31 C
Phnom Penh

មេដឹកនាំ​ថ្មី​ហ្វីលីពីន​ថា​លោក​មិន​មែន​ជា​មិត្ត​ផង​ជា​អាយ៉ង​ផង​របស់​ចិន​ទេ និង​ប្រាប់​ចិន​ឱ្យ​បញ្ឈប់​ការ​ឈ្លានពាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​ថ្មី​ហ្វីលីពីន ដែល​ចិន​គិត​ថា​អាច​ក្លាយ​ជា​អាយ៉ង​របស់​ខ្លួន បាន​ថ្លែង​ប្រាប់​ក្រុង​ប៉េកាំង ថា លោក​មិន​បណ្តោយ​ឲ្យ​ចិន​ជាន់ឈ្លី​សិទ្ធិ និង​បំពាន​ដែនទឹក​ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​ទៀត​ឡើយ។

នេះ​ជា​សារ​មួយ​ដ៏​ធ្ងន់​របស់​លោក Ferdinand Marcos Jr. អនាគត​ប្រធានាធិបតី​ថ្មី​នៃ​សាធារណរដ្ឋ​ហ្វលីពីន ដែល​ប្រាប់​ទៅ​ទីក្រុង​ប៉េកាំង ខណៈ​លោក​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុង​ស្រុក​របស់​ប្រទេស​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ឧសភា។

កាលពី​ថ្ងៃ​ពុធ ទី​២៥ ឧសភា សភា​នៃ​ប្រទេស​ហ្វីលីពីន បាន​អនុម័ត​ទទួលស្គាល់​ជា​ផ្លូវការ​ថា លោក Ferdinand Marcos Jr. បាន​ទទួល​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃទី​៩ ខែ​ឧសភា កន្លងទៅ​នេះ។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ផ្សាយ​នៅ​ថ្ងៃទី​២៧ ឧសភា។

ការ​ប្រកាស​ទទួលស្គាល់​ជ័យជម្នះ​របស់​លោក Ferdinand Marcos Jr ធ្វើឡើង​នៅ​ក្នុង​សម័យ​ប្រជុំ​រួម​នៃ​សភា​តំណាងរាស្ត្រ និង​ព្រឹទ្ធសភា​ហ្វីលីពីន។

សេចក្ដី​សម្រេច​របស់​សភា បាន​នាំ​ឱ្យ​បុរស​វ័យ ៦៤​ឆ្នាំ​រូប​នេះ​ដែល​ឈ្មោះ​ហៅ​មួយ​ទៀត​ថា Bongbong នឹង​ត្រូវ​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន​ជំនួស​លោក Rodrigo Duterte ដែល​ផុត​អាណត្តិ​នៅ​ថ្ងៃទី​៣០ មិថុនា។ លោក Marcos Jr នឹង​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២ រហូត​ដល់​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៨។ អនុ​ប្រធានាធិបតី​របស់​លោក គឺ​កូនស្រី​របស់​លោក Duterte គឺ​អ្នកស្រី Sara Duterte-Carpio ក៏​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​ឈ្នះ​ឆ្នោត​ផង​ដែរ។

លោក Marcos Jr បាន​លើកឡើង​ថា តំបន់​ជម្លោះ​រវាង​ហ្វីលីពីន និង​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង គឺ​ការពិត​លែង​ជា​តំបន់​ក្នុង​ជម្លោះ​ទៀត​ហើយ ព្រោះ​ជា​ទឹកដី​របស់​ហ្វីលីពីន​យ៉ាង​ពេញ​សិទ្ធិ ដោយសារតែ​តុលាការ​អន្តរជាតិ​បាន​កាត់​សេចក្តី​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន​រួច​ទៅ​ហើយ។

កាលពី​ឆ្នាំ​២០១៦ តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ​ហៅថា មជ្ឈត្តការ​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡាអេ ដែល​ជា​ស្ថាប័ន​យុត្តិធម៌​មាន​យុត្តាធិការ​ជំនុំជម្រះ​លើ​ជម្លោះ​ដែល​ទាក់ទង​នឹង​ដែន​សមុទ្រ ហើយ​ការ​ដោះស្រាយ​ស្រប​នឹង​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ឬ​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ បាន​ចេញ​សេចក្តី​សម្រេច​ទៅ​តាម​បណ្តឹង​របស់​ហ្វីលីពីន ដោយ​បាន​ផ្ដល់​សិទ្ធិ​ឱ្យ​ហ្វីលីពីន ចូល​ទៅ​កាន់កាប់​ដែន​ទឹក​របស់​ខ្លួន​ឡើងវិញ តំបន់​កោះ​ស្កាបូរ៉ូ នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង តែ​សាលដីកា​នេះ​មិន​ត្រូវ​បាន​ចិន​ទទួល​យល់ព្រម​នោះ​ទេ។

ចិន​ប្រកាស​ច្រាន​ចោល ហើយ​ចាត់ទុក​ថា​គ្មាន​ន័យ​សម្រាប់​ខ្លួន​នោះ​ទេ ខណៈ​អះអាង​ថា តំបន់​នោះ​ជា​ដែនទឹក​ប្រវត្តិសាស្ត្រ​របស់​ចិន។ ប្រទេស​ដែល​មាន​ជម្លោះ​ជាមួយ​ចិន មិន​មែន​តែ​ហ្វីលីពីន​នោះ​ទេ គឺ ប្រ៊ុយណេ (Brunei) ម៉ាឡេស៊ី (Malaysia) តៃវ៉ាន់ (Taiwan) វៀតណាម (Vietnam) និង​ឥណ្ឌូនេស៊ី (Indonesia) ក៏​មាន​ជម្លោះ​នឹង​ចិន​ដែរ។ ចិន​ប្រកាស​ថា ដែនទឹក​របស់​ខ្លួន​មាន​ដល់​ទៅ ៩០% នៃ​ផ្ទៃ​ទឹក ៣​លាន​គីឡូម៉ែត្រ​ក្រឡា។

ប្រធានាធិបតី Duterte នៅ​រយៈពេល ២​ឆ្នាំ​ចុងក្រោយ លោក​បាន​សម្រេច​ងាក​ខ្លួន​ដើរ​ចេញពី​សម្ពន្ធមិត្ត​របស់​លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី​ចិន ដោយ​ចាត់ទុក​ចិន​ជា​មិត្ត​បោកប្រាស់ ជា​មិត្ត​ជិត​ផ្ទះ​មែន តែ​ជា​មិត្ត​ឈ្លានពាន​ប្រទេស​ទន់​ខ្សោយ។ លោក Duterte ដែល​ត្រូវ​បាន​ប្រជាជន​ហ្វីលីពីន​ហៅថា​ជា​មេដឹកនាំ​ក្បត់​ជាតិ​សាសន៍​ខ្លួនឯង​ដោយ​មិន​ហ៊ាន​តតាំង​ក្ដី​ជាមួយ​ចិន ខណៈ​ចិន​បញ្ជូន​នាវា​ល្បាត និង​នាវា​នេសាទ​រាប់​សិប​គ្រឿង​ចូល​ដែនទឹក​ហ្វីលីពីន។ ការ​ប្រមាថ​របស់​ប្រជាជន​ដូចនេះ បាន​នាំ​ឱ្យ​លោក Duterte រង​ភាព​អាម៉ាស់​ជា​ខ្លាំង ហើយ​ក្រោយមក ព្រឹទ្ធសភា​ប្រកាស​ថា​នឹង​បើក​ជំនុំជម្រះ​ក្ដី​លោក Duterte ដែល​បណ្ដោយ​ឱ្យ​ចិន​រំលោភ​ដែនទឹក​ហ្វីលីពីន ស្រាប់តែ​ពេល​នោះ លោក​ចោទ​ចិន​ថា​ជា​មិត្ត​ទ្រួស​មិត្ត​ដែល​មាន​មហិច្ឆតា​លោភលន់​ឈ្លានពាន​ប្រទេស​ទន់​ខ្សោយ។ ដោយ​រង​នូវ​ភាព​អាម៉ាស់​ដូចនេះ លោក​សម្រេច​សុំ​ចង​សម្ពន្ធភាព​យោធា​ជាមួយ​សហរដ្ឋ​អាមេរិក​ឡើងវិញ ដោយ​សុំ​ជំនួយ​អន្តរាគមន៍​របស់​អាមេរិក បើ​ហ្វីលីពីន​ធ្លាក់​ក្នុង​សង្គ្រាម​ជាមួយ​នឹង​ចិន។

ចាប់តាំងពី​ពេល​នោះ​មក លោក Duterte និង​លោក ស៊ី ជីនពីង ត្រូវ​បាន​គេ​មើល​ឃើញ​ថា​លែង​មាន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​ទៀត​ហើយ តែ​យ៉ាងណា ចិន​ជា​ម្ចាស់​បំណុល​ពាន់​លាន​ដុល្លារ​របស់​ហ្វីលីពីន។

ក្នុង​អន្តរកាល​របស់​លោក Duterte ចិន​បាន​បន្ត​ផ្ដល់​ប្រាក់កម្ចី​ច្រើន​ជាង​មេដឹកនាំ​ហ្វីលីពីន​អាណត្តិ​មុនៗ​ទៅ​ទៀត ប៉ុន្តែ​ក្នុង​អន្តរកាល​នេះ ចិន​រំលោភ​ដែនទឹក​ហ្វីលីពីន​ច្រើន​ជាង​អាណត្តិ​នៃ​ប្រធានាធិបតី​មុនៗ​ទៅ​ទៀត។ ជា​ការ​កត់សម្គាល់ គឺ​ថា​នៅ​ក្នុង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត បេក្ខជន Marcos Jr. ដូចជា​មិន​លើកឡើង​ចំៗ​អំពី​ទំនាក់ទំនង​ហ្វីលីពីន និង​ចិន​នោះ​ទេ។ លោក​គ្រាន់តែ​លើកឡើង​ថា ជំហរ​របស់​លោក​ចំពោះ​ចិន នៅតែ​រក្សា​ភាព​ល្អ​ជាមួយ​គ្នា​ដដែល​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​ការទូត តែ​សូម​ឈរ​លើ​គោលការណ៍​មិត្ត​ស្មោះ​នឹង​មិត្ត។

ចិន​គ្រាន់តែ​ឮ​ដូចនេះ បង្ហាញ​ការ​ព្រួយបារម្ភ ប៉ុន្តែ​សម្ដែង​ក្ដី​សង្ឃឹម​ថា​មេដឹកនាំ​ជំនាន់​ក្រោយ​របស់​ហ្វីលីពីន នៅតែ​ជា​មិត្ត​ល្អ​របស់​ចិន។ គ្រាន់តែ​លទ្ធផល​ប្រកាស​ថា លោក Marcos Jr ជា​បេក្ខជន​ឈ្នះ​ឆ្នោត ឯកអគ្គរដ្ឋទូត​ចិន​សុំ​ជួប​ដោយ​ផ្ទាល់​នឹង​លោក Marcos Jr. ដោយ​បង្ហាញ​ការ​សាទរ​ភ្លាមៗ​បើ​ទោះជា​ស្ថាប័ន​បោះឆ្នោត​ហ្វីលីពីន​មិន​ទាន់​ប្រកាស​ផ្លូវការ​ក៏ដោយ​នោះ។

យ៉ាងណា ចិន​អាច​ខក​ចិត្ត​ជា​ខ្លាំង​នៅ​ពេលនេះ ដែល​ទីបំផុត​មេដឹកនាំ​ថ្មី​ហ្វីលីពីន ពុំ​អាច​ធ្លាក់​អន្ទាក់​បំណុល​ចិន​បាន​ឡើយ។ សារ​របស់​លោក Marcos Jr. ដែល​ទំនង​ធ្វើ​ឱ្យ​ចិន​ខក​ចិត្ត​នោះ គឺ​លោក​សន្យា​សើរើ​សាលដីកា​របស់​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ​ឡើងវិញ ហើយ​ប្រកាស​ថា លោក​នឹង​ត្រូវ​ប្រាប់​ចិន​ថា​ត្រូវ​គោរព​សាលក្រម​នេះ គឺ​ត្រូវ​បញ្ចប់​ការ​ឈ្លានពាន​ដែនទឹក​ដែន​កោះ​របស់​ហ្វីលីពីន។

លោក​សន្យា​ថា​នឹង​បញ្ជូន​នាវា​ល្បាត​របស់​ហ្វីលីពីន​ទៅកាន់​ដែនទឹក​នៅ​តំបន់​នោះ ដើម្បី​ឆ្លើយតប​នឹង​ការ​ឱ្យ​ហ្វីលីពីន​ឈ្នះ​ក្ដី​លើ​ចិន អំពី​ជម្លោះ​ដែនទឹក​មួយ​នេះ​ដោយ​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ។ អ្វី​ជា​ការ​សម្គាល់​នៅ​ក្នុង​អន្តរកាល​រក​សំឡេង​ឆ្នោត​របស់​លោក Marcos Jr. គឺ​លោក​បាន​ថ្លែង​ទទួលស្គាល់​ថា ឪពុក​របស់​លោក​ពិតជា​កាន់​អំណាច​តឹងរ៉ឹង​ណែន​ក្នុង​ដៃ​មែន តែ​ឪពុក​លោក​មិន​មែន​ជា​មេដឹកនាំ​ក្បត់​ជាតិ​នោះ​ទេ។ លោក​ថា ឪពុក​លោក​ជា​អ្នក​ប្រយុទ្ធ​នឹង​ចលនា​កុម្មុយនីស្ត​ដែល​មាន​ផែនការ​បំបែក​ទឹកដី​ហ្វីលីពីន។ សារ​របស់​លោក​ដូចនេះ​ហើយ មើល​ទៅ​ដែល​នាំ​ឱ្យ​លោក​ទទួល​សំឡេង​ឆ្នោត​ច្រើន​លើសលប់ បើ​ធៀប​នឹង​បេក្ខជន​ដទៃ​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស