ប្រធានវេទិកាពលរដ្ឋអះអាងថា ការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក សិនហ្សូ អាបេ និងបណ្ឌិត កែម ឡី ធ្វើឡើងនៅកណ្ដាលពន្លឺថ្ងៃដូចគ្នា ប៉ុន្តែការស្វែងរកភស្តុតាងចាប់ឃាតកពិត គឺធ្វើឡើងខុសគ្នាទាំងស្រុង ខណៈក្រុមសិទ្ធិមនុស្សអន្តរជាតិអះអាងថា រដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈស៊ើបអង្កេតលាតត្រដាងរកជននៅពីក្រោយអំពើឃាតកម្មនេះ។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងក្នុងឱកាសប្រារព្ធខួប ៦ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នេះថា ឃាតកម្មលើលោក សិនហ្សូ អាបេ ត្រូវថតបានសកម្មភាពពីគ្រប់ជ្រុង ទោះកាមេរ៉ាសុវត្ថិភាពទាំងនោះនៅឆ្ងាយពីកន្លែងបាញ់ប្រហារក៏ដោយ ក៏អាជ្ញាធរជប៉ុននៅតែអាចចាប់ឃាតកពិតបាននៅនឹងកន្លែង ដែលធ្វើឲ្យប្រជាជនជប៉ុន មានជំនឿលើរដ្ឋាភិបាល និងអាជ្ញាធររបស់ពួកគេយ៉ាងខ្លាំង។
លោក គឹម សុខ លើកឡើងថា ចំណែកឃាតកម្មលើបណ្ឌិត កែម ឡី នៅកម្ពុជាដែលបានប្រព្រឹត្តនៅក្នុងហាងស្ដារម៉ាតក្នុងបរិវេណស្ថានីយចាក់សាំងកាល់តិចក្បែរស្តុបបូកគោ ដែលបានបំពាក់កាមេរ៉ាសុវត្ថិភាពខ្វាត់ខ្វែងនៅក្នុងហាង ប៉ុន្តែអាជ្ញាធរ និងរដ្ឋាភិបាលកម្ពុជានៅតែមិនអាចបង្ហាញភស្តុតាងជាវីដេអូអំពីសកម្មភាពនៃការបាញ់ប្រហារនេះរហូតមកទល់នឹងពេលនេះ។
នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការនេះកាលពីថ្ងៃទី១០ ខែកក្កដា ថា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនឹងបន្តទាមទារឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ និងមិនលម្អៀងលើករណីឃាតកម្មបណ្ឌិត កែម ឡី ដើម្បីធ្វើយ៉ាងណាឱ្យមានការទទួលខុសត្រូវចំពោះអ្នកពាក់ព័ន្ធទាំងអស់ក្នុងសំណុំរឿងនេះ។
លោកអះអាងថា ការកាត់ក្តីរបស់តុលាការកម្ពុជាគ្រាន់តែជាការបិទបាំងការពិតដែលរៀបចំឡើងក្នុងគោលបំណងដាក់គុកតែជនដែលគេបានរៀបចំទុកប៉ុណ្ណោះ មិនមែនជាចំណាត់ការម៉ឺងម៉ាត់ណាមួយដើម្បីធានាយុត្តិធម៌ពិតជូនបណ្ឌិត កែម ឡី នោះឡើយ។
លោក ហ្វីល រ៉ូប៊ើតសុន បញ្ជាក់ថា តុលាការកម្ពុជាមិនមានឯករាជ្យនោះទេ ហើយការកាត់ក្តីនេះគឺជាកំហុសដ៏អាក្រក់បំផុតចំពោះប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលតុលាការខកខានក្នុងការនាំយកភស្តុតាងស្វែងរកមេខ្លោងដែលផ្ដល់កាំភ្លើង ឬសូម្បីតែការពន្យល់ដែលអាចជឿជាក់។ លើសពីនេះ សវនាការលើសំណុំរឿងបណ្ឌិត កែម ឡី នេះហាក់ត្រូវបានធ្វើឡើងយ៉ាងប្រញាប់ប្រញាល់ដើម្បីកុំឱ្យមានពេលវេលាស៊ើបអង្កេតឱ្យបានស៊ីជម្រៅផងដែរ។
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ បណ្ឌិត កែម ឡី ត្រូវបានសម្លាប់ក្រៅប្រព័ន្ធច្បាប់ក្រោមគ្រាប់កាំភ្លើងឃាតកដែលគេមិនស្គាល់មុខ នៅកណ្តាលទីក្រុងភ្នំពេញ ក្នុងហាងស្តារម៉ាតស្ថិតក្នុងបរិវេណស្ថានីយចាក់សាំងកាល់តិចក្បែរស្តុបបូកគោ បន្ទាប់ពីលោកបានវិភាគទៅលើរបាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក (Global Witness) ដែលលាតត្រដាងស៊ីជម្រៅអំពីអាណាចក្រមុខជំនួញត្រកូល ហ៊ុន បាន ២ថ្ងៃប៉ុណ្ណោះ។
រហូតមកទល់នឹងពេលនេះ វីដេអូក្នុងកាមេរ៉ាសុវត្ថិភាពនៅកន្លែងឃាតកម្មនោះមិនត្រូវបានអាជ្ញាធរបញ្ចេញ ដើម្បីបង្ហាញអំពីសមាសភាពឃាតកពិតជូនសាធារណជនដើម្បីឲ្យអស់ការសង្ស័យនោះឡើយ ខណៈអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មនេះក៏មិនត្រូវបានគេបង្ហាញនោះដែរ។
ខួប ៦ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នេះ ត្រូវបានសង្គមស៊ីវិល គណបក្សនយោបាយ សកម្មជនសង្គម នាំគ្នាកោរសក់ក្នុងពិធីនេះដើម្បីរំឭកគុណនូវវីរភាពរបស់លោក។ ជាងនេះទៀត ពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស ដូចជា កូរ៉េ និងអូស្ត្រាលី ជាដើម ក៏បាននាំគ្នាធ្វើពិធីបុណ្យដើម្បីរំឭកខួបនៃមរណភាពរបស់លោកផងដែរ ក្នុងនោះអ្នកដែលស្រឡាញ់គាំទ្របណ្ឌិត កែម ឡី បាននាំគ្នាបញ្ចេញទស្សនៈរៀងៗខ្លួនព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស្វែងរកឃាតកពិតមកផ្ដន្ទាទោសបន្តទៀត។
ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១០ កក្កដា ថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក សិនហ្សូ អាបេ និងបណ្ឌិត កែម ឡី ត្រូវគេបាញ់សម្លាប់ចំនួន ២គ្រាប់ដូចគ្នា ប៉ុន្តែ ២គ្រាប់នេះបានប៉ះដល់ផលប្រយោជន៍ប្រទេសជាតិ និងមនុស្សរាប់លាននាក់យ៉ាងធ្ងន់ធ្ងរ។
បណ្ឌិត យ៉ង សាំងកុមារ លើកឡើងថា មរណភាពរបស់បណ្ឌិត កែម ឡី គឺជាពន្លឺក្នុងការតំណាងឲ្យសេរីភាពបញ្ចេញមតិក្នុងការលាតត្រដាងការពិតដើម្បីយុត្តិធម៌សង្គម។ ចំណែកអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក សិនហ្សូ អាបេ គឺជាអ្នកនយោបាយដែលមានឥទ្ធិពលខ្លាំងក្នុងការកែទម្រង់សេដ្ឋកិច្ច និងសង្គមជប៉ុន ទៅរកភាពល្អប្រសើរ និងជាបុគ្គលដែលមានសមត្ថភាពអាចរក្សាបានតុល្យភាពល្អរវាងទំនាក់ទំនងមហាអំណាច ដើម្បីសន្តិសុខពិភពលោកផងដែរ។
ចំណែកមន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានត្អូញត្អែរដែរថា នៅពេលដែលលោកបានឃើញសភាពបណ្ឌិត កែម ឡី ដេកដួលក្នុងថ្លុកឈាមកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ បានធ្វើឱ្យលោកក្តុកក្តួលហួសប្រមាណ ដែលលោកនឹកស្មានមិនដល់ថា ជនពាលបេះដូងខ្មៅអាចលើកដៃសម្លាប់បណ្ឌិត កែម ឡី ដែលខំតស៊ូដើម្បីលើកស្ទួយសង្គមជាតិបានដោយបែបនេះ។
លោកបញ្ជាក់ថា រូបភាពនៃមរណភាពបណ្ឌិត កែម ឡី មិនបានធ្វើឲ្យរូបលោក និងយុវជនខ្មែរជំនាន់ក្រោយភ័យខ្លាច និងបញ្ឈប់សកម្មភាពការងារជួយសង្គមជាតិនោះទេ។ ផ្ទុយទៅវិញ រឹតតែធ្វើឱ្យមានការឈឺចាប់ និងឈឺឆ្អាលចំពោះកិច្ចការជួយសង្គមជាតិឲ្យកាន់តែសកម្មខ្លាំងឡើងទៅវិញ ហើយគំរូវីរភាពរបស់លោកបានដិតជាប់ក្នុងបេះដូង ព្រមទាំងស្មារតីកូនខ្មែរដែលជាយុវជនជំនាន់ក្រោយគ្រប់រូបជានិច្ច។
ក្រោមការដឹកនាំជាង ៤០ឆ្នាំរបស់លោក ហ៊ុន សែន សង្គមខ្មែរត្រូវគេមើលឃើញថាបានរីកធំធាត់នូវអំពើឃាតកម្មធំៗក្រៅប្រព័ន្ធច្បាប់រាប់មិនអស់ ខណៈជនរងគ្រោះមិនទទួលបានយុត្តិធម៌នៅឡើយ។ ឃាតកម្មច្រើនតែកើតមានលើពលរដ្ឋខ្មែរដែលមានឈ្មោះល្បីៗ ដែលបានរួមចំណែកធ្វើវិភាគទានជួយសង្គមជាតិ ជាពិសេសអ្នកដែលរិះគន់ការដឹកនាំមិនត្រឹមត្រូវរបស់រដ្ឋាភិបាលលោក ហ៊ុន សែន តែម្តង៕