៣៦ឆ្នាំបានកន្លងផុតទៅ តែថ្ងៃនេះ គឺជាថ្ងៃទី៣០ ខែមិថុនា ការលេចមកវិញ គឺកូនប្រុសម្នាក់របស់អតីតជនផ្ដាច់ការនៃសាធារណរដ្ឋហ្វីលីពីន លោក Ferdinand Marcos ដែលបុរសម្នាក់នេះមានឈ្មោះថា Ferdinand Marcos Jr ឬហៅថា Bongbong Marcos បានស្បថចូលកាន់តំណែងប្រធានាធិបតីរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
នៅក្នុងពិធីស្បថចូលកាន់តំណែងនេះ មានការដាក់ពង្រាយកងប៉ូលិសដល់ទៅ ១ម៉ឺន ៥ពាន់នាក់នៅទូទាំងរដ្ឋធានីម៉ានីល។ សេចក្ដីថ្លែងការណ៍ដែលធ្វើឲ្យអ្នកសង្កេតការណ៍ចាប់អារម្មណ៍ជាខ្លាំង គឺលោក Bongbong បានបន្តរំឭកកេរ្តិ៍ដំណែលរបស់ឪពុកលោក ដោយបានសរសើរឪពុកលោកថាជាអ្នកប្រយុទ្ធនឹងចលនាកុម្មុយនីស្តដើម្បីប្រជាធិបតេយ្យ។
លោកបញ្ជាក់ថា ឪពុកលោកយ៉ាងហោចណាស់មានគុណសម្បត្តិដូចនេះ ព្រោះថាកាលពីទសវត្ស១៩៧០ និង ១៩៨០ គឺចលនាកុម្មុយនីស្តបានរីកដុះដាលជាខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកសង្កត់ធ្ងន់ថា បើឪពុករបស់លោកមិនប្រើច្បាប់អាជ្ញាសឹកទេ ម្ល៉េះហ្វីលីពីននឹងត្រូវបានទាញទម្លាក់នៅក្នុងរបបកុម្មុយនីស្តបាត់ទៅហើយ។
Ferdinand Marcos គឺជាបុរសខ្លាំងនៃប្រទេសហ្វីលីពីន ក្នុងសម័យនោះ។ លោកបានជ្រុះពីអំណាចដោយកម្លាំងបដិវត្តមហាជននៅឆ្នាំ១៩៨៦ ដែលពេលនោះ ការទាញទម្លាក់លោក Ferdinand Marcos បានដោយសារកងទ័ពចូលរួមមួយផ្នែកធំ ប៉ុន្តែពេលនោះកម្លាំងទ័ពក៏បានសច្ចាមិនឲ្យចលនាកុម្មុយនីស្តឡើងកាន់អំណាចបានដែរ។
ដោយមើលឃើញអំពីស្នាដៃរបស់លោក Ferdinand Marcos ក្នុងការទប់ស្កាត់បាននូវកម្លាំងកុម្មុយនីស្ត ទើបសហរដ្ឋអាមេរិកសម្រេចឲ្យគ្រួសាររបស់លោក និងរូបលោកទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិក នៅកោះហាវ៉ៃ។ លោក Ferdinand Marcos បានទទួលមរណភាពនៅខែកញ្ញា ឆ្នាំ១៩៨៩។
ដោយធំដឹងក្ដី និងរៀនបានជ្រៅជ្រះ ដោយបានទទួលសញ្ញាបត្រពីមហាវិទ្យាល័យមួយនៅអាមេរិក លោក Bongbong Marcos បានវិលចូលប្រទេសហ្វីលីពីនវិញ។ នៅឆ្នាំ២០១០ លោកបានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាហ្វីលីពីន រហូតដល់ឆ្នាំ២០១៦។ នៅឆ្នាំនោះហើយដែល Bongbong Marcos សម្រេចឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតី តែពុំបានជាប់ឆ្នោតនោះទេ។ ក្នុងអំឡុង ៦ឆ្នាំនៃរដ្ឋការលោក Rodrigo Duterte លោក Bongbong Marcos នៅតែចិញ្ចឹមចិត្តជាអ្នកនយោបាយ ហើយក៏សម្រេចឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។
ទីបំផុត បុរសវ័យ ៦៤ឆ្នាំរូបនេះបានសម្រេចដូចបំណង គឺមិនត្រឹមតែធ្វើជាអនុប្រធានាធិបតីនោះទេ គឺបានរហូតដល់ទៅតំណែងប្រធានាធិបតីតែម្ដង ដោយបានទទួលជោគជ័យលើបេក្ខជន ៥រូបទៀត។
តើសេចក្ដីថ្លែងការណ៍របស់លោក Bongbong Marcos នៅក្នុងថ្ងៃស្បថចូលកាន់តំណែងនេះត្រូវបានអ្នកសង្កេតការណ៍ និងអ្នកកាសែតកត់ត្រាបាននូវអ្វីគួរឲ្យចងចាំ?
ក្រៅពីលោកបានថ្លែងរំឭកកេរ្តិ៍ដំណែលឪពុករបស់លោក គឺលោក Bongbong Marcos ក៏ថ្លែងអំពីការសច្ចារបស់លោកនូវការការពារដែនអធិបតេយ្យ បូរណភាពទឹកដី និងដែនសមុទ្រហ្វីលីពីន ដោយសន្យាថាលោកនឹងធ្វើឲ្យជាតិសាសន៍ហ្វីលីពីនរឹងមាំ និងមានការឯកភាពជាតិ។
លោក Bongbong Marcos គឺជាប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន។ ប្រធានាធិបតីដែលលេចចេញពីគ្រួសារជនផ្ដាច់ការ បានថ្លែងសុំឲ្យជនរួមជាតិបំភ្លេចចោលទៅនូវរឿងអតីតកាលរបស់ឪពុកលោក ដោយរួបរួមគ្នា សាមគ្គីគ្នា ស្រឡាញ់គ្នាជាជាតិសាសន៍តែមួយ ទើបធ្វើឲ្យហ្វីលីពីនខ្លាំង។
លោកថា បើហ្វីលីពីនខ្លាំង គឺប្រទេសណាមួយដែលចង់ឈ្លានពានហ្វីលីពីន ក៏ពិបាកឈ្លានពានផងដែរ។
សេចក្ដីថ្លែងការណ៍របស់លោក Bongbong Marcos បើទោះជាមិនបានបញ្ចេញឈ្មោះប្រទេសណាមួយក៏ដោយ គឺពុំមានប្រទេសណាក្រៅពីប្រទេសចិននោះទេ។ នៅពេលលោកត្រឡប់ពីសម្រាកលំហែកាយពីប្រទេសអូស្ត្រាលីវិញ លោក Bongbong Marcos បានថ្លែងចំអកភ្លាមទៅកាន់ប្រទេសចិន។ លោកថា ក្នុងនាមលោកជាប្រធានាធិបតី គឺពិតណាស់លោកមិនចង់មានជម្លោះជាមួយប្រទេសណាទេ តែសុំឲ្យប្រទេសធំនេះកុំរំលោភដែនទឹករបស់ហ្វីលីពីនបន្តទៀត។
លោកបានទាមទារឲ្យក្រុងប៉េកាំង គោរពសាលដីការបស់តុលាការមជ្ឈត្តការអន្តរជាតិនៅឆ្នាំ២០១៦ ដែលសម្រេចសេចក្ដីឲ្យហ្វីលីពីនមានសិទ្ធិទៅកាន់កាប់ដែនកោះដែនទឹករបស់ខ្លួនវិញនៅប្រជុំកោះស្កាបូរ៉ូ នៅសមុទ្រចិនខាងត្បូង។ លោកបានបញ្ជាក់ថា លោកនឹងរំឭកសាលដីកានេះនៅចំពោះមុខមន្ត្រីចិន។
លោករំឭកថា បើនិយាយអំពីគោលនយោបាយការបរទេសវិញ គឺលោកមិនរាប់ប្រទេសណាមួយជាសត្រូវនឹងហ្វីលីពីននោះទេ គឺសុទ្ធតែជាមិត្តរបស់ហ្វីលីពីន តែលោកថាកុំតែរំលោភឈ្លានពានហ្វីលីពីន គឺប្រទេសនោះជាមិត្តស្មោះត្រង់នឹងហ្វីលីពីនទៅហើយ។
លោកបញ្ជាក់ថា លោករាប់អានចិន និងអាមេរិក គឺដូចគ្នា តែសុំតែគោរពដែនទឹកដែនកោះ និងអធិបតេយ្យភាពហ្វីលីពីន គឺគ្រប់គ្រាន់ទៅហើយ។ លោកបានថ្លែងថា ប្រទេសចិនក៏ជាមិត្តរបស់ហ្វីលីពីនដែរ តែកុំតាំងចិត្តថាហ្វីលីពីនជាមិត្តផងជាអាយ៉ងផង គឺទៅពុំរួចនោះទេ។
ក្រៅពីនេះទៀត លោកសន្យាបោសសម្អាតអំពើពុករលួយ និងអំពើអសកម្មដែលនាំឱ្យសង្គមហ្វីលីពីនធ្លាក់ក្នុងអំពើអយុត្តិធម៌។ លោកសន្យាកាត់បន្ថយឱ្យបាននូវអត្រាអត់ការងារធ្វើរបស់យុវជន និងកាត់បន្ថយភាពក្រីក្រឱ្យកាត់តែទាបបំផុត៕