30.7 C
Phnom Penh

កម្ពុជា-វៀតណាម​ប្ដេជ្ញា​បន្ត​អនុវត្ត​ផែនការ​សហប្រតិបត្តិការ​គ្រប់​វិស័យ​អាទិភាព​ទាំងអស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា ប្ដេជ្ញា​ធ្វើការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត​រវាង​កម្ពុជា និង​វៀតណាម ដោយ​បន្ត​រួម​គ្នា​អនុវត្ត​ទៅតាម​លទ្ធផល​ដែល​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​អំឡុង​ពេល​ស្នាក់​អាស្រ័យ​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​សម្រេច​ឱ្យ​បាន​ជោគជ័យ​ថែម​ទៀត​លើ​គ្រប់​វិស័យ​អាទិភាព​ទាំងអស់។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​ឡើង​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ហ្វាន វ៉ាន់ហ្សាង កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​ខេត្ត​ប៊ិញភឿក ប្រទេស​វៀតណាម ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ឧសភា នេះ​ថា ការ​ចុះ​អនុសារណៈ​យោគយល់ នឹង​នាំ​មក​នូវ​ផលប្រយោជន៍​ទៅវិញ​ទៅមក​ដល់​ប្រជាជន និង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​រួម​ចំណែក​ដល់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​រូប​នេះ​អះអាង​ថា ប្រទេស​ទាំង​ពីរ​នឹង​បន្ត​រួម​គ្នា​អនុវត្ត​ទៅតាម​លទ្ធផល​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​មេដឹកនាំ​វៀតណាម លោក ផាម មិញជីញ (Phạm Minh Chính) បាន​ឯកភាព​គ្នា​ក្នុង​អំឡុង​ពេល​ស្នាក់​អាស្រ័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ឱ្យ​កាន់តែ​ប្រសើរ​ឡើង និង​សម្រេច​ឱ្យ​បាន​ជោគជ័យ​ថែម​ទៀត​លើ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​ប្រវត្តិសាស្ត្រ។

កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ជួប​ពិភាក្សា​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​មេដឹកនាំ​វៀតណាម លោក ផាម មិញជីញ មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក ថា​កម្ពុជា និង​វៀតណាម​បាន​បោះ​បង្គោល​ព្រំដែន​កើនឡើង​ដល់ ៩០% ហើយ​ក្នុង​នោះ​គឺ​នៅ​សល់​តែ ១០% ទៀត​ប៉ុណ្ណោះ។ ប្រទេស​ទាំង​ពីរ​ក៏​កំពុងតែ​ចរចា​ដើម្បី​បោះ​បង្គោល​បញ្ចប់​ដែរ។

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៩ កម្ពុជា និង​វៀតណាម​បាន​បោះ​បង្គោល​ព្រំដែន​បាន​ត្រឹមតែ ៨៤% ប៉ុណ្ណោះ ប៉ុន្តែ​រយៈពេល ២​ឆ្នាំ​មក​នេះ ប្រទេស​ទាំង​ពីរ​បាន​បោះ​បង្គោល​ព្រំដែន​បាន​ចំនួន ៦% បន្ថែម​ទៀត ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា និង​បាន​ចុះហត្ថលេខា​ទទួលស្គាល់​នៅ​ឆ្នាំ​២០២២ នេះ​ស្ថិត​ក្នុង​តំបន់​ដាក់ដាំ និង​ដាក់ហ៊ូត ខេត្ត​មណ្ឌលគិរី។

កម្ពុជា​មាន​ផ្ទៃដី​សរុប​ទំហំ ១៨១០៣៥​គីឡូម៉ែត្រ​ការ៉េ ដែល​មាន​ព្រំដែន​គោក​ជាប់​ប្រទេស​វៀតណាម ប្រវែង ១២៧០​គីឡូម៉ែត្រ។

ជុំវិញ​បញ្ហា​នេះ មាន​មតិ​រិះគន់​ថា ផ្ទៃក្រឡា​របស់​ប្រទេស​កម្ពុជា​បាន​បាត់បង់​អស់​ខ្លះ​ទៅ​ហើយ ប្រសិនបើ​មាន​ការ​វាស់វែង​ជាក់ស្តែង​នោះ ប៉ុន្តែ​លោក ហ៊ុន សែន អះអាង​ថា លោក​មិន​បាន​លក់​ដី​ឱ្យ​វៀតណាម​ដូច​ការ​ចោទប្រកាន់​ឡើយ។

មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន ដែល​មាន​កំណត់​លើ​ផែនទី​មាត្រដ្ឋាន​ខ្នាត ១/១០០០០០ ដែល​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-១៩៥៣ ហើយ​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩។

ចំណែក​មាត្រា​៥៥ ចែង​ថា សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំងឡាយ​ណា​ដែល​មិន​ស្រប​នឹង​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​របស់​កម្ពុជា ត្រូវ​លុប​ចោល​ទាំងអស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស