40.3 C
Phnom Penh

មេដឹកនាំ​ថ្មី​ហ្វីលីពីន​បន្ត​ប្រាប់​ចិន​ថា​លោក​ចង់​ឱ្យ​ចំណង​ទាក់ទង​ល្អ​ជាជាង​បង្ក​ជម្លោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​ថ្មី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន គឺ​លោក Ferdinand Marcos Jr ហៅ Bongbong បាន​រំឭក​ទៅ​កាន់​ទីក្រុង​ប៉េកាំង ថា ក្នុង​រដ្ឋការ​របស់​លោក ៦​ឆ្នាំ​ទៅ​មុខ​នេះ គឺ​លោក​ចង់​ឃើញ​ហ្វីលីពីន និង​ចិន មាន​ទំនាក់ទំនង​ល្អ ជាជាង​បង្ក​ភាព​តានតឹង និង​ជម្លោះ​ដាក់​គ្នា។

លោក Bongbong ដែល​ទើប​បាន​ចូល​កាន់​តំណែង​កាលពី​ថ្ងៃទី​៣០ ខែ​មិថុនា គឺ​លោក​បាន​ថ្លែង​ដូចនេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ម៉ានីល នៅ​ថ្ងៃទី​៥ កក្កដា។ ការ​ថ្លែង​របស់​ប្រធានាធិបតី​ហ្វីលីពីន​ថ្មី​រូប​នេះ ធ្វើឡើង​នៅ​មុន​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី ដែល​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ម៉ានីល នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។

លោក Bongbong បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្នុង​រជ្ជកាល​របស់​លោក គឺ​លោក​នឹង​ព្យាយាម​ស្វែងរក​ការ​កាត់បន្ថយ​ជម្លោះ គឺ​មាន​ន័យ​ថា ស្វែងរក​ដំណោះស្រាយ​ចំពោះ​ជម្លោះ​ជាមួយ​នឹង​ចិន​នៃ​ជម្លោះ​ដែនទឹក និង​ដែន​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ច្រើន​ទសវត្ស​មក​នេះ។ លោក​ថា លោក​ចង់​ពង្រីក​ទំនាក់ទំនង​ជាមួយ​ចិន​លើ​គ្រប់​វិស័យ​ទាំងអស់ បើ​ប្រទេស​ទាំង​ពីរ​កាត់បន្ថយ​ជម្លោះ​បាន ប៉ុន្តែ​បើ​ប្រទេស​ទាំង​ពីរ​ពុំ​អាច​កាត់បន្ថយ​ជម្លោះ​បាន​នោះ គឺ​នឹង​មិន​ធ្វើ​ឱ្យ​ចំណង​ទាក់ទង​ទ្វេភាគី​ល្អ​ប្រសើរ​នោះ​ទេ។

លោក​បាន​ថ្លែង​ថា ហ្វីលីពីន​មិន​ត្រឹម​ចង់​ឱ្យ​មាន​ទំនាក់ទំនង​តែ​ពាណិជ្ជកម្ម​នោះ​ទេ គឺ​ហ្វីលីពីន​ក៏​ចង់​មាន​ទំនាក់ទំនង​លើ​វិស័យ​សន្តិសុខ​ជាមួយ​នឹង​ចិន​ទៀត​ផង។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា លោក Bongbong កំពុង​ធ្វើ​ឱ្យ​មាន​តុល្យភាព​នៅ​រាល់​ទំនាក់ទំនង​ទាំងអស់​ជាមួយ​ចិន។ ប៉ុន្តែ​មេដឹកនាំ​ថ្មី​ហ្វីលីពីន​រូប​នេះ​សន្យា​ថា លោក​នៅតែ​បន្ត​រក្សា​ចំណង​ទាក់ទង​យោធា និង​សន្តិសុខ​ជាមួយ​សហរដ្ឋ​អាមេរិក គឺ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត។

តែ​យ៉ាងណាក៏ដោយ លោក​បាន​ថ្លែង​ថា លោក​មិន​ចង់​ទាញ​ទៅ​រក​ប្រទេស​ណា​មួយ​ធ្ងន់​ជាង​ប្រទេស​ណា​មួយ​នោះ​ទេ រវាង​អាមេរិក និង​ចិន ខណៈ​លោក​ព្រមាន​ចិន​កុំ​បង្ក​បញ្ហា​ច្រើន​ជាង​ការ​ធ្វើ​ឱ្យ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា។

លោក​បាន​ថ្លែង​ទៀត​ថា លោក​ប្រកាន់ខ្ជាប់​នូវ​ការ​សន្យា​របស់​លោក គឺ​ដូច​ដែល​លោក​បាន​ថ្លែង​នៅ​ក្នុង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត គឺ​ថា​លោក​ត្រូវ​ប្រឆាំង​រាល់​ការ​គំរាមកំហែង​ពី​សំណាក់​ប្រទេស​ណា​ក៏ដោយ​ដែល​បំពារបំពាន​លើ​ដែន​អធិបតេយ្យ​របស់​ហ្វីលីពីន។

ក្នុង​អំឡុង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កន្លងមក​នេះ លោក Bongbong បាន​បញ្ជាក់​ថា លោក​នឹង​សើរើ​ឡើងវិញ​សាលក្រម​មជ្ឈត្តការ​អន្តរជាតិ​ដែល​បាន​ផ្ដល់​សិទ្ធិ​ឱ្យ​ហ្វីលីពីន​ចូល​ទៅ​កាន់កាប់​ដែន​កោះ​មួយ​ចំនួន​ដែល​ចិន​រំលោភ​យក គឺ​នៅ​ប្រជុំ​កោះ​ស្កាបូរ៉ូ នៃ​សមុទ្រ​ចិន​ខាងត្បូង។

លោក​បញ្ជាក់​ថា សាលក្រម​របស់​តុលាការ​អន្តរជាតិ​នៅ​ឆ្នាំ​២០១៦ នោះ គឺ​សម្រាប់​រដ្ឋការ​របស់​លោក​មិន​អាច​បំភ្លេច​បាន​នោះ​ទេ គឺ​មិន​អាច​ទុក​ចោល​នោះ​ទេ ដែល​លោក​ថា​ត្រូវតែ​សើរើ​ឡើងវិញ ប៉ុន្តែ​លោក​ទទូច​ឱ្យ​ចិន​គោរព​សេចក្ដី​សម្រេច​របស់​តុលាការ​អន្តរជាតិ​នេះ ហើយ​បើ​ពុំ​នោះ​ទេ លោក​នឹង​យក​សំណុំរឿង​ដដែល​នេះ​ទៅ​ថ្លែង​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កញ្ញា ឆ្នាំ​២០២២ នេះ។

លោក Bongbong បាន​ថ្លែង​ទៀត​ថា កិច្ចព្រមព្រៀង​ទ្វេភាគី​ជាមួយ​ចិន ឬ​ក៏​ពហុភាគី​ជាមួយ​ប្រទេស​ណា​ក៏ដោយ គឺ​សុទ្ធតែ​មាន​តម្លៃ​ទាំងអស់ ដើម្បី​ធ្វើ​ឱ្យ​តំបន់​មាន​សន្តិភាព​មាន​សន្តិសុខ ព្រោះ​កត្តា​ភូមិសាស្ត្រ​នយោបាយ គឺ​មិន​អាច​ចោល​ភាគី​ណា​មួយ​បាន​នោះ​ទេ។

លោក Bongbong ទំនង​ចង់​និយាយ​ថា ភូមិសាស្ត្រ​នយោបាយ​ដែល​នៅ​ពេលនេះ​កំពុង​ប្រទាញប្រទង់​គ្នា​រវាង​ចិន និង​សហរដ្ឋ​អាមេរិក។ នៅ​ក្នុង​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង លោក Bongbong បាន​បញ្ជាក់​នៅ​ចំពោះ​មុខ​អ្នក​ដឹកនាំ​ពិធី​សម្បថ​ថា លោក​សូម​សច្ចា​ការពារ​ដែនដី​អធិបតេយ្យ​របស់​ហ្វីលីពីន គឺ​មិន​ទុក​ឱ្យ​ប្រទេស​ណា​មួយ​រំលោភ​បំពាន​បាន​ឡើយ។

ប៉ុន្តែ​សារ​ដ៏​ធ្ងន់​របស់​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន​រូប​នេះ គឺ​លោក​បាន​ថ្លែង​បែប​ចំអក​ថា លោក​ត្រូវការ​ប្រទេស​ទាំងអស់​ជា​មិត្ត​របស់​ហ្វីលីពីន រួម​ទាំង​ចិន​ផង​ដែរ ប៉ុន្តែ​លោក​បញ្ជាក់​ថា លោក​មិន​ចង់​ឃើញ​ប្រទេស​ណា​មួយ​រាប់អាន​លោក​ជា​មិត្ត តែ​ចាត់ទុក​លោក​ជា​អាយ៉ង​នោះ​ទេ។

លោក Bongbong គឺជា​ប្រធានាធិបតី​ហ្វីលីពីន​ទី​១៧។ លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​របស់​សាធារណរដ្ឋ​ហ្វីលីពីន នៅ​ក្នុង​ការ​បោះឆ្នោត​ថ្ងៃទី​៩ ឧសភា។ ប្រធានាធិបតី​កូន​អតីត​ជន​ផ្ដាច់ការ Ferdinand Marcos បាន​ឡើង​កាន់​តំណែង​ដ៏​កំពូល​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ គឺជា​ការ​ឡើង​មក​ជំនួស​ប្រធានាធិបតី រ៉ូឌ្រីហ្កូ ឌូទើតេ ដែល​បាន​ផុត​អាណត្តិ។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា លោក Bongbong ដែល​បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​វាយប្រហារ​ទៅ​លើ​ប្រទេស​ចិន គឺ​លោក​ចង់​ប្រាប់​ចិន​ថា លោក​មិន​មែន​ជា​ប្រធានាធិបតី​ដែល​ប្រកាន់​ជំហរ​ចំពោះ​ចិន ដូច​លោក ឌូទើតេ នោះ​ទេ។

អតីត​ប្រធានាធិបតី រ៉ូឌ្រីហ្កូ ឌូទើតេ បាន​ទុក​ចោល​សាលក្រម​របស់​តុលាការ​មជ្ឈត្តការ​អន្តរជាតិ​ដែល​ឱ្យ​ហ្វីលីពីន​មាន​សិទ្ធិ​ចូល​ទៅ​កាន់កាប់​ដែនទឹក និង​ដែន​កោះ​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឡើង​វិញ​នោះ គឺ​លោក ឌូទើតេ បាន​ព្យួរ​ចោល​សេចក្ដី​សម្រេច​របស់​តុលាការ​អន្តរជាតិ​នេះ​អស់​រយៈពេល​ដល់​ទៅ ៤​ឆ្នាំ គឺ​លោក​ទើប​តែ​ឱ្យ​តម្លៃ​សាលក្រម​នេះ​ឡើងវិញ​នៅ​ឆ្នាំ​២០២១ គឺ​មុន​លោក​ជិត​ផុត​អាណត្តិ។ លោក ឌូទើតេ បាន​សម្ដែង​ការ​ខកចិត្ត​ជា​ខ្លាំង​ខណៈ​លោក​ទទួលស្គាល់​ថា​ចិន​ជា​ប្រទេស​ដែល​រំលោភ​បំពាន​ដែន​អធិបតេយ្យ​ប្រទេស​ជិតខាង​ដោយ​មិន​ចេះ​អៀនខ្មាស។

បុរស​ខ្លាំង​នេះ​នៅ​ពេល​ដែល​កាន់​តំណែង​បាន ៦​ខែ លោក​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប៉េកាំង តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ហើយ​នៅ​ពេល​ត្រឡប់​មកវិញ លោក​ទទួល​បាន​ប្រាក់កម្ចី​ពី​ចិន​ច្រើន​ពាន់​លាន​ដុល្លារ។ ពេល​នោះ​ហើយ​ដែល​លោក ឌូទើតេ ប្រមាថ​មើលងាយ​សហរដ្ឋ​អាមេរិក​ជា​ខ្លាំង ដោយ​ចាត់ទុក​ចិន​ជា​មិត្ត​ជិតខាង​ដ៏​ល្អ​របស់​ហ្វីលីពីន។ តែ​សម្រាប់​ចិន ទោះបីជា​លោក ឌូទើតេ សរសើរ​ដូចនេះ​ក៏ដោយ ក៏​នៅតែ​ចូល​រំលោភ​បំពាន​ដែនទឹក​ហ្វីលីពីន​ដដែល។ លោក ឌូទើតេ ត្រូវ​បាន​សមាជិក​ព្រឹទ្ធសភា​នៃ​ក្រុម​គណបក្ស​ប្រឆាំង​បាន​ហៅ​ថា​ជា​មេដឹកនាំ​ក្បត់​ជាតិ។

ពេល​នោះ​ហើយ​លោក ឌូទើតេ ដឹង​ខ្លួន ហើយ​ក៏​វាយប្រហារ​ចិន​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដោយ​ប្រាប់​គណប្រតិភូ​ចូលរួម​ប្រជុំ​ថា លោក​គិត​ខុស​ថា​ចិន​ជា​ប្រទេស​ដែល​គួរ​ឱ្យ​រាប់អាន តែ​ការពិត ចិន​ជា​ប្រទេស​ធំ​ដែល​មិន​គោរព​ច្បាប់​អន្តរជាតិ​នោះ​ទេ។ ចុងក្រោយ អតីត​បុរស​ខ្លាំង​រូប​នេះ​បាន​សម្រេច​មក​ឱបក្រសោប​ជាមួយ​អាមេរិក​ឡើងវិញ ហើយ​បាន​នាំ​ឱ្យ​មេដឹកនាំ​ថ្មី​លោក Bongbong បន្ត​ប្រកាន់​ជំហរ​ប្រឆាំង​នឹង​ចិន គឺ​ដូច​អតីត​ប្រធានាធិបតី ឌូទើតេ ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស