38.8 C
Phnom Penh

លោក ហ៊ុន សែន បញ្ជា​ឱ្យ​រើស​ពល​ទាហាន​ថ្មី​៦០០​នាក់​សម្រាប់​កងវរសេនាតូច​ទើប​បង្កើត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ជ្រើសរើស​ពល​ទាហាន​ថ្មី​ចំនួន ៦០០​នាក់​បន្ថែម​ទៀត​ដើម្បី​បំពេញ​ក្របខ័ណ្ឌ​ឱ្យ ៣​កងវរសេនាតូច​ដែល​ទើប​បង្កើត​ថ្មី។

សេចក្ដី​សម្រេច​មួយ​ដែល​ចុះហត្ថលេខា​ដោយ​បុរស​ខ្លាំង លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា រូបលោក​អនុញ្ញាត​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ជ្រើសរើស​ពល​ទាហាន​ថ្មី​ចំនួន ៦០០​នាក់​ទៀត ដើម្បី​បំពេញ​ក្របខ័ណ្ឌ​ឱ្យ​កងវរសេនាតូច​ចំនួន​៣ ដែល​ទើប​បង្កើត​ថ្មី​ចំណុះ​ឱ្យ​អគ្គបញ្ជាការដ្ឋាន​កាំភ្លើង​ធំ។

លោក​អះអាង​ថា ករណី​នេះ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ​គ្រប់​ក្រសួង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​តាម​សេចក្ដី​សម្រេច​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ។

សេចក្ដី​សម្រេច​ដដែល​ថា ការ​សម្រេច​បែប​នេះ​ធ្វើឡើង​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់។

ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ លោក គឹម សុខ ចាត់ទុក​ការ​ជ្រើសរើស​នេះ​ថា​ជា​ល្បែង​រៀប​ក្រឡា​ផ្ទេរ​អំណាច បន្ទាប់ពី​មាន​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ជួយ​បំពេញ​មុខមាត់​ឲ្យ​ឃើញ​សំឡេង​ចម្រុះ​ខ្លះ ហើយ​លោក ហ៊ុន សែន ក៏​ត្រូវ​បង្កើន​ល្បឿន​រៀប​សំណាញ់​ទ័ព​ជួយ​ពង្រឹង​កម្លាំង​ជ្រោមជ្រែង​លោក ហ៊ុន ម៉ាណែត។

លោក​បន្ត​ថា ការ​បង្កើត​កងវរសេនាតូច​ចំនួន​៣ ដោយ​រើស​ទាហាន ៦០០​នាក់​បន្ថែម​នេះ គឺជា​ផ្នែក​តូច​មួយ​នៃ​បណ្ដាញ​សំណាញ់​ការពារ​អំណាច​លោក ហ៊ុន ម៉ាណែត ពីព្រោះ​កងវរសេនាតូច​ទាំង​៣ នេះ ចំណុះ​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ​ដែល​មាន​មេបញ្ជាការ​ជា​មនុស្ស​ហ៊ាន​ស្លាប់​ការពារ​អំណាច​របស់​លោក ហ៊ុន ម៉ាណែត។

លោក​យល់​ថា ការ​ជ្រើសរើស​ពល​ទាហាន​ថ្មី​នេះ គ្រាន់តែ​ជា​រូបភាព​ខាងក្រៅ​ប៉ុណ្ណោះ ដោយសារតែ​ពល​ទាហាន ៦០០​នាក់​ដែល​ត្រូវ​បញ្ចូល​ក្នុង​កងវរសេនាតូច​ទាំង​៣ នោះ ត្រូវ​លោក ហ៊ុន ម៉ាណែត សម្រិតសម្រាំង​ពី​កង​អង្គរក្ស​ធ្វើជា​កម្លាំង​យុទ្ធសាស្ត្រ​រួច​ហើយ។

ការ​សម្រេច​របស់​លោក ហ៊ុន សែន ដែល​អនុញ្ញាត​ឱ្យ​ក្រសួង​ការពារ​ជាតិ​ជ្រើសរើស​ពល​ទាហាន​ថ្មី ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​បាន​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នៅ​ឆ្នាំ​២០២២ ហើយ​នឹង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០២៣។

កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២២ បុរស​ខ្លាំង​ក្រាញ​អំណាច លោក ហ៊ុន សែន បាន​អនុញ្ញាត​ឱ្យ​ក្រសួង​ការពារ​ជាតិ ជ្រើសរើស​ពល​ទាហាន​ថ្មី​ចំនួន ៤០២​នាក់ ដើម្បី​រៀបចំ​កង​កាំជ្រួច​ការពារ​ដែន​អាកាស​រយៈ​កម្ពស់​មធ្យម​ចំណុះ​បញ្ជាការដ្ឋាន​ការពារ​អាកាស។

ពាក់ព័ន្ធ​នឹង​ការ​កងកម្លាំង​នេះ កាលពី​ថ្ងៃទី​១២ ខែ​មេសា កន្លងទៅ ក្រសួង​ការបរទេស​អាមេរិក បាន​បង្ហាញ​ថា សមាជិក​នៃ​កងកម្លាំង​របស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​ជំរុញ​ឱ្យ​អំពើ​និទ្ទណ្ឌភាព​នៅតែ​បន្ត​កើត​មាន​ឡើង​នៅ​កម្ពុជា។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​លិខិត​ចុះ​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២២ ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ លោក ព្រុំ សុខា ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២២ នេះ រាជរដ្ឋាភិបាល​បាន​យល់​ព្រម​ជា​គោលការណ៍​ឱ្យ​ជ្រើសរើស​មន្ត្រី​ជាប់​កិច្ចសន្យា​ជិត ៤​ម៉ឺន ៦​ពាន់​នាក់ សម្រាប់​បម្រើ​ការងារ​នៅ​តាម​ក្រសួង​ស្ថាប័ន​នានា ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​ជ្រើសរើស​ក្របខ័ណ្ឌ​ថ្មី​ជំនួស​អ្នក​ចូល​និវត្តន៍​ឡើយ លើកលែងតែ​ក្រសួង​ស្ថាប័ន​ដែល​មាន​គោលការណ៍​ដោយឡែក​ពី​ប្រមុខ​រាជរដ្ឋាភិបាល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស