អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបកស្រាយជាថ្មីថា តុលាការចោទប្រកាន់តែលោក កឹម សុខា ពីបទ «សន្ទិដ្ឋភាពជាមួយរដ្ឋបរទេស» ប៉ុន្តែតុលាការមិនបានចោទប្រកាន់រដ្ឋបរទេសណាមួយក្នុងសំណុំរឿងលោក កឹម សុខា ឡើយ។
លោក ជិន ម៉ាលីន បានសរសេរលើហ្វេសប៊ុកកាលពីថ្ងៃទី១៥ ឧសភា បកស្រាយថា ក្រុមមេធាវីរបស់លោក កឹម សុខា បានលើកឡើងដោយព្យាយាមទាញរដ្ឋបរទេសឱ្យចូលខ្លួនក្នុងសំណុំរឿង និងបាននិយាយថា បើសិនជាមិនចោទប្រកាន់ទេ តុលាការគួរតែបញ្ចប់នីតិវិធីក្នុងរឿងក្ដីលោក កឹម សុខា ឱ្យបានឆាប់ ជាដើម។
លោកចាត់ទុកការការលើកឡើងរបស់ក្រុមមេធាវីរបស់លោក កឹម សុខា ថាអាចធ្វើឱ្យមានការភាន់ច្រឡំចំពោះប្រសាសន៍របស់លោក ហ៊ុន សែន ដែលបានថ្លែងនៅសហរដ្ឋអាមេរិក ដោយថាតុលាការកម្ពុជាចោទប្រកាន់តែលោក កឹម សុខា ពីបទ «សន្ទិដ្ឋភាពជាមួយរដ្ឋបរទេស» ប៉ុន្តែមិនបានចោទប្រកាន់ទៅលើរដ្ឋបរទេសណាមួយក្នុងសំណុំរឿងនេះទេ។
លោក ជិន ម៉ាលីន អះអាងថា អ្វីដែលលោក ហ៊ុន សែន បានលើកឡើងនៅសហរដ្ឋអាមេរិក គឺគ្រាន់តែចង់បញ្ជាក់ឱ្យសាធារណជនបានដឹងច្បាស់ថា កន្លងមកនេះ ទាំងរាជរដ្ឋាភិបាលក្តី ទាំងតុលាការក្តី មិនមែនជាអ្នកដែលភ្ជាប់សហរដ្ឋអាមេរិក ឬចោទប្រកាន់សហរដ្ឋអាមេរិក ឬរដ្ឋបរទេសណាមួយនៅក្នុងសំណុំរឿងដែលចោទប្រកាន់លើលោក កឹម សុខា នោះទេ។
ការអះអាងរបស់លោក ជិន ម៉ាលីន នាពេលនេះ ធ្វើឡើងបន្ទាប់ពីក្រុមមេធាវីរបស់លោក កឹម សុខា បានប្រាប់អ្នកសារព័ត៌មានថា ពួកគេនឹងស្នើឱ្យតុលាការកោះហៅទូតបរទេសចូលសវនាការក្នុងសំណុំរឿងត្រូវរ៉ូវជាមួយបរទេសនេះ។
លោកបានចាត់ទុកការស្នើរបស់ក្រុមមេធាវីរបស់លោក កឹម សុខា ថាគ្រាន់តែជាល្បិចរបស់ភាគីជនជាប់ចោទទាញរដ្ឋបរទេសចូលក្នុងសំណុំរឿងជាមួយលោក កឹម សុខា ដើម្បីប្រើប្រាស់បរទេសឱ្យជួយគាត់រួចចេញពីសំណុំរឿងព្រហ្មទណ្ឌ ឬពីដំណើរការកាត់ក្តីរបស់តុលាការ តាមរយៈឱ្យបរទេសប្រើឥទ្ធិពលដាក់សម្ពាធលើកម្ពុជាតែប៉ុណ្ណោះ។
កាលពីពេលថ្មីៗនេះ អំឡុងពេលចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន លោក ហ៊ុន សែន បានបដិសេធថា លោកមិនបានចោទអាមេរិកពាក់ព័ន្ធសំណុំរឿងសន្ទិដ្ឋភាពជាមួយរដ្ឋបរទេសរបស់លោក កឹម សុខា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជានោះទេ ប៉ុន្តែលោក កឹម សុខា ជាអ្នកលើកឡើងដោយខ្លួនឯង។ ករណីនេះ លោកបានជំរុញឱ្យអាមេរិកគួរទៅនិយាយរឿងនេះជាមួយលោក កឹម សុខា ព្រោះលោក កឹម សុខា ជាអ្នកលើកឡើង។
ក្រោយពីលោក ហ៊ុន សែន បដិសេធបែបនេះ ក្រុមមេធាវី និងសាធារណជនបាននាំគ្នារិះគន់ ដោយចាត់ទុកការអះអាងរបស់លោក ហ៊ុន សែន គ្រាន់តែជាលេស និងការដោះសាយករួចខ្លួនតែប៉ុណ្ណោះ។
ក្នុងលិខិតមួយដែលមេធាវីតំណាងដោយរដ្ឋាភិបាល ដាក់ចូលទៅតុលាការក្នុងដំណាក់កាលនៃនីតិវិធីសួរដេញដោលកាលពីពេលកន្លងមក បានបង្ហាញថា ប្រទេសជាប់ពាក់ព័ន្ធនឹងបទចោទប្រកាន់របស់លោក កឹម សុខា មាន៖
- សហរដ្ឋអាមេរិក
- អូស្ត្រាលី
- កាណាដា
- តៃវ៉ាន់
- សហភាពអឺរ៉ុប (EU)
- ឥណ្ឌា
- ឥណ្ឌូនេស៊ី
- ស៊ែប៊ី
- និងយូហ្គោស្លាវី។
នៅក្នុងបទចោទនេះដែរ សហមេធាវីតំណាងដោយរដ្ឋាភិបាលដែលជាដើមចោទ បានភ្ជាប់ឈ្មោះអង្គការសង្គមស៊ីវិលអន្តរជាតិចំនួន ៨ស្ថាប័ន រួមមាន៖
- យូអេសអេអាយឌី (USAID)
- អ៊ិនឌីអាយ (NDI)
- អាយអអាយ (IRI)
- ភីសខប (Peace Corps)
- ឌីស៊ីអេ (DCA)
- អាក់ស៊ីល (ACILS)
- និងអង្គការ ខនរ៉ាត់ (Konrad) ជាដើម ក៏ស្ថិតនៅក្នុងសំណុំរឿង «សន្ទិដ្ឋភាពជាមួយរដ្ឋបរទេស» នេះដែរ។
សហមេធាវីការពារក្តីលោក កឹម សុខា គឺលោក ផែង ហេង បានលើកឡើងលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១២ ខែឧសភា ថា បើអ្វីដែលលោកនាយករដ្ឋមន្ត្រីអះអាងថាមិនបានចោទសហរដ្ឋអាមេរិកក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះមែន នោះសំណុំរឿងលោក កឹម សុខា មិនពិបាកសម្រាប់តុលាការដោះស្រាយឡើយ។
លោកបង្ហាញក្ដីសង្ឃឹមថា ខ្មែរនឹងងាកមករកប្រជាធិបតេយ្យដោយដើរនៅលើផ្លូវត្រូវវិញ ហើយកម្ពុជាមិនបាត់បង់មិត្តភ័ក្ដិ ព្រមទាំងមិនបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប និង GSP របស់អាមេរិកនោះទេ។
កាលពីដើមខែឧសភា ឆ្នាំ២០២២ តំណាងជាន់ខ្ពស់ និងជាអនុប្រធានសហភាពអឺរ៉ុប លោក ចូសឹប បូរ៉ែល (Josep Borrell) ជំរុញរដ្ឋាភិបាលកម្ពុជាបើកលំហនយោបាយ និងផ្តល់ដំណោះស្រាយលើសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ខណៈការបោះឆ្នោតជិតចូលមកដល់ ដោយថាខ្លួននឹងពិចារណាផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ឱ្យកម្ពុជាវិញ ប្រសិនបើស្ថានភាពនយោបាយ និងប្រជាធិបតេយ្យនៅកម្ពុជាប្រសើរឡើងវិញ៕