មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច អះអាងថា បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងពេញសិទ្ធិ និងបម្រុង រួមទាំងសកម្មជនជាច្រើនរបស់គណបក្សភ្លើងទៀន ៧៨រូបដែលមកពីខណ្ឌចំនួន១១ ក្នុងរាជធានីភ្នំពេញ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដែលជាសមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សកាន់អំណាចរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ បានបើកពិធីទទួលសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សភ្លើងទៀន ចំនួន ៧៨រូប ក្នុងនោះ ៥២រូបជាបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់របស់គណបក្សភ្លើងទៀនទាំងពេញសិទ្ធិ និងបម្រុង និង ២៦រូបផ្សេងទៀតគឺសុទ្ធសឹងតែជាសកម្មជនបក្សនេះទាំងអស់។
លោក ឃួង ស្រេង លើកឡើងថា គណបក្សកាន់អំណាចក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានលះបង់គ្រប់បែបយ៉ាងដើម្បីស្វែងរកសន្តិភាពជូនពលរដ្ឋកម្ពុជា ដោយមិនទុកឱ្យមានពលរដ្ឋខ្មែរណាម្នាក់ស្លាប់ដោយការអត់បាយនោះឡើយ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាន់តែខិតជិតមកដល់ នៅដើមខែមិថុនា ខាងមុខនេះ ខណៈគណបក្សភ្លើងទៀន មិនទាន់មានប្រតិកម្មលើបញ្ហានេះនៅឡើយ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ថា មូលហេតុដែលបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនគណបក្សភ្លើងទៀនចុះចូលជាមួយបក្សកាន់អំណាច គឺដោយសារតែពួកគាត់ត្រូវគេបំភ័យអំពីកំហុសផ្លូវច្បាប់របស់គណបក្សភ្លើងទៀន។
លោក មុត ចន្ថា បន្ថែមថា ការបំភ័យនោះ គឺគេអាចលើកឡើងអំពីការប្រឈមនឹងផ្លូវច្បាប់ក្រោមហេតុផលថា បក្សភ្លើងទៀនត្រូវបានដឹកនាំដោយលោក សម រង្ស៉ី ដែលត្រូវតុលាការកាត់ទោសពីបទឧក្រិដ្ឋដែលអាចធ្វើឱ្យបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនគណបក្សភ្លើងទៀនទាំងនោះជាប់ពាក់ព័ន្ធ និងមានទោសដូចក្នុងផែនការ ៩ វិច្ឆិកា ២០១៩ ដូច្នោះដែរ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះអះអាងថា បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សភ្លើងទៀនមួយចំនួន សម្រេចចូលរួមជាមួយបក្សកាន់អំណាចអាចដោយសារតែពួកគេខកចិត្ត បន្ទាប់ពីបានដឹងខ្លួនថា ត្រូវមន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀនបោកប្រាស់ ដោយការបន្លំឈ្មោះ ឬលួចយកឈ្មោះខ្លួនទៅដាក់ក្នុងបញ្ជីឈ្មោះបេក្ខជន ដែលបញ្ហានេះគឺស្រដៀងគ្នាទៅនឹងការបន្លំស្នាមមេដៃស្នើបង្កើតគណបក្សបេះដូងជាតិ ដែលឈានដល់ការចោទប្រកាន់ និងចាប់ខ្លួនស្ថាបនិកគណបក្សនេះពីបទក្លែងបន្លំឯកសារកាលពីពេលថ្មីៗនេះ។
លោក មុត ចន្ថា បញ្ជាក់ថា ការចូលរួមបោះឆ្នោតរបស់បក្សភ្លើងទៀន ដែលមានលោក សម រង្ស៊ី ជាអ្នកបញ្ជាពីក្រោយនេះ គឺជាការជួយច្រោះមនុស្សឱ្យបក្សកាន់អំណាច ងាយស្រួលកំណត់មុខសញ្ញាអ្នកដែលមាននិន្នាការមិនគាំទ្របក្សកាន់អំណាចប៉ុណ្ណោះ ហើយការចុះចូលនេះអាចនឹងកើតមានជាបន្តបន្ទាប់ទៀត។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានសរសេរលើបណ្ដាញសង្គមតេឡេក្រាមកាលពីថ្ងៃ២ ខែឧសភា ឆ្នាំ២០២២ ថា បេក្ខជនបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សភ្លើងទៀនចំនួន ៧៨រូប បានសុំចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចដោយស្មារតីភ្ញាក់រឭកនយោបាយ គ្មានការបង្ខិតបង្ខំនោះឡើយ។
លោក សុខ ឥសាន អះអាងថា គណបក្សភ្លើងទៀន នឹងរលត់មុនការបោះឆ្នោតជាមិនខាន ព្រោះបេក្ខជនបក្សភ្លើងទៀន ២រូប និងសកម្មជនជាង ១ពាន់នាក់នៅខេត្តត្បូងឃ្មុំ ក៏បានមកចូលរួមជាមួយគណបក្សកាន់អំណាចដែរ។
ទោះជាយ៉ាងណាក៏ដោយ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បានប្រាប់សារព័ត៌មានក្នុងស្រុកថា សារនយោបាយរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថាវាមិនបានឆ្លុះបញ្ចាំងនូវការពិតឡើយ។ លោកបានចំអកឱ្យលោក សុខ ឥសាន វិញថា ពន្លឺភ្លើងទៀនដែលកើតចេញពីការគាំទ្រនៅតាមមូលដ្ឋាននេះ វានឹងឆេះឋានទេវតាទៅវិញ ច្រើនជាងការទស្សន៍ទាយទុកមុនរបស់គណបក្សប្រជាជនកម្ពុជា។
កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់អាណត្តិទី៥ ឆ្នាំ២០២២ នេះ ក្នុងនោះបេក្ខជនគណបក្សភ្លើងទៀនត្រូវ គ.ជ.ប លុបចេញពីបញ្ជីបោះឆ្នោតមានចំនួន ៩ឃុំ-សង្កាត់ បន្ទាប់ពីខ្លួនបានដាក់បញ្ជីបេក្ខជន ១៦៣២ឃុំ-សង្កាត់ដែលបានចេញផ្សាយដោយ គ.ជ.ប កាលពីពេលកន្លងទៅនោះ៕