32.9 C
Phnom Penh

លោក ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន​អ្នក​បំភ្លៃ​ព័ត៌មាន​រឿង​កូវីដ-១៩​បន្ថែម​ទៀត​ក្រោយពី​ឃាត់​ខ្លួន​បុរស​ម្នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង លោក ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន​បន្ថែម​ទៀត​ចំពោះ​អ្នក​ដែល​បំពុល​បរិយាកាស​តាម​បណ្ដាញ​សង្គម ដែល​បំភ្លៃ​ព័ត៌មាន​រឿង​កូវីដ-១៩ ក្រោយពី​បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ខេត្ត​ត្បូងឃ្មុំ ជុំវិញ​បញ្ហា​នេះ។

នៅ​ក្នុង​ពិធី​លែង​កូន​ត្រី និង​ត្រី​មេ​ពូជ​នៅ​ខេត្ត​បន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី​១ កក្កដា នេះ លោក ហ៊ុន សែន បាន​ថ្លែង​ថា លោក​បាន​បញ្ជា​ទៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ឱ្យ​ស្រាវជ្រាវ និង​ចាប់​ខ្លួន​អ្នក​លេង Tik Tok រូប​នោះ​ឲ្យខាងតែ​បាន ក្រោយពី​អ្នក​លេង Tik Tok រូប​នេះ​បាន​យក​រូបភាព​អ្នក​ស្លាប់​នៅ​ខេត្ត​កោះកុង កាលពី​ពេល​កន្លងទៅ មក​បង្ហោះ​ជា​ថ្មី ហើយ​បំភ្លៃ​ថា កម្ពុជា​ទើប​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ជា​ថ្មី​ទៀត។

លោក ហ៊ុន សែន អះអាង​ថា បុរស​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​យប់​មិញ​នេះ​មាន​ឈ្មោះ អ៊ូ ខុង ជា​សមាជិក​គណបក្ស​ភ្លើង​ទៀន នៅ​ឃុំ​កណ្ដោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។ លោក​បន្ត​ថា សកម្មភាព​របស់​ឈ្មោះ អ៊ូ ខុង នេះ​មិនមែន​ជា​សកម្មភាព​បញ្ចេញមតិ​ឡើយ ប៉ុន្តែ​វា​ជា​ការ​បំពុល​សង្គម។

បុរស​ខ្លាំង​ល្បី​រន្ទឺ​ខាង​បញ្ជា​ឲ្យ​ចាប់ចង​រូប​នេះ​អះអាង​ថា បើសិនជា​សង្គម​ស៊ីវិល និង​អន្តរជាតិ​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិមនុស្ស​មិន​សុខចិត្ត ហើយ​ចង់​រិះគន់ ឬ​តវ៉ា​នោះ ក៏​ធ្វើ​ទៅ ហើយ​លោក​មិន​ខ្វល់​អ្វី​ឡើយ។

លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ចាប់​ខ្លួន​អ្នក​ផ្សេង​ទៀត​ដែល​លោក​ថា​យក​បញ្ហា​កូវីដ-១៩ មក​លេង​សើច​ដើម្បី​បំពុល​បរិយាកាស​តាម​បណ្ដាញ​សង្គម ដែល​បាន​ធ្វើ​ឱ្យ​សាធារណជន​មាន​ការ​ភ័យខ្លាច។ ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន ក៏​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​កុំ​ភ័យ​ស្លន់ស្លោ ដោយ​ថា​កម្ពុជា​មិន​អាច​នឹង​មាន​រលក​ចម្លង​ជំងឺ​កូវីដ-១៩ ជា​ថ្មី​ទៀត​ទេ ដោយសារ​ពលរដ្ឋ​បាន​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​នេះ​អស់​ហើយ។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី មិន​អាច​ទាក់ទង​អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ដើម្បី​សុំ​ការ​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​សុក្រ នេះ។

បើ​តាម​ការ​បង្ហោះ​សារ​របស់​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់​ថា លោក អ៊ូ ខុង ជា​អតីត​ភ្នាក់ងារ​អ្នក​សង្កេតការណ៍​បោះឆ្នោត​របស់​គណបក្ស​នេះ​នៅ​ឃុំ​កណ្ដោលជ្រុំ ស្រុក​ពញាក្រែក ហើយ​គាត់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​២០២២ នេះ «ដោយ​មូលហេតុ​ផុស​វីដេអូ​ក្នុង​តីកតុក (TikTok) ថា​មាន​ករណី​មនុស្ស​ស្លាប់​ដោយសារ​កូវីដ១៩»

ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ធ្វើ​ច្បាប់​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ រួម​ទាំង​អនុក្រឹត្យ​នានា​មាន​ភាព​ចម្រូងចម្រាស ជំរុញ​ឱ្យ​មាន​ការ​បកស្រាយ​ផ្សេង​គ្នា​អំពី​ការ​អនុវត្ត​ច្បាប់ និង​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ។ លោក​ថា ការ​អនុវត្ត​ច្បាប់​ពេលនេះ​រហូត​ឈាន​ទៅ​ចាប់​ខ្លួន​មនុស្ស និង​ការ​ព្រមាន​ចាប់​ខ្លួន​បន្ថែម​ទៀត​ទៅ​លើ​អ្នក​ដែល​បំពាន​ច្បាប់​នេះ នៅតែ​ជា​ក្តី​បារម្ភ​ពី​ការ​បំពាន​សិទ្ធិ ប្រសិនបើ​អ្នក​ចែកចាយ​ព័ត៌មាន​នោះ​មិន​បាន​យល់ដឹង​ថា​ព័ត៌មាន​ដែល​ខ្លួន​ចែកចាយ​នោះ​ជា​ព័ត៌មាន​ក្លែងក្លាយ។

បើ​តាម​ក្រសួង​សុខាភិបាល ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២២ មាន​រយៈពេល​ជិត ២​ខែ​មក​ហើយ​ដែល​កម្ពុជា​ពុំ​មាន​អ្នក​ឆ្លង និង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ឡើយ ប៉ុន្តែ​កាលពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែ​មិថុនា កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​លើ​មនុស្ស​ចំនួន ១៦​នាក់​ទៀត ប៉ុន្តែ​អ្នក​ជំងឺ​ទាំងនោះ​មិន​មាន​អាការៈ​ធ្ងន់ធ្ងរ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស