27 C
Phnom Penh

សាលា​ឧទ្ធរណ៍​ត្បូងឃ្មុំ​ច្រានចោល​សាលក្រម​សាលា​ដំបូង​រតនគិរី​លើ​សកម្មជន​ព្រៃឈើ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ បាន​ប្រកាស​ច្រានចោល​សាលក្រម​របស់​សាលាដំបូង​ខេត្ត​រតនគិរី ដែល​បាន​ផ្ដន្ទាទោស​សកម្មជន​ព្រៃឈើ លោក ឆន ផល្លា ដាក់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ ក្រោម​បទ​ចោទ «កាប់​រាន​ដី​ព្រៃ ឈូស​ឆាយ និង​ហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃ» ប៉ុន្តែ​សកម្មជន​រូប​នេះ​នៅ​ជាប់​ការ​ចោទប្រកាន់​ថ្មី​មួយ​ទៀត។

នៅ​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ បាន​ប្រកាស​សាលដីកា​ដោយ​ច្រានចោល​សេចក្ដី​សម្រេច​របស់​សាលាដំបូង​ខេត្ត​រតនគិរី ដែល​បាន​កាត់ទោស​ឱ្យ​លោក ឆន ផល្លា ជាប់​ពន្ធនាគារ ៥​ឆ្នាំ។

កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១ សាលាដំបូង​ខេត្ត​រតនគិរី បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ឱ្យ​សកម្មជន​ការពារ​ព្រៃឈើ លោក ឆន ផល្លា ជាប់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ ក្រោម​ច្បាប់​ស្ដីពី​ព្រៃឈើ។ ដោយ​មិន​សុខចិត្ត​នឹង​សាលក្រម​ផ្ដន្ទាទោស​របស់​តុលាការ​ថ្នាក់​ក្រោម មេធាវី​របស់​លោក​បាន​ប្តឹង​សាទុក្ខ​ទៅ​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ប្រឆាំង​នឹង​សាលក្រម​នេះ។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ឆន ផល្លា គឺ​លោក សំ ទិត្យសីហា ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា កូនក្ដី​របស់​លោក​នឹង​ត្រូវ​បាន​ដោះលែង​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ។ លោក​ចាត់ទុក​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ ថា​បាន​ផ្ដល់​យុត្តិធម៌​ដល់​កូនក្ដី​របស់​លោក។ ទោះបីជា​លោក ឆន ផល្លា ត្រូវ​សាលា​ឧទ្ធរណ៍​ឱ្យ​លោក​រួច​ផុត​ពី​ទោស ៥​ឆ្នាំ​ក៏ដោយ ប៉ុន្តែ​សកម្មជន​ការពារ​ព្រៃឈើ​រូប​នេះ​នៅ​រង​ការ​ចោទប្រកាន់​បណ្ដឹង​មួយ​ទៀត​នៅ​សាលាដំបូង​ខេត្ត​រតនគិរី។

លោក​មេធាវី សំ ទិត្យសីហា បញ្ជាក់​ថា លោក ឆន ផល្លា នៅ​មិនទាន់​អាច​មាន​សេរីភាព​នៅឡើយ ដោយសារតែ​លោក ឆន ផល្លា ត្រូវ​បាន​សាលាដំបូង​ខេត្ត​រតនគិរី ប្រកាស​សាលក្រម​កាលពី​ថ្ងៃទី​០៧ ខែ​កក្កដា ឆ្នាំ​២០២២ នេះ ដោយ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ៦​ឆ្នាំ ក្រោម​បទ​ចោទ​ថ្មី​មួយ​ទៀត គឺ​បទ «ផ្ដើម​គំនិត​កាប់​គាស់ រុករាន​ដី​ព្រៃ ឆ្ការ ដុត និង​ឈូស​ឆាយ​ដី​ព្រៃ ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ» តាម​មាត្រា​៦២ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ។

លោក ឆន ផល្លា មាន​វ័យ​ជាង ៤២​ឆ្នាំ រស់នៅ​ភូមិ​សមុទ្រក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី គឺជា​សកម្មជន​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ។ លោក​បាន​ចំណាយ​ពេល​ជាង ១០​ឆ្នាំ​ចងក្រង​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញ​ព្រៃឈើ និង​ដាក់​ពាក្យ​បណ្ដឹង​បរិហារ​អាជ្ញាធរ​ដែល​មិន​បំពេញ​មុខនាទី​ការពារ​ព្រៃឈើ និង​ដីធ្លី។

ភ្នាក់ងារ​មាន​សមត្ថកិច្ច​បាន​ចាប់​ឃុំ​ខ្លួន​លោក​កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១។ សំណុំរឿង​ទី​១ នោះ តុលាការ​ខេត្ត​រតនគិរី បាន​ផ្ដន្ទាទោស​លោក​ដាក់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ ពី​បទ «កាប់​គាស់ រុករាន ឆ្ការ ដុត និង​ឈូស​ឆាយ​ដី​ព្រៃ​ធ្វើជា​កម្មសិទ្ធិ» ផ្អែក​តាម​មាត្រា​៩៧ នៃ​ច្បាប់​ស្តីអំពី​ព្រៃឈើ។

កាលពី​ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០២២ ការិយាល័យ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​សកម្មជន​ព្រៃឈើ លោក ឆន ផល្លា ដោយ​ចាត់ទុក​សកម្មភាព​នេះ​ថា​ជា​ការ​គំរាមកំហែង និង​រំលោភ​លើ​សិទ្ធិ​អ្នក​ការពារ​សិទ្ធិមនុស្ស​ផ្នែក​បរិស្ថាន។

ប៉ុន្តែ​ករណី​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ច្រានចោល ហើយ​ថា​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ​មិន​បាន​យល់​ការពិត និង​ទិដ្ឋភាព​ច្បាប់​នៃ​ប្រទេស​កម្ពុជា។ បន្ថែម​ពី​នេះ​ទៀត រាជរដ្ឋាភិបាល​បាន​ចាត់ទុក​ការ​ចោទប្រកាន់ និង​ការ​ឃុំ​ខ្លួន​លោក ឆន ផល្លា គឺ​មាន​ភស្តុតាង​គ្រប់គ្រាន់​សម្រាប់​ការ​ដាក់​បន្ទុក៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស