42.2 C
Phnom Penh

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន សម្រេច​ឱ្យ​ខេត្ត​ចំនួន​៤​រួច​ផុត​ពី​ការ​ពាក់​ម៉ាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​នៅ​អាស៊ី លោក ហ៊ុន សែន សម្រេច​ដាក់​ខេត្ត​ចំនួន​៤ មិន​តម្រូវ​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​ចាប់ពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២២ បន្ទាប់ពី​កម្ពុជា​តម្រូវ​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ អស់​រយៈពេល ២​ឆ្នាំ​កន្លងមក​នេះ។

តាមរយៈ​សារ​សំឡេង​ដែល​ចែកចាយ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​សម្រេច​កំណត់​យក​ខេត្ត​៤ មាន​ដូចជា​ខេត្ត​រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ ដែល​ជា​ខេត្ត​មិន​តម្រូវ​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​បន្ត​ទៀត​ចាប់ពី​ថ្ងៃ​ដែល​បាន​សម្រេច​នេះ។

លោក ហ៊ុន សែន បន្ត​ថា ការ​សម្រេច​របស់​រដ្ឋាភិបាល​នា​ពេលនេះ ដើម្បី​ផ្ដល់​ជា​ជម្រើស​ដល់​ពលរដ្ឋ​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង ដោយ​មិន​មាន​ការ​បង្ខំ ឬ​តម្រូវ​ទៀត​នោះ​ទេ ប៉ុន្តែ​ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​ពាក់ ឬ​មិន​ពាក់​ម៉ាស់។ ទោះជា​យ៉ាងណា​ក៏ដោយ លោក​ថា​សម្រាប់​ពលរដ្ឋ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ មិន​ចាំបាច់​ពាក់​ម៉ាស់​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​ពួកគេ​ធ្វើ​ដំណើរ​ចេញពី​ទឹកដី​ខេត្ត​ទាំង​បួន​នេះ ដាច់ខាត​ត្រូវតែ​ពាក់​ម៉ាស់​វិញ។

លោក ហ៊ុន សែន បញ្ជាក់​ថា ការ​សម្រេច​បែប​នេះ ដើម្បី​សាកល្បង​ពី​ភាព​ធន់ ឬ​ភាព​ស៊ាំ​ក្នុង​សហគមន៍ បន្ទាប់ពី​រដ្ឋាភិបាល​អនុវត្ត​បាន​ជោគជ័យ​កន្លងមក ប៉ុន្តែ​លោក​ថា​នេះ​មិនមែន​ជា​ការ​យក​អាយុ​ជីវិត​ពលរដ្ឋ​ទៅ​សាកល្បង​ឡើយ ដោយ​អាជ្ញាធរ​ខេត្ត​ទាំងនោះ​ក៏​បាន​ត្រៀម​នូវ​វិធានការ​ពិសេស ក្នុង​ការ​ធ្វើ​តេស្ដ​រហ័ស​សម្រាប់​ពលរដ្ឋ​ដែល​មាន​ការ​សង្ស័យ​ផង​ដែរ។

កាលពី​ថ្ងៃ​ទី​៤ ខែ​មេសា លោក ហ៊ុន សែន បាន​ថ្លែង​ថា ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ កំពុង​មាន​ការ​ថយ​ចុះ​ច្រើន ហើយ​ករណី​នេះ រដ្ឋាភិបាល​កំពុងតែ​ពិចារណា​នឹង​សាកល្បង​យក​ខេត្ត​មួយ ឬ​ស្រុក​មួយ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​នៅ​ក្នុង​ស្រុក ឬ​ខេត្ត ដោយ​មិន​ឱ្យ​ពួកគេ​ពាក់​ម៉ាស់​នោះ​ទេ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​របស់​ពលរដ្ឋ។

ជាមួយ​គ្នា​នេះ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាន​ក្រើន​រំឭក​ឱ្យ​ពលរដ្ឋ​ដែល​មិនទាន់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ដូស​មូលដ្ឋាន ទៅ​ចាក់​នៅ​ក្នុង​អំឡុង​ពេល​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា ខាងមុខ​នេះ។ អ្នកស្រី​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បន្ត​អនុវត្ត​វិធានការ​ការពារ ៣​ការពារ និង ៣​កុំ នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ និង​ជាពិសេស​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ខណៈ​ពលរដ្ឋ​បាន​នាំគ្នា​សម្រុក​ធ្វើ​ដំណើរ​ពី​ទីក្រុង​ទៅ​ជនបទ ដើម្បី​ជួបជុំ​គ្រួសារ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។

ក្រសួង​សុខាភិបាល ឱ្យ​ដឹង​ថា មនុស្ស​ជិត ២០​នាក់​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ-១៩ បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង កាលពី​ថ្ងៃ​ទី​១០ មេសា ខណៈ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​មិនទាន់​មាន​នៅឡើយ​ទេ។ ក្រសួង​បញ្ជាក់​ថា គិត​មក​ដល់​ថ្ងៃ​ចន្ទ នេះ ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ អូមីក្រុង ចូល​ក្នុង​សហគមន៍​បាន​កើន​ឡើង​ដល់​ទៅ​ជាង ១​ម៉ឺន ៤​ពាន់​នាក់ (១៤១៦៩​នាក់)។

បើ​តាម​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២២ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ សរុប​ជាង ១​សែន ៣​ម៉ឺន​នាក់ (១៣៥៩៦៣​នាក់) ក្នុង​នោះ​អ្នកជំងឺ​ព្យាបាល​ជាសះស្បើយ​មាន​ជាង ១​ម៉ឺន ៣​សែន​នាក់ (១៣២៦៣៩​នាក់) និង​ស្លាប់​ជាង ៣​ពាន់​នាក់ (៣០៥៥​នាក់)៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស