31 C
Phnom Penh

មេធាវី​មន្ត្រី​អាដហុក​ខកចិត្ត​ដែល​សាលាឧទ្ធរណ៍​សម្រេច​ឱ្យ​កូនក្ដី​ជាប់​ពន្ធនាគារ​៥​ឆ្នាំ​ដដែល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​ការពារ​ក្ដី​ឱ្យ​បុគ្គលិក និង​អតីត​បុគ្គលិក​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ៥​រូប ខកចិត្ត​ចំពោះ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ដែល​បាន​សម្រេច​កាត់ទោស​ឱ្យ​កូន​ក្តី​របស់​ខ្លួន​ជាប់​ពន្ធនាគារ​ចំនួន ៥​ឆ្នាំ​ដូច​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដដែល។

នៅ​ថ្ងៃ​ចន្ទ ទី​២៣ ឧសភា នេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ លោក ស៊ិន វិសាល បាន​ប្រកាស​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល ដោយ​អះអាង​ថា ការ​សម្រេច​សេចក្ដី​របស់​តុលាការ​ថ្នាក់​ក្រោម​ជា​រឿង​ត្រឹមត្រូវ។

មេធាវី​ការពារ​ក្ដី លោក សំ ទិត្យសីហា បង្ហាញ​ការ​សោកស្ដាយ​ដែល​សាលាឧទ្ធរណ៍​នៅតែ​កាត់​ទោស​កូនក្ដី​ឱ្យ​ជាប់​ពន្ធនាគារ ៥​ឆ្នាំ​ដូច​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែរ។ លោក​បន្ត​ថា ដំណើរការ​សវនាការ​សំណុំ​រឿង​នេះ តុលាការ​មិន​បាន​កោះហៅ​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ មក​ចូលរួម​សវនាការ​ឡើយ​ចាប់តាំងពី​ដំណាក់​នៅ​សាលាដំបូង​រហូត​ដល់​សាលាឧទ្ធរណ៍ ក្រោម​ហេតុផល​ថា ចម្លើយ​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ នោះ មាន​នៅ​ក្នុង​ឯកសារ​អស់​ទៅ​ហើយ។

លោក​ចាត់ទុក​ការ​សម្រេច​ឱ្យ​កូនក្ដី​របស់​លោក​ជាប់​ពន្ធនាគារ ៥​ឆ្នាំ​នេះ ថា​ជា​រឿង​អយុត្តិធម៌ និង​មិន​បាន​ធានា​អំពី​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ និង​យុត្តិធម៌​ក្នុង​សង្គម ដោយសារតែ​សាក្សី​ដែល​បាន​ឆ្លើយ​ដាក់​បន្ទុក​លើ​កូនក្ដី មិន​ត្រូវ​បាន​តុលាការ​កោះហៅ​ដើម្បី​មក​ជជែក​តទល់​គ្នា​នៅ​ចំពោះ​មុខ​តុលាការ​ឡើយ។

កាលពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២២ ក្រុម​មេធាវី និង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ទាមទារ​ឱ្យ​តុលាការ​លើក​ពេល​សវនាការ​ទៅ​ថ្ងៃ​ក្រោយ​វិញ បន្ទាប់​សវនាការ​នៅ​ថ្ងៃ​ដដែល​នោះ​មិន​បាន​កោះហៅ​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ និង​អ្នកស្រី ទ្រី ឈួន ដែល​ជា​មេធាវី ឲ្យ​ចូល​ឆ្លើយ​តទល់​គ្នា​ឡើយ។ ប៉ុន្តែ​សំណើ​របស់​ក្រុម​មេធាវី និង​មន្ត្រី​អាដហុក ត្រូវ​បាន​តុលាការ​បដិសេធ​ក្រោម​ហេតុផល​ថា ចម្លើយ​នាង ខុម ចាន់តារាទី មាន​នៅ​ក្នុង​ឯកសារ​ហើយ ហេតុ​ដូច្នេះ​ហើយ​មិន​ចាំបាច់​មាន​វត្តមាន​នាង ខុម ចាន់តារាទី ចូលរួម​ក៏​បាន​ដែរ។

យ៉ាងណាក៏ដោយ ការ​ប្រកាស​សាលដីកា​នា​ថ្ងៃ​នេះ​មិន​មាន​វត្តមាន​ជន​ជាប់ចោទ​ដែល​ជា​បុគ្គលិក និង​អតីត​បុគ្គលិក​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ៥​រូប​ចូល​ស្តាប់​នោះ​ទេ ប៉ុន្តែ​ការ​ប្រកាស​នេះ​មាន​តំណាង​ស្ថានទូត​របស់​ប្រទេស​លោក​សេរី​នានា ភ្នាក់ងារ​របស់ UN រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចូលរួម​ស្ដាប់។

ជាមួយ​គ្នា​នេះ ទាំង​អំឡុង​ពេល​សវនាការ និង​ពេល​ប្រកាស​សាលដីកា អ្នក​ចូលរួម​ទាំងអស់​ត្រូវ​បាន​មន្ត្រី​តុលាការ​ដកហូត​ទូរស័ព្ទ​ទុក លើកលែងតែ​មន្ត្រី និង​អ្នក​ថត​វីដេអូ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប៉ុណ្ណោះ​ដែល​មិន​ត្រូវ​មន្ត្រី​តុលាការ​ដកហូត​ទូរស័ព្ទ​នោះ។

កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៨ បុគ្គលិក និង​អតីត​បុគ្គលិក​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ៥​រូប ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ចំនួន ៥​ឆ្នាំ ក្រោម​បទ​ចោទប្រកាន់ «សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី» ប៉ុន្តែ​ទោស ៥​ឆ្នាំ​នេះ តុលាការ​សម្រេច​ឱ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រយៈពេល ១៤​ខែ ហើយ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ។

ដោយ​មិន​សុខ​ចិត្ត​នឹង​ការ​សម្រេច ពួកគាត់​បាន​ប្ដឹង​សារទុក្ខ​មក​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ ដើម្បី​ប្រឆាំង​នឹង​ការ​ចោទប្រកាន់ និង​កាត់ទោស​ពួកគាត់​ទាំង ៥​រូប​កាលពី​ឆ្នាំ​២០១៨។

កាលពី​ខែ​មេសា ឆ្នាំ​២០១៦ មន្ត្រី និង​អតីត​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ទាំង ៥​រូប ក្នុង​នោះ​មាន​លោក នី សុខា លោក យី សុខសាន្ត និង​អ្នកស្រី លឹម មុនី្ន រួម​ទាំង​អតីត​មន្ត្រី​សមាគម​អាដហុក​ពីរ​រូប​ផ្សេង​ទៀត​រួម​មាន​លោក ណៃ វ៉ង់ដា និង​លោក នី ចរិយា ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ «សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី»។ ការ​ចោទប្រកាន់ និង​ចាប់​ខ្លួន​នេះ បន្ទាប់ពី​ផ្ដល់​ប្រាក់​ជាង ២០០​ដុល្លារ​ទៅ​ឱ្យ​នាង ស្រីមុំ ក្នុង​នាម​ជនរងគ្រោះ​ដែល​រត់​មក​រក​អាដហុក​ឱ្យ​ជួយ​ពេល​នោះ។

ស្ត្រី​ឈ្មោះ ខុម ចាន់តារាទី នៅ​ពេល​នោះ​ត្រូវ​បាន​គេ​ចោទ​ថា​ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា ដែល​មាន​តួនាទី​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពេល​នោះ។ ពួកគេ​ទាំង ៥​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស កាលពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦ រហូត​ដល់​មាន​ការ​ដោះលែង​ពួកគេ​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​វិញ​កាលពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៧៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស