31 C
Phnom Penh

GDP៖ ការ​រើសអើង​និន្នាការ​នយោបាយ​ជា​ប្រធានបទ​យ៉ាង​សំខាន់​សម្រាប់​ពលរដ្ឋ​នៅ​មូលដ្ឋាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០២២ អះអាង​ថា ភាព​ភ័យខ្លាច​ដោយសារ​ការ​រើសអើង​និន្នាការ​នយោបាយ​សម្រាប់​ពលរដ្ឋ​នៅ​មូលដ្ឋាន បាន​ក្លាយ​ជា​ប្រធានបទ​យ៉ាង​សំខាន់​មួយ​អំឡុង​ពេល​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៩ ឧសភា នេះ​ថា ការ​លុបបំបាត់​បញ្ហា​រើសអើង និង​ភាព​ភ័យខ្លាច​ដែល​កើតឡើង​ពី​ការ​ប្រកាន់​និន្នាការ​នយោបាយ​ដែល​បណ្តាល​ឱ្យ​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សមាជិក សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ក្នុង​អំឡុង​ពេល​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ​នេះ រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​លុបចោល​ឲ្យ​អស់ ដើម្បី​ធានា​បាន​នូវ​ការ​បោះឆ្នោត​មួយ​ស្រប​តាម​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ។

បណ្ឌិត យ៉ង សាំងកុមារ អះអាង​ថា អំឡុង​ពេល​នៃ​ការ​ដាក់​បញ្ជី​ឈ្មោះ​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ​នេះ តែងតែ​មាន​ការ​គាប​សង្កត់​ពី​អាជ្ញាធរ​មូលដ្ឋាន​មក​លើ​បេក្ខជន​ឈរ​ឈ្មោះ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជារឿយៗ​ផង​ដែរ។ ក្នុង​នោះ​ក៏​មាន​ការ​បង្ខំ​ឱ្យ​បេក្ខជន​មេឃុំ​របស់​លោក​លាឈប់​ពី​គណបក្ស និង​លាឈប់​ពី​ប្រធាន​សហគមន៍​កសិកម្ម​នៅ​ក្នុង​មូលដ្ឋាន​ថែម​ទៀត។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា គោល​នយោបាយ​របស់​គណបក្ស​លោក គឺ​លើកស្ទួយ​សេរីភាព​នយោបាយ និង​លុបបំបាត់​ការ​រើសអើង ក្នុង​នោះ​ឃុំ-សង្កាត់​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺ​មិន​ឲ្យ​មេភូមិ អនុ​ភូមិ ជំនួយការ​ភូមិ និង​ប្រជា​ការពារ​ភូមិ ដើរ​តួនាទី​ជា​សកម្មជន​របស់​គណបក្ស​ឡើយ ប៉ុន្តែ​ពួកគេ​ត្រូវ​បំពេញ​តួនាទី​ជា​អ្នក​បម្រើ​ពលរដ្ឋ​គ្រប់​និន្នាការ​ទាំងអស់​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ កាន់តែ​ខិត​ជិត​មក​ដល់ ខណៈ​គណបក្ស​ដែល​ចូលរួម​ការ​បោះឆ្នោត​នេះ​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​នៅ​មូលដ្ឋាន​ជា​បន្តបន្ទាប់។

ទិន្នន័យ​សង្គម​បាន​លាតត្រដាង​កាលពី​ពេល​ថ្មីៗ​នេះ ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​នយោបាយ​កើត​មាន​ជា​ហូរហែ ដូចជា​ការ​ចោទប្រកាន់ ការ​ចាប់​ខ្លួន និង​គំរាមកំហែង​ផ្សេងៗ​ទៀត​អំឡុង​ពេល​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ​កាន់តែ​ជិត​មក​ដល់​នា​ពេល​ខាងមុខ​នោះ។

យ៉ាងណាក៏ដោយ កាលពី​ចុង​ខែ​មេសា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​បង្ក​លក្ខណៈ​សម្បត្តិ​ងាយស្រួល​ដល់​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ខាងមុខ​នេះ ជាពិសេស​ត្រូវ​ផ្តល់​សិទ្ធិ​ពេញលេញ​ដល់​ពលរដ្ឋ​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ពួកគេ​ពេញចិត្ត ព្រមទាំង​បញ្ឈប់​នូវ​ការ​គំរាមកំហែង ឬ​បង្ខិតបង្ខំ​តាម​គ្រប់​រូបភាព​ផង​ដែរ។

ជុំវិញ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ នេះ ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​កំពុង​រៀបចំ​ឧក្រិដ្ឋកម្ម​បោះឆ្នោត​មួយ​តាមរយៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដើម្បី​បន្លំ​ភ្នែក​អន្តរជាតិ និង​ពលរដ្ឋ​ម្ចាស់​ប្រទេស ហើយ​ក៏​កំពុង​បន្ត​ឧក្រិដ្ឋកម្ម​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផង​ដែរ។

ប្រភព​ដដែល​អះអាង​ថា រាល់​អាណត្តិ​កន្លងមក គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន បាន​ត្រឹមតែ​លួច​សន្លឹកឆ្នោត និង​គំរាមកំហែង​ពលរដ្ឋ​នៅ​មូលដ្ឋាន ឬ​ទិញ​សន្លឹកឆ្នោត​ប៉ុណ្ណោះ ប៉ុន្តែ​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ ពួកគេ​បាន​គ្រប់គ្រង​ដំណើរការ​នៃ​ការ​បោះឆ្នោត​នេះ​គ្រប់​បែប​យ៉ាង ជាពិសេស​សមាសភាព គ.ជ.ប ទាំង ៩​រូប សុទ្ធសឹងតែ​ជា​សមាជិក​បក្ស​កាន់​អំណាច​ទាំងអស់​ដែល​ផ្ទុយ​ស្រឡះ​ពី​ច្បាប់​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​មាត្រា​១៥១​ថ្មី​ពីរ ដែល​បាន​ចែង​អំពី​សមាសភាព​គណៈកម្មាធិការ​នេះ ដើម្បី​ធានា​នូវ​ភាព​ឯករាជ្យ​ក្នុង​ការ​បោះឆ្នោត។

ដំណើរការ​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ខណៈ​កាលបរិច្ឆេទ​នៃ​ការ​ឃោសនា​នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស