អ្នកឃ្លាំមើលសង្គមមួយរូបជំរុញឲ្យអ្នកប្រជាធិបតេយ្យគួរតែរួបរួមគ្នាបង្កើតសម្ពន្ធភាពជាបក្សតែមួយឱ្យបានមុនខែកក្កដា ឆ្នាំ២០២៣ ដើម្បីប្រកួតប្រជែងជាមួយបក្សកាន់អំណាច នោះពួកគេនឹងទទួលបានជោគជ័យធំធេងសម្រាប់ពលរដ្ឋខ្មែរ និងប្រជាធិបតេយ្យនៅកម្ពុជាទៅថ្ងៃអនាគត ជាជាងការប្រជែងគ្នាធ្វើខ្លួនជាអ្នកធំនៅក្នុងបក្សរៀងៗខ្លួន។
លោក សេក សុជាតិ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១ កក្កដា នេះថា អ្នកប្រជាធិបតេយ្យគួរសហការគ្នាបង្កើតកម្លាំងមួយឱ្យធំ រស់នៅជុំគ្នា និងខិតខំធ្វើការងារឱ្យខ្លាំងដូចសត្វកណ្ដៀរ និងការពារសម្បុកដូចជាសត្វស្រមោច ទើបគូប្រជែងដែលជាបក្សកាន់អំណាចមិនហ៊ានប្រព្រឹត្តទង្វើអនាធិបតេយ្យដូចដែលគេកំពុងធ្វើបច្ចុប្បន្ននេះ។
លោក សេក សុជាតិ អះអាងថា បើគណបក្សនយោបាយក្រៅរដ្ឋាភិបាលនីមួយៗចូលរួមការបោះឆ្នោតរៀងៗខ្លួន គឺមានតែនាំគ្នាចាញ់បក្សកាន់អំណាចតែប៉ុណ្ណោះ ប៉ុន្តែបើពួកគេរួបរួមគ្នាជាបក្សតែមួយ នឹងទទួលបានជោគជ័យធំធេងសម្រាប់ពលរដ្ឋខ្មែរ និងប្រជាធិបតេយ្យនៅកម្ពុជាទៅថ្ងៃអនាគតផងដែរ។
នាយកប្រតិបត្តិអង្គការអភិវឌ្ឍផ្នត់គំនិតរូបនេះបញ្ជាក់ថា ការរួបរួមរវាងអ្នកប្រជាធិបតេយ្យដែលអាចសម្រេចទៅបាន លុះត្រាតែពួកគេមិនទាមទារធ្វើជាមេដឹកនាំសម្ពន្ធភាពរបស់ខ្លួន ឬធ្វើតាមមេខ្លោងនយោបាយណាមួយនៅពីក្រោយនៃការរួបរួមនេះដែរ។ ជាងនេះទៀត ការបង្កើតបទបញ្ជាផ្ទៃក្នុងដើម្បីអនុវត្តទាំងអស់គ្នា គឺជាកត្តាមិនអាចខ្វះបានជាដាច់ខាត ដើម្បីកុំឱ្យពួកគេចេះតែចាប់កំហុសគ្នាទៅវិញទៅមក។
លោកបន្តទៀតថា ជាងនេះទៀត ប្រសិនបើពួកគេបង្កើតសម្ពន្ធភាពដើម្បីប្រយោជន៍តែគណបក្សរៀងៗខ្លួន ក៏មិនគួរបង្កើតឡើងដែរ ដើម្បីកុំឱ្យខូចឈ្មោះអ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិកាន់តែខ្លាំងជាងនេះ។ បន្ថែមពីនេះ ត្រូវបង្កើតក្រុមវាយតម្លៃសីលធម៌ផ្ទៃក្នុងមួយ ដើម្បីទប់ស្កាត់នូវរាល់សកម្មភាពអនាធិបតេយ្យទាំងឡាយដែលអាចកើតមាននៅក្នុងសម្ពន្ធភាពរបស់ពួកគេផងដែរ ហើយការចងសម្ព័ន្ធនេះត្រូវតែធ្វើឡើងឱ្យចេញជារូបរាងឱ្យបានមុនខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលគណបក្សក្រៅរដ្ឋាភិបាល និងអ្នកប្រជាធិបតេយ្យនៅកម្ពុជាកំពុងដឹកនាំសកម្មភាពនយោបាយរបស់ពួកគេរៀងៗខ្លួន ដោយគ្មានក្រុមណាមួយអាចដឹកនាំរកការបង្រួបបង្រួមទៅជាកម្លាំងធំមួយ ដើម្បីប្រកួតប្រជែងជាមួយបក្សកាន់អំណាចបាននៅឡើយទេក្នុងពេលបច្ចុប្បន្ននេះ។
គណបក្សនយោបាយនៅកម្ពុជាមានជាង ៤០គណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ប៉ុន្តែគណបក្សដែលបានចូលរួមការបោះឆ្នោតកាលពីពេលថ្មីៗនេះមានចំនួន ១៧គណបក្សប៉ុណ្ណោះ ក្នុងនោះពួកគេបានដឹកនាំសកម្មភាពធ្វើនយោបាយប្រកួតប្រជែងការគាំទ្រពីប្រជាពលរដ្ឋរៀងៗខ្លួន ប៉ុន្តែជាលទ្ធផល បក្សកាន់អំណាចបានយកឈ្នះគណបក្សនយោបាយទាំងនោះទាំងស្រុងដែលអាចគ្រប់គ្រងក្រុមប្រឹក្សាឃុំ-សង្កាត់ដល់ទៅជាង ៩៤%។
ទាក់ទិននឹងបញ្ហានេះ គណបក្សសង្គ្រោះជាតិដែលបានបង្កើតឡើងពីការច្របាច់បញ្ចូលគ្នារវាងគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី កាលពីឆ្នាំ២០១២ កន្លងទៅ បានទទួលការគាំទ្រពីពលរដ្ឋភ្លូកទឹកភ្លូកដីរហូតធ្វើឱ្យបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ធ្លាក់ចុះការគាំទ្រពីប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
ដោយសារតែបញ្ហានេះ មេដឹកនាំបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានប្រើល្បិចកលកែច្បាប់ និងចោទប្រកាន់ទាំងបំពានលើមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា រហូតឈានដល់ការចាប់ឃុំខ្លួន និងរំលាយគណបក្សសង្គ្រោះជាតិទាំងដែលតុលាការមិនទាន់កាត់ទោសមេដឹកនាំបក្សនេះនៅឡើយ ហើយបញ្ហានេះ បានបង្ហាញឱ្យឃើញពីកម្លាំងនៃការបង្រួបបង្រួមរបស់អ្នកប្រជាធិបតេយ្យផងដែរ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការបែកបាក់របស់អ្នកប្រជាធិបតេយ្យ គឺជាការចង់បានរបស់បក្សកាន់អំណាចយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ដូច្នេះអ្នកដែលតាំងខ្លួនថាជាអ្នកស្រឡាញ់ប្រជាធិបតេយ្យ ហើយបន្តដឹកនាំសកម្មភាពរៀងៗខ្លួនសព្វថ្ងៃនេះ មានន័យថាពួកគេក៏កំពុងតែធ្វើនយោបាយកំដរបក្សកាន់អំណាចឱ្យមានរូបភាពប្រជាធិបតេយ្យនៅកម្ពុជាប៉ុណ្ណោះ មិនមែនដើម្បីប្រជាធិបតេយ្យពិតប្រាកដនោះទេ៕