34 C
Phnom Penh

លោក ហ៊ុន សែន ថា​លោក​គ្មាន​សិទ្ធិ​ប្រគល់​ទឹកដី​សូម្បី​មួយ​មិល្លីម៉ែត្រ​ឱ្យ​ទៅ​វៀតណាម​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ជា​ថ្មី​ថា លោក​គ្មាន​សិទ្ធិ​ប្រគល់​ទឹកដី​ខ្មែរ​សូម្បី​តែ​មួយ​មិល្លីម៉ែត្រ​ឱ្យ​ទៅ​ប្រទេស​វៀតណាម ហើយ​លោក​ក៏​មិន​ចង់​បាន​ទឹកដី​វៀតណាម សូម្បី​តែ​មួយ​មិល្លីម៉ែត្រ​ដែរ ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​លោក ហ៊ុន សែន ធ្វើ​មោឃភាព ឬ​លុប​ចោល​រាល់​សន្ធិសញ្ញា​ខុសច្បាប់​ជាមួយ​វៀតណាម​ទាំងអស់ ដើម្បី​បញ្ជាក់​ពី​ការ​អះអាង​របស់​ខ្លួន។

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​ឲ្យ​ឡើង​កាន់​អំណាច​រូប​នេះ បាន​អះអាង​នៅ​ក្នុង​ខួប​លើក​ទី​៤៥ នៃ​ទិវា​នៃ​ការ​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ក្នុង​ភូមិសាស្ត្រ​ភូមិ​កោះថ្ម ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា បើ​វៀតណាម​ពិត​ជា​ចង់​បាន​ទឹកដី​កម្ពុជា ហើយ​រដ្ឋាភិបាល​កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​ពិត​ជា​ចង់​កាត់​ដី​ឱ្យ​វៀតណាម​ដូច​ដែល​គេ​បាន​ចោទប្រកាន់​មែន នោះ​លោក​ក៏​មិន​ចាំបាច់​ចរចា​ជាមួយ​ភាគី​វៀតណាម​អំពី​បញ្ហា​ព្រំដែន​អស់​រយៈពេល ៤៣​ឆ្នាំ​ដែរ។

លោក ហ៊ុន សែន អះអាង​ថា ការ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​កម្ពុជា-វៀតណាម បាន​ធ្វើ​ឡើង​ជាច្រើន​ដំណាក់កាល ទើប​អាច​ឱ្យ​ប្រទេស​ទាំង​ពីរ​ស្រុះស្រួល​ជាមួយ​គ្នា និង​ក្លាយ​ជា​អ្នក​ជិតខាង​ល្អ​ដូច​សព្វថ្ងៃ​នេះ បើ​មិន​ដូច្នេះ​ទេ តាម​បណ្តោយ​តំបន់​ព្រំដែន​កម្ពុជា-វៀតណាម នៅតែ​មិន​អាច​សហការ​គ្នា​ដើម្បី​បង្កើត​បាន​ទៅ​ជា​ព្រំដែន​សន្តិភាព​ដូច​ពេលនេះ​ទេ។

មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​ពិភពលោក​រូប​នេះ​អះអាង​ថា កម្ពុជា​មាន​សុខ​សន្តិភាព​រយៈពេល​ជាង ៤០​ឆ្នាំ​មក​ហើយ​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​របស់​លោក ក្នុង​នោះ​កម្ពុជា​បាន​ធ្វើ​កិច្ចការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម​ជាច្រើន ដែល​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​ទទួល​យក ៨៤% នៃ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម ហើយ​ត្រូវ​បាន​បោះ​បង្គោល​រួចរាល់ ប៉ុន្តែ​នៅសល់ ១៦% ទៀត​ដែល​ភាគី​ទាំង​ពីរ​កំពុង​ចរចា​ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា ក្នុង​នោះ​មាន ៦% ដែល​ភាគី​កម្ពុជា និង​វៀតណាម កំពុង​ជជែក​គ្នា​បន្ត។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ចោទ​លើ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ថា​បាន​សម្បទាន​ទឹកដី​កម្ពុជា​ឱ្យ​ទៅ​រដ្ឋាភិបាល​វៀតណាម នា​ពេល​កន្លងមក។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ មិថុនា នេះ​ថា ការ​លើកឡើង​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៃ​ការ​ដឹកនាំ​ជាក់ស្តែង​របស់​គាត់​ចាប់តាំងពី​កងទ័ព​វៀតណាម បាន​លើក​បន្តុប​ឱ្យ​គាត់​ដឹកនាំ​ប្រទេស​កម្ពុជា​តាំងពី​អំឡុង​ទសវត្ស​ឆ្នាំ​១៩៨០ មក​នោះ​ទេ។

លោក ម៉ែន ណាត អះអាង​ថា បើ​ចង់​ដឹង​ថា​លោក ហ៊ុន សែន បាន​សម្បទាន​ដី​ឱ្យ​រដ្ឋាភិបាល​វៀតណាម ឬ​ក៏​អត់​នោះ សូម​ក្រឡេក​ទៅ​មើល​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ខុស​ច្បាប់​នានា​ដែល​លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​យល់ព្រម​ជាមួយ​មេដឹកនាំ​វៀតណាម តាំងពី​អំឡុង​ទសវត្ស​ឆ្នាំ​១៩៨០ មក នោះ​គេ​នឹង​ដឹង​យ៉ាង​ច្បាស់​ណាស់​ថា ឯកសារ​ខុសច្បាប់​ទាំង​នោះ​បាន​បម្រើ​មហិច្ឆតា​របស់​វៀតណាម ក្នុង​ការ​ឈ្លានពាន​ទឹកដី​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​លោក ហ៊ុន សែន ពិត​ជា​ចង់​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជឿជាក់​តាម​ការ​អះអាង​របស់​លោក​មែន គឺ​លោក​ត្រូវតែ​ប្រកាស​មោឃភាព​លើ​សន្ធិសញ្ញា​ខុសច្បាប់​ដែល​ខ្លួន​បាន​ចុះហត្ថលេខា​ជាមួយ​វៀតណាម​ទាំងអស់ ព្រមទាំង​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ពី​ការ​ឈ្លានពាន​របស់​វៀតណាម ដែល​បាន​ទាមទារ​ឱ្យ​ភាគី​កម្ពុជា​ចុះ​ហត្ថលេខា​ជាមួយ​ខ្លួន​លើ​កិច្ចព្រមព្រៀង​ខុសច្បាប់​ទាំងនោះ។

លោក ម៉ែន ណាត បញ្ជាក់​ថា លោក ហ៊ុន សែន ទំនង​ជា​មិន​ហ៊ាន​ធ្វើ​រឿង​បែប​នេះ​ទេ ព្រោះ​ថា​ដើម្បី​បំពេញ​តាម​ការ​ចង់​បាន​របស់​វៀតណាម លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ជាច្រើន ដូចជា​ការ​គំរាម​ព្រះមហាក្សត្រ​ដោយ​ការ​ផ្លាស់ប្ដូរ​ពី​របប​រាជា​និយម​ទៅ​ជា​របប​សាធារណរដ្ឋ ជាដើម បើ​ព្រះអង្គ​មិន​ឡាយព្រះហស្តលេខា​លើ​សន្ធិសញ្ញា​ខុសច្បាប់​ដែល​លោក ហ៊ុន សែន បាន​ឯកភាព​ជាមួយ​វៀតណាម ទេ​នោះ។

ទាក់ទិន​នឹង​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ខុសច្បាប់​រវាង​លោក ហ៊ុន សែន និង​មេដឹកនាំ​វៀតណាម បាន​ធ្វើ​ឡើង​ជាច្រើន​ដំណាក់កាល ក្នុង​នោះ នៅ​ឆ្នាំ​១៩៨២ នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀង កូថាច់ បាន​ចុះហត្ថលេខា​ខុសច្បាប់​កំណត់​ព្រំដែន​ទឹក​ឆ្នាំ​១៩៨២ និង​ការ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ដោយ​ខុសច្បាប់​ឆ្នាំ​១៩៨៥ ជាមួយ​លោក ហ៊ុន សែន ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​នា​ពេល​នោះ។

ជាង​នេះ​ទៀត កាលពី​ឆ្នាំ​២០០៥ នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាន វ៉ាន់ខាយ បាន​សហការ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ លោក ហ៊ុន សែន ចុះហត្ថលេខា​ទទួលស្គាល់​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដោយ​ខុសច្បាប់ ដែល​ផ្ទុយ​ទៅ​នឹង​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។

ដោយឡែក​នៅ​ឆ្នាំ​២០១៩ ក្រោម​ការ​ដឹកនាំ​របស់​លោក ង្វៀន ស៊ុនហ្វុក ជា​នាយករដ្ឋមន្ត្រី​វៀតណាម នៅ​ពេល​នោះ បាន​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះហត្ថលេខា​ខុសច្បាប់​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០១៩ មួយ​ទៀត​ដើម្បី​បញ្ជាក់​ពី​សុពលភាព​កិច្ចព្រមព្រៀង​ខុសច្បាប់​នានា​រវាង​កម្ពុជា-វៀតណាម​កន្លងមក ដែល​បាន​មោឃភាព​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ថា​នៅតែ​មាន​សុពលភាព​សម្រាប់​ការ​អនុវត្ត​បន្ត​រវាង​ប្រទេស​ទាំង​ពីរ​ទៅ​ថ្ងៃ​អនាគត។

កម្ពុជា-វៀតណាម​មាន​ព្រំដែន​គោក​រួម​គ្នា​ប្រវែង ១២៧០​គីឡូម៉ែត្រ ដោយ​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​បោះ​បង្គោល​សរុប​ចំនួន ៣១៤​បង្គោល​ស្មើ​នឹង ៨៤% ខណៈ ១៦% ទៀត នៅ​មិន​ទាន់​ឯកភាព​គ្នា​នៅឡើយ។

យ៉ាងណាក៏ដោយ មេដឹកនាំ​វៀតណាម​តែងតែ​ជំរុញ​ឱ្យ​មេដឹកនាំ​កម្ពុជា​ពន្លឿន​នីតិវិធី ដើម្បី​ផ្លាស់ប្ដូរ​លិខិតុបករណ៍​លើ​ការ​ផ្តល់​សច្ចាប័ន​នៃ​ការ​ផ្តល់​សន្ធិសញ្ញា​បំពេញ​បន្ថែម និង​ពិធីសារ​គ្រប់​បែប​យ៉ាង ព្រមទាំង​ការ​បោះ​បង្គោល​ព្រំដែន​ឲ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស