លោក ហ៊ុន សែន តែងតែអួតអាងថា លោកបានបង្កើតសន្តិភាពក្នុងប្រទេសកម្ពុជា។ ផ្ទុយទៅវិញ លោកតែងគំរាមម្តងហើយម្តងទៀតអំពីបញ្ហាបដិវត្តន៍ពណ៌ និងចោទក្រុមនេះ ឬក្រុមនោះថាមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោកតាមរយៈការធ្វើបដិវត្តន៍ពណ៌។
ក្នុងឱកាសថ្លែងសារអបអរសាទរនៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ លោក ហ៊ុន សែន បានឆ្លៀតរំឭករឿងបដិវត្តន៍ពណ៌ដែលគាត់ធ្លាប់ប្រើជាការគំរាមកម្ទេចចំពោះក្រុមអ្នករិះគន់ និងអ្នកប្រឆាំងចំពោះការដឹកនាំរបស់គាត់។ បន្ទាប់ពីការគំរាមរបស់លោក ហ៊ុន សែន ចំណែកកូនប្រុសរបស់លោកមួយរូបទៀត គឺលោក ហ៊ុន ម៉ានី បានលើកឡើងថា បដិវត្តន៍ពណ៌មិនបានទៅណាឆ្ងាយពីកម្ពុជាឡើយ។
តើអ្វីទៅជាបដិវត្តន៍ពណ៌?
អ្នកវិភាគខ្លះនិយាយថា ពលរដ្ឋតែងងើបឡើងតវ៉ាប្រឆាំងនឹងអំពើផ្ដាច់ការ អំពើអយុត្តិធម៌សង្គម និងអំពើពុករលួយរបស់រដ្ឋាភិបាល ហើយឈានទៅទម្លាក់រដ្ឋាភិបាលនោះចេញពីអំណាចដោយជំនួសមកវិញដោយរដ្ឋាភិបាលថ្មីតាមរយៈការបោះឆ្នោតដោយពលរដ្ឋ។
អ្នកវិភាគនយោបាយនៅសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក លោក Lincoln A. Mitchell បានពន្យល់ថា ចាប់ពីចុងឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០០៥ បាតុកម្មអហិង្សារបស់មហាជនតាមដងផ្លូវបានកើតឡើងជាបន្តបន្ទាប់ដើម្បីទម្លាក់របបពុករលួយ និងផ្ដាច់ការក្នុងប្រទេស Georgia ប្រទេស Ukraine និងប្រទេស Kyrgyzstan។ បាតុកម្មទាំងនោះជំរុញឲ្យមានការបោះឆ្នោតក្នុងប្រទេសទាំងបីនេះដែលគេហៅថា ជាចលនាបដិវត្តន៍ពណ៌។
ព្រឹត្តិការណ៍ស្រដៀងគ្នានេះបានកើតឡើងក្នុងបណ្តាប្រទេសនានាក្នុងទសវត្សឆ្នាំ២០១០។ យុវជនមួយរូបនៃប្រទេសទុយណេស៊ី បានធ្វើអត្តឃាតដោយដុតខ្លួនឯងដែលជាការតវ៉ានឹងអំពើអយុត្តិធម៌ និងពុករលួយរបស់មន្ត្រីរដ្ឋាភិបាលមកលើរូបគាត់។ ការស្លាប់នៃយុវជនរូបនោះ បានធ្វើឲ្យពលរដ្ឋទុយណេស៊ី ផ្ទុះកំហឹង និងធ្វើបាតុកម្មទូទាំងប្រទេសរហូតដល់ទម្លាក់រដ្ឋាភិបាលចេញពីអំណាច។ ព្រឹត្តិការណ៍ក្នុងប្រទេសទុយណេស៊ី នេះ បានជះឥទ្ធិពលដល់ប្រទេសដទៃទៀតក្នុងតំបន់រហូតដល់មានការផ្លាស់ប្ដូររដ្ឋាភិបាលក្នុងបណ្តាប្រទេសទាំងនោះជាបន្តបន្ទាប់ ដូចជាប្រទេសអេស៊ីប និងប្រទេសលីប៊ី ជាដើម។
បើគេពិនិត្យមើលអំពីមូលហេតុនៃព្រឹត្តិការណ៍ទាំងនេះ គេអាចកត់សម្គាល់បានថា ទង្វើអាក្រក់របស់រដ្ឋាភិបាល គឺជាមូលហេតុនៃការនាំឲ្យមានបដិវត្តន៍ពណ៌។ បើតាមលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានថ្លែងក្នុងកម្មវិធី Idea Talk កាលពីខែមេសា ថា អ្នកដែលបង្កើតបដិវត្តន៍ពណ៌ គឺរដ្ឋាភិបាល មិនមែនពលរដ្ឋនោះទេ។
ចំណែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់និយាយជាសាធារណៈថា ពេលខ្លះចលនាបដិវត្តន៍ពណ៌កើតចេញពីផ្ទៃក្នុងរបស់រដ្ឋាភិបាលខ្លួនឯងតែម្តង ដែលមានមន្ត្រីអសកម្មមិនយកចិត្តទុកដាក់បម្រើរាស្ត្រ ហើយធ្វើឱ្យប៉ះពាល់សិទ្ធិសេរីភាព និងប្រយោជន៍របស់ពលរដ្ឋ។
តើហេតុអ្វីលោក ហ៊ុន សែន និងកូនៗរបស់គាត់តែងតែលើកឡើងអំពីបញ្ហាបដិវត្តន៍ពណ៌ដូច្នេះ?
លោក ហ៊ុន សែន ជាអតីតទាហានខ្មែរក្រហមមួយរូប។ ក្នុងរបបផ្ដាច់ការឃោរឃៅដូចខ្មែរក្រហមនេះ មេដឹកនាំតែងមានការប្រយ័ត្នប្រយែងខ្លាំង និងសង្ស័យច្រើន។ ហេតុនេះ ការដឹកនាំរបស់មេដឹកនាំផ្ដាច់ការដូច ប៉ុល ពត គឺផ្អែកតែលើមនុស្សដែលខ្លួនទុកចិត្ត ឬចាត់ទុកជាមនុស្សស្អាតស្អំដែលស្មោះស្ម័គ្រ និងដើរតាមមាគ៌ាបក្ស។
ដូច្នេះ ការដែលលោក ហ៊ុន សែន ក្លាយជានាយទាហាន ឬជាកម្មាភិបាលខ្មែរក្រហម អាចដោយសារលោកជាមនុស្សឆ្អិនឆ្អៅទទួលយក និងអនុវត្តមនោគមវិជ្ជាកុម្មុយនីស្តឃោរឃៅរបស់ខ្មែរក្រហមដែរ។

អ្នកតាមដានស្ថានការណ៍សង្គម លោក សុខ សុគន្ធ បានថ្លែងក្នុងកម្មវិធី Idea Talk របស់ The Cambodia Daily កាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ថា ថ្វីបើពួកខ្មែរក្រហមទីមួយបានរលាយរលត់ តែពួកខ្មែរក្រហមទី២ ទី៣ បានកើតឡើង។
ការលើកឡើងរបស់លោក សុខ សុគន្ធ ទំនងជាចង់សំដៅថា លោក ហ៊ុន សែន ជាទាយាទបន្តមនោគមន៍វិជ្ជារបស់ក្រុមខ្មែរក្រហមទី១ ដែលដឹកនាំដោយ ប៉ុល ពត។
ក្នុងរបបខ្មែរក្រហម ប៉ុល ពត និងក្រុមរបស់គាត់សម្លាប់ពលរដ្ឋខ្មែរប្រមាណពីរលាននាក់ ដោយសារតែការលាបពណ៌ និងចោទថាជាភ្នាក់ងារ CIA របស់អាមេរិក ក្បត់អង្គការ ឬមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាល ជាដើម។ ពួកកម្មាភិបាលខ្មែរក្រហមតែងបង្កើតលេស លាបពណ៌ និងចោទប្រកាន់នរណាមួយនៅពេលដែលពួកគេចង់ចាប់ ឬសម្លាប់អ្នកនោះ។
ស្រដៀងគ្នានឹងអ្វីដែលបានកើតក្នុងរបបខ្មែរក្រហមកាលពីជិតកន្លះសតវត្សមុន លោក ហ៊ុន សែន ដែលកំពុងដឹកនាំរបបផ្ដាច់ការនៅកម្ពុជាបច្ចុប្បន្ន បានអនុវត្តស្រដៀងគ្នាទៅនឹងមេដឹកនាំខ្មែរក្រហម ប៉ុល ពត ដែរ តាមរយៈការលាបពណ៌ និងការចោទអ្នកណាម្នាក់ដែលលោកចង់ចាប់ដាក់ពន្ធនាគារ ឬចង់កម្ចាត់ចោលពីឆាកនយោបាយ។
ដូច្នេះ ការដែលលោក ហ៊ុន សែន តែងតែលើកឡើងអំពីបដិវត្តន៍ពណ៌ គឺជាយុទ្ធសាស្ត្រដដែលៗដើម្បីគំរាម ឬមានបំណងកម្ចាត់នរណាម្នាក់ ហើយអ្វីដែលគាត់កំពុងតែធ្វើនេះ គឺដូចគ្នាទៅនឹងមេដឹកនាំខ្មែរក្រហមដែលបានធ្វើកាលពី ៤៧ឆ្នាំមុន។
ដូច្នេះ អ្វីដែលលោក សុខ សុគន្ធ អះអាង គឺចង់មានន័យថា លោក ហ៊ុន សែន ជាអ្នកស្នងត្រកូលខ្មែរក្រហមជំនាន់ទី២ រីឯកូនរបស់លោកដែលទទួលការបណ្តុះបណ្តាលពីលោកក្នុងការប្រើយុទ្ធសាស្ត្រដូចគ្នានោះ អាចជាអ្នកបន្តវេនខ្មែរក្រហមជំនាន់ទី៣។
តែបើគេសង្កេតអំពីប្រវត្តិនៃការឡើងកាន់អំណាចរបស់លោក ហ៊ុន សែន លោកមិនដែលបានអំណាចតាមវិធីសុចរិត ឬការគាំទ្រដោយពលរដ្ឋតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ម្តងណាឡើយ។
ក្នុងឆ្នាំ១៩៨៥ លោក ហ៊ុន សែន ទទួលបានតំណែងជានាយករដ្ឋមន្ត្រីតាមរយៈការលើកបន្តុបដោយប្រទេសវៀតណាម។ វៀតណាមបានផ្តល់តំណែងឲ្យលោកនៅពេលនោះ ដោយសារតែលោកបានស្មោះស្ម័គ្របម្រើវៀតណាមឥតងាករេ។ លោក ហ៊ុន សែន បានទទួលតំណែងកំពូលនេះ គឺបន្ទាប់ពីលោក និងកងទ័ពវៀតណាម បានសម្រុកចូលចាប់ខ្លួនលោក ប៉ែន សុវណ្ណ ដែលជានាយករដ្ឋមន្ត្រីនៅពេលនោះ។
ក្រោយមកទៀត តំណែងនាយករដ្ឋមន្ត្រីដែលលោក ហ៊ុន សែន បានទទួលចាប់តាំងពីឆ្នាំ១៩៩៣ មក គឺសុទ្ធតែធ្វើឡើងតាមកម្លាំងយោធា និងការកេងបន្លំសន្លឹកឆ្នោត។

ចំណុចទាំងនេះ អាចបញ្ជាក់ថា លោក ហ៊ុន សែន គ្មានជំនឿលើប្រព័ន្ធប្រជាធិបតេយ្យ ឬការបោះឆ្នោតតាមឆន្ទៈរបស់ពលរដ្ឋខ្មែរនោះទេ គឺលោកជឿតែលើអំពើហិង្សា និងផ្ដាច់ការតែប៉ុណ្ណោះ។ ហេតុនេះ វិធីគ្រប់គ្រងអំណាចរបស់លោក ហ៊ុន សែន គឺជាវិធីគាបសង្កត់ បង្ក្រាប និងកម្ចាត់គូប្រកួត ឬគូទំនាស់ ដូចអ្វីដែល ប៉ុល ពត បានធ្វើក្នុងទសវត្សឆ្នាំ១៩៧០។ ដូច្នេះ លោកតែងតែបង្កើតលេសផ្សេងៗដើម្បីចោទ និងចាប់ប៉ុណ្ណោះ។ ដូច្នេះ រឿងបដិវត្តន៍ពណ៌ដែលលោក ហ៊ុន សែន និងកូនរបស់លោកតែងតែលើកឡើងនោះ អាចគ្រាន់តែជាលេសដើម្បីគំរាម ឬចាត់ការលើបុគ្គល ឬក្រុមណាមួយតែប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត មេដឹកនាំនៃរបបផ្ដាច់ការច្រើនតែមានការសង្ស័យច្រើន ហើយនៅពេលដែលខ្លួនរងការរិះគន់អ្វីមួយ ខ្លួនតែងគិតថាអ្នកនោះហ៊ានប្រឆាំង ឬចង់ក្បត់នឹងខ្លួន។ ស្រដៀងគ្នានឹងចំណុចនេះដែរ លោក សុខ សុគន្ធ ធ្លាប់បានប្រាប់ The Cambodia Daily ថា លោក ហ៊ុន សែន គឺជាមនុស្សចូលចិត្តពាក្យបញ្ជោរ ហើយមិនអនុញ្ញាតឲ្យមានមតិផ្ទុយ ឬជំទាស់អ្វីនោះទេ។
ប៉ុន្តែអំពើផ្ដាច់ការរបស់លោក ហ៊ុន សែន បានបង្កើតនូវរឿងអយុត្តិធម៌សង្គម និងសេចក្តីឈឺចាប់ជាច្រើនចំពោះពលរដ្ឋខ្មែរ។ ដូច្នេះមតិរិះគន់ចំពោះទង្វើអាក្រក់របស់លោក គឺជារឿងដែលជៀសមិនផុត។
ដូច្នេះ នៅពេលដែលលោកប្រឈមនឹងការរិះគន់ គួបផ្សំនឹងចរិតរបស់លោកមិនចូលចិត្តស្តាប់ពាក្យមិនល្អផងនោះ លោក ហ៊ុន សែន ក៏ចាប់ផ្តើមសង្ស័យថា អ្នករិះគន់ទាំងនោះ គឺចង់ធ្វើបដិវត្តន៍ពណ៌។
ចំណែកលោក គឹម សុខ អ្នកវិភាគនយោបាយ សង្គម និងជាប្រធានវេទិកាពលរដ្ឋ ឬ People Forum ធ្លាប់បានលើកឡើងក្នុងកម្មវិធី Idea Talk របស់ The Cambodia Daily កាលពីខែមេសា កន្លងទៅនេះថា ការដែលលោក ហ៊ុន សែន លើកឡើងអំពីបដិវត្តន៍ពណ៌ គឺដើម្បីបំភ័យឲ្យពលរដ្ឋទទួលយកលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ខាងមុខ ដែលជាការបោះឆ្នោតមួយលោករៀបចំ និងចាត់ចែងតាមអំពើចិត្ត។
ដូច្នេះ ការដែលលោក ហ៊ុន សែន និងកូនរបស់លោកតែងលើកឡើងអំពីបញ្ហាបដិវត្តន៍ពណ៌ អាចជាលេសដែលពួកគេប្រឌិតឡើង ដើម្បីគំរាម ឬដើម្បីកម្ចាត់ក្រុមអ្នករិះគន់ និងជនទាំងឡាយណាដែលមានមតិផ្ទុយពីការដឹកនាំរបស់លោកតែប៉ុណ្ណោះ៕