោក ហ៊ុន កុសល បញ្ជាក់​ថា សីលធម៌​សង្គម​មាន​មូលដ្ឋានគ្រឹះ​ពី​ការ​ពង្រឹង​ច្បាប់ បើ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​បាន​ល្អ​ត្រឹមត្រូវ នោះ​ការ​ប្រព្រឹត្ត​អំពើ​សីលធម៌​ក៏​បាន​ល្អ​ប្រសើរ​ទៅ​តាម​នោះ​ដែរ ប៉ុន្តែ​បើ​សង្គម​នោះ​រីក​ដុះដាល​នូវ​ទង្វើ​អសីលធម៌​កាន់តែ​ច្រើន​ឡើងៗ ក៏​បង្ហាញ​ឱ្យ​ឃើញ​ដែរ​ថា​ការ​អនុវត្ត​ច្បាប់​នៃ​ប្រទេស​នោះ​កំពុងតែ​ធ្លាក់ចុះ​យ៉ាង​ធ្ងន់ធ្ងរ។

កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស លោក ហ៊ុន សែន ជាង ៤០​ឆ្នាំ​មក​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​បាន​ដឹកនាំ​សង្គម​ជាតិ​ទៅ​រក​ភាព​អន់ថយ​ជា​លំដាប់ ព្រោះ​ថា​បាន​លេច​ចេញ​នូវ​អំពើ​និទ្ទណ្ឌភាព​រាប់​មិន​អស់ ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់ និង​ការ​រំលោភ​ច្បាប់​ពី​សំណាក់​អ្នក​មាន​អំណាច​កំពូល​ក្នុង​ជួរ​រដ្ឋាភិបាល ជាដើម។

ជុំវិញ​បញ្ហា​នេះ កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០២២ បុរស​ខ្លាំង​នៅ​កម្ពុជា​ដែល​គេ​ហៅថា​ជា​មេដឹកនាំ​បែប​ជើងកាង បាន​គំរាម​សម្លាប់​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា លោក សុខ សុគន្ធ ក្រៅ​ប្រព័ន្ធ​ច្បាប់ បន្ទាប់ពី​អ្នកវិភាគ​រូប​នោះ​ចាប់ផ្តើម​ធ្វើការ​រិះគន់​ទៅលើ​ការ​ដឹកនាំ​របស់​លោក​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា នៅ​កម្ពុជា​អ្នក​ដែល​រំលោភ​បំពាន​ច្បាប់ និង​ប្រព្រឹត្ត​ទង្វើ​អសីលធម៌​ជាងគេ​នោះ គ្មាន​នរណា​ផ្សេង​ក្រៅពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន នោះ​ទេ ក្នុង​នោះ​លោក ហ៊ុន សែន ក៏​ធ្លាប់​គំរាម​សម្លាប់​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​លើ​វេទិកា​សាធារណៈ​របស់​ខ្លួន​ផង​ដែរ ហើយ​ឥរិយាបថ​បំពាន​ច្បាប់ និង​អសីលធម៌​បែប​នេះ លោក ហ៊ុន សែន នៅតែ​បន្ត​ប្រើ​រហូត​ដល់​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស