28 C
Phnom Penh

GDP ថា​មាន​ការ​ឃោសនា​កុហក​ពលរដ្ឋ​ក្រោយ​បេក្ខជន​មេ​ឃុំ​របស់​ខ្លួន​កំពុង​មាន​ប្រជាប្រិយភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន អះអាង​ថា បេក្ខជន​មេឃុំ​របស់​ខ្លួន​ឃុំ​រំដោះ ស្រុក​រវៀង ខេត្ត​ព្រះវិហារ កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង ត្រូវ​បាន​បក្ស​កាន់​អំណាច​ឃោសនា​ភូត​កុហក​ប្រជាពលរដ្ឋ​ថា នៅ​ពេល​បេក្ខជន​រូប​នោះ​ជាប់​ជា​មេឃុំ រដ្ឋាភិបាល​នឹង​មិន​ទម្លាក់​ថវិកា​ដើម្បី​អភិវឌ្ឍ​ឃុំ​នោះ​ទេ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ដែល​ទំនង​ជា​សំដៅ​ទៅ​កាន់​បក្ស​កាន់​អំណាច​នៅ​ថ្ងៃទី​២ មិថុនា នេះ​ថា ល្មម​ដល់​ពេល​បញ្ឈប់​នយោបាយ​បោកប្រាស់ ភូត​កុហក និង​បំភិតបំភ័យ​ប្រជាជន​ស្លូតត្រង់​ហើយ ព្រោះ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​បាន​យល់ដឹង​កាន់តែ​ច្រើន​ហើយ​ទាក់ទង​នឹង​ថវិកា​ជាតិ​ដែល​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​ត្រូវ​ប្រើប្រាស់​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

បណ្ឌិត យ៉ង សាំងកុមារ លើកឡើង​ថា តាមពិត​តាម​ច្បាប់​ក្នុង​ការ​អនុម័ត​ថវិកា​ជាតិ​ដែល​ជា​ថវិកា​បាន​មកពី​ប្រជាជន​ខ្មែរ​តាមរយៈ​នៃ​ការ​បង់​ពន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល គឺ​សម្រាប់​បែងចែក​ដើម្បី​អភិវឌ្ឍ​គ្រប់​ឃុំ-សង្កាត់​ទាំងអស់​នៅ​ទូទាំង​ប្រទេស ដោយ​អាស្រ័យ​លើ​ចំនួន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ និង​អាស្រ័យ​លើ​តម្រូវការ​ជាក់ស្តែង​របស់​ឃុំ​ផង​ដែរ មិន​មែន​ជា​ថវិកា​របស់​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​នោះ​ទេ។

មន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​រូប​នេះ​រិះគន់​ថា អ្នក​ដែល​ឃោសនា​ភូត​កុហក​បែប​នេះ អាច​បញ្ជាក់​បាន​ថា ពួកគេ​បាន​ចាត់ទុក​ថា​ប្រជាពលរដ្ឋ​ដែល​មិន​គាំទ្រ​បក្ស​ខ្លួន​មិន​មែន​ជា​ពលរដ្ឋ​ខ្មែរ​នោះ​ឡើយ ហើយ​ថា​ការ​ឃោសនា​នេះ​ក៏​ជា​ការ​បង្ហាញ​ផង​ដែរ​ថា ពួកគេ​បាន​ចាត់ទុក​ថា រដ្ឋ​ហើយ​និង​គណបក្ស​ដែល​ពួកគេ​គាំទ្រ គឺ​តែ​មួយ។ ដូច្នេះ​មាន​ន័យ​ថា ពួកគេ​គឺ​កំពុង​គិត​តាម​បែប​ដឹកនាំ​នៃ​របប​កុម្មុយនីស្ត​ផ្ដាច់ការ មិន​មែន​គិត​តាម​បែប​ដឹកនាំ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នោះ​ទេ។

បណ្ឌិត យ៉ង សាំងកុមារ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ទទួល​បាន​ឃុំ-សង្កាត់​គំរូ​ដែល​ប្រជាពលរដ្ឋ​គ្រប់​រូប​នឹង​ទទួល​បាន​នូវ​សេរីភាព​នយោបាយ​ពេញលេញ ជាពិសេស​គណបក្ស​នេះ​នឹង​លុបបំបាត់​ឱ្យ​អស់​នូវ​មេឃុំ​មេភូមិ​ដើរ​សម្លុត គំរាមកំហែង បំភិតបំភ័យ និង​រើសអើង​ប្រជាពលរដ្ឋ​ដោយសារ​រឿង​និន្នាការ​នយោបាយ​នៅ​ក្នុង​ឃុំ-សង្កាត់​ដែល​ខ្លួន​ដឹកនាំ​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​បេក្ខជន​មេឃុំ​រំដោះ ស្រុក​រវៀង ខេត្ត​ព្រះវិហារ ពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ណូង លុច បាន​រាយការណ៍​ថា​មាន​ចលនា​ឃោសនា​មួយ​ចំនួន​រារាំង​ប្រជាពលរដ្ឋ​មិន​ឱ្យ​បោះឆ្នោត​គាំទ្រ​ខ្លួន​ជាប់​ជា​មេឃុំ​កាលពី​ពេល​ថ្មីៗ​នេះ។

ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-សង្កាត់ ត្រូវ​បាន​អនុម័ត​ឱ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ​២០០១ ដែល​មាន ១០​ជំពូក និង ៩០​មាត្រា ក្នុង​នោះ​ត្រង់​ជំពូក​៧ នៃ​ច្បាប់​នេះ ក៏​ចែង​យ៉ាង​លម្អិត​ពី​ការ​ប្រើប្រាស់​ថវិកា​ជាតិ​ដើម្បី​អភិវឌ្ឍ​ឃុំ-សង្កាត់​ផង​ដែរ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺជា​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ក្នុង​ចំណោម​គណបក្ស​ក្រៅ​រដ្ឋាភិបាល ១៥ ផ្សេង​ទៀត​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ បើ​ទោះបីជា​ការ​បោះឆ្នោត​នេះ​ពុំ​មាន​សហគមន៍​អន្តរជាតិ​ចូលរួម​តាមដាន ដោយ​ពួកគេ​យល់​ថា​ជា​ដំណើរការ​នៃ​ការ​បោះឆ្នោត​ដែល​មិន​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ក៏ដោយ។

ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ខាង​មុខ​នេះ គឺ​នៅ​សល់​តែ​រយៈពេល ២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ខណៈ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នីមួយៗ​នឹង​ត្រូវ​បញ្ចប់​យុទ្ធនាការ​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ មិថុនា នេះ។ ចំណែក​ថ្ងៃទី​៤ មុន​ថ្ងៃ​បោះឆ្នោត​មួយ​ថ្ងៃ គឺ​ត្រូវ​គេ​ចាត់ទុក​ជា​ថ្ងៃ​ស ដែល​ត្រូវ​ហាមឃាត់​គណបក្ស​នយោបាយ​ទាំងអស់​ធ្វើ​សកម្មភាព​ឃោសនា​របស់​ខ្លួន ទោះ​ក្នុង​រូបភាព​ណា​ក៏ដោយ ខណៈ​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​ទាំងអស់​ក៏​តម្រូវ​ឱ្យ​ផ្អាក​ការ​ផ្សាយ​ទាក់ទិន​នឹង​ការ​ឃោសនា​របស់​គណបក្ស​នយោបាយ​នៅ​ថ្ងៃ​នេះ​ផង​ដែរ។

ជុំវិញ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ដាក់​បេក្ខជន​របស់​ខ្លួន​ដើម្បី​ប្រកួតប្រជែង​រក​សំឡេង​ឆ្នោត​ឈាន​ទៅ​រក​ការ​ដឹកនាំ​ឃុំ-សង្កាត់​មាន​ចំនួន ៣២​ឃុំ-សង្កាត់​ក្នុង​ចំណោម​ឃុំ-សង្កាត់​សរុប ១៦៥២ ទូទាំង​ប្រទេស ដោយ​ផ្ដោត​លើ​ការ​កសាង​ឃុំ​គំរូ​ឈរ​លើ​គោលការណ៍ «ស៥» ដែល​មាន​សេដ្ឋកិច្ច សុខាភិបាល សិក្សាធិការ​អប់រំ សង្គមកិច្ច និង​សេវា​សាធារណៈ និង​សម្បត្តិ​សាធារណៈ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស