34 C
Phnom Penh

គ.ជ.ប អំពាវនាវ​ដល់​បក្ស​នយោបាយ​គោរព​បទប្បញ្ញត្តិ​និង​គោលការណ៍​ច្បាប់​ពេល​ឃោសនា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) អំពាវនាវ​ដល់​គណបក្ស​នយោបាយ និង​អ្នក​គាំទ្រ​ទាំងអស់ ត្រូវ​គោរព​តាម​បទប្បញ្ញត្តិ និង​គោលការណ៍​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត ដើម្បី​ឱ្យ​ការ​ឃោសនា​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី សុវត្ថិភាព និង​អហិង្សា។

ក្នុង​សេចក្ដី​អំពាវនាវ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ចុះ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា ការ​ឃោសនា​បោះឆ្នោត គឺជា​សកម្មភាព​មួយ​ចំនួន​ដែល​ត្រូវ​ធ្វើជា​សាធារណៈ ដើម្បី​បញ្ចុះបញ្ចូល​អ្នក​បោះឆ្នោត​ឱ្យ​បោះឆ្នោត​គាំទ្រ​បេក្ខជន ឬ​គណបក្ស​នយោបាយ​ណា​មួយ។ ដូច្នេះ ដោយ​អនុលោម​ទៅ​តាម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជា​ការ​ឃោសនា​បោះឆ្នោត​ដែល​មាន​បំណង​ឱ្យ​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត និង​បេក្ខជន​ធ្វើការ​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ និង​កម្មវិធី​នយោបាយ​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​ឃុំ-សង្កាត់​ដល់​អ្នក​បោះឆ្នោត។

គ.ជ.ប លើកឡើង​ថា ដើម្បី​ឱ្យ​ការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី សន្តិសុខ សុវត្ថិភាព និង​អហិង្សា គ.ជ.ប អំពាវនាវ​ទៅ​គណបក្ស​នយោបាយ បេក្ខជន រួម​ទាំង​អ្នក​គាំទ្រ​គណបក្ស​នយោបាយ​ទាំងអស់ ត្រូវ​គោរព​តាម​វិធាន និង​បទប្បញ្ញត្តិ​ដែល​មាន​ចែង​ក្នុង​ច្បាប់ ព្រមទាំង​គោរព​បទបញ្ជា នីតិវិធី ក្រមសីលធម៌ និង​គោលការណ៍​នានា​ដែល​បាន​កំណត់​ដោយ គ.ជ.ប។

គ.ជ.ប បញ្ជាក់​ថា ដើម្បី​ឱ្យ​គណបក្ស​នយោបាយ​នីមួយៗ​អាច​អនុវត្ត​កម្មវិធី​ឃោសនា​បោះឆ្នោត និង​ការ​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​របស់​ខ្លួន​ប្រព្រឹត្ត​ទៅ​ដោយ​ស្មើភាព​គ្នា អាជ្ញាធរ​ដែនដី​ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត ឥត​លម្អៀង​ក្នុង​សកម្មភាព​ការងារ​របស់​ខ្លួន និង​ត្រូវ​សម្របសម្រួល​ទីកន្លែង ផ្លូវ ពេលវេលា​ផង​ដែរ។

កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២២ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ក្រើន​រម្លឹក​ជា​ថ្មី​ទៅ​កាន់​អាជ្ញាធរ​កុំ​ឲ្យ​ប្រើប្រាស់​ទីតាំង​រដ្ឋ ទ្រព្យសម្បត្តិ​រដ្ឋ និង​ម៉ោង​ដែល​ត្រូវ​បំពេញ​ការងារ​ឲ្យ​រដ្ឋ ទៅ​បម្រើ​ឲ្យ​ផលប្រយោជន៍​គណបក្ស​នយោបាយ។ លោក ស ខេង ថ្លែង​ថា ការ​បោះឆ្នោត​ដែល​ទទួល​បាន​ជោគជ័យ គឺជា​ការ​បោះឆ្នោត​ដែល​គ្មាន​អំពើ​ហិង្សា គ្មាន​ការ​លួច​បន្លំ មាន​ភាព​ត្រឹមត្រូវ សេរី និង​យុត្តិធម៌ មាន​តម្លាភាព ស្រប​តាម​ច្បាប់ និង​តាម​បទបញ្ជា នីតិវិធី។

ការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ដល់​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ​២០២២ ខណៈ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស