35 C
Phnom Penh

បទវិភាគ៖ តើ​ការ​ប្រកាស​ជោគជ័យ​នៅ​បរទេស​របស់​បក្ស​ប្រជាជន​ជា​ជោគជ័យ​អ្វី​ឲ្យ​ប្រាកដ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្ដាញ​សាខា​បក្ស​ប្រជាជន​កម្ពុជា ចំណាយ​ថវិកា និង​ពេលវេលា​យ៉ាង​តិច ៨​ឆ្នាំ ដើម្បី​ចង់​ដឹង​ថា តើ​ខ្មែរ​ឯ​បរទេស​ប៉ុន្មាន​នាក់​គាំទ្រ​អតីត​បក្ស​កុម្មុយនីស្ត​បង្កើត​ដោយ​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ឬ​បក្ស​កុម្មុយនីស្ត​វៀតណាម។

តទៅ​នេះ លោក ហាស់ សាន សូម​រំឭក​អំពី​អ្វី​ដែល​សារព័ត៌មាន The Cambodia Daily ផ្សាយ​កាលពី​ឆ្នាំ​២០២១ ដែល​និយាយ​អំពី​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ឯ​បរទេស​ប្រគល់​ឲ្យ​ដោយ​បក្ស​ប្រជាជន​កម្ពុជា។

រយៈពេល​ប្រមាណ ៨​ឆ្នាំ​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២២ បក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​ទិស ឬ​ប្រគល់​ភារកិច្ច និង​ការ​ទទួល​ខុសត្រូវ​ឲ្យ​សមាជិក​បក្ស ជា​កូន-ចៅ​មន្ត្រី​ជាន់ខ្ពស់​បក្ស​បង្កើត​បណ្ដាញ សាខា​បក្ស​ឯនាយ​សមុទ្រ ដើម្បី​រើស​សមាជិក អ្នកគាំទ្រ​គ្រប់​ភេទ គ្រប់​វ័យ ដោយ​ផ្តើម​ដំណើរ​សាកល្បង​ពី​ប្រទេស​អូស្ត្រាលី។ គេ​ឲ្យ​ឈ្មោះ​ថា «ក្រុម​ការងារ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស»

ក្រោយ​មក​ដាក់​ឈ្មោះ​ប្រទេស ឬ​តំបន់ ដូចជា ក្រុម​ការងារ​ចាត់តាំង ឬ​ក្រុម​ការងារ​យុវជន​សាខា​បក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ប្រទេស​នេះ ប្រទេស​នោះ ឬ​តំបន់​នេះ តំបន់​នោះ ជាដើម។

នៅ​ខែ​មិថុនា ឆ្នាំ​២០២០ លោក ហ៊ុន សែន ប្រធាន​បក្ស ព្រមទាំង​សមាជិក​គណៈកម្មាធិការ​កណ្តាល​មជ្ឈិម​បក្ស​ទាំង ៣៤​នាក់ សម្រេច​តែងតាំង​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​របស់​លោក​ជា​ប្រធាន​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល ដែល​មាន​យុវជន​ជា​សមាជិក​ប្រមាណ ១​លាន ៨​សែន​នាក់ អាយុ​ពី ១៥ ដល់ ៣៥​ឆ្នាំ ឬ​ប្រមាណ ៣០% នៃ​សមាជិក​បក្ស ៦​លាន​នាក់​ទូទាំង​ប្រទេស។ នៅ​ឆ្នាំ​២០១៨ លោក ហ៊ុន សែន ប្រធាន​បក្ស ធ្វើ​សេចក្តី​សម្រេច​តែងតាំង​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជា​អគ្គមេបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក។

ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស ធ្វើការ​ជិតដិត​នឹង​ស្ថានទូត​នៃ​រាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​នីមួយៗ​យ៉ាង​សស្រាក់សស្រាំ បញ្ចុះបញ្ចូល​មនុស្ស​ទូទៅ​ឲ្យ​គាំទ្រ ឲ្យ​ចូល​ជា​សមាជិក​បក្ស ដោយ​សន្យា​ផ្តល់​កិត្តិយស មុខមាត់ លាភ​សក្ការៈ​ផ្សេងៗ។ សញ្ញា​សម្គាល់​អ្នកគាំទ្រ ឬ​សមាជិក​បក្ស គឺ​ក្រមា​បង់​ក​ចម្រុះ​ពណ៌។ គេ​សង្កេត​ឃើញ​ថា សមាជិក​ថ្មី​ឯ​បរទេស​ភាគច្រើន​ជា​មនុស្ស​ចំណាស់ៗ​ដែល​ចង់​បាន​មុខមាត់​ពេល​មក​លេង​ស្រុក ឬ​ខ្លាច​មិន​បាន​មក​លេង​ស្រុក។

កិច្ចប្រឹងប្រែង​របស់​បក្ស​ប្រជាជន​កម្ពុជា​តាមរយៈ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​ស្វែងរក​លាភ ឥត​គិត​អំពី​ច្បាប់​ទម្លាប់​ប្រទេស​ដែល​ខ្លួន​រស់នៅ បាន​ជួយ​ផ្តល់​លទ្ធផល​ជា​ទី​ពេញចិត្ត​ដល់​បក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន សែន និង​កូនប្រុស។

សារព័ត៌មាន The Cambodia Daily បាន​ធ្វើ​សេចក្តី​រាយការណ៍​ទាក់ទង​នឹង​សកម្មភាព និង​គោល​បំណង​បក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស​ចំនួន ២០​ភាគ​មក​ហើយ។ យើង​បាន​សិក្សា​ស្រាវជ្រាវ​អំពី​មូលហេតុ​គេ​បង្កើត​បណ្ដាញ​សាខា​បក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស។ នៅ​ខែ​សីហា ឆ្នាំ​២០២១ យើង​បាន​ផ្សាយ​ដូច្នេះ៖

លោក ហ៊ុន សែន ជា​អគ្គមគ្គុទ្ទេសក៍ ហើយ​ដែល​យក​ផ្លាក​រាជាធិបតេយ្យ​ជា​ត្រីមុខ កំពុងតែ​ព្យាយាម​ធ្វើការ​ពិសោធ ស្ទាបស្ទង់ វាស់វែង ថ្លឹងថ្លែង​ឲ្យ​ដឹង​អំពី​ទឹកចិត្ត​ខ្មែរ​តាម​សហគមន៍​ឯ​បរទេស ថា​តើ​មាន​ចំនួន​អ្នក​ទ្រ​បក្ស​កាន់​អំណាច​នេះ​ប៉ុន្មាន​ភាគរយ មិន​គាំទ្រ​ប៉ុន្មាន​ភាគរយ។ បើ​ចំនួន​អ្នក​គាំទ្រ​មាន​ល្មម​សមរម្យ ស្មើ ឬ​លើស​ពី​ចំនួន​អ្នក​ប្រឆាំង រដ្ឋ​អំណាច​នៃ​បក្ស​ប្រជាជន​កម្ពុជា នឹង​អនុញ្ញាត​ឲ្យ​ខ្មែរ​នៅ​បរទេស​មាន​សិទ្ធិ​បោះឆ្នោត​គ្រប់​លំដាប់​ថ្នាក់​គ្រប់​សម័យកាល ព្រោះ​ថា​បច្ចុប្បន្ន​នេះ រដ្ឋ​អំណាច​ក្រុង​ភ្នំពេញ​មិនទាន់​អនុញ្ញាត​ឲ្យ​ខ្មែរ​ចូល​សញ្ជាតិ​បរទេស​មាន​សិទ្ធិ​បោះឆ្នោត​ទេ លើកលែងតែ​អ្នក​កាន់​សញ្ជាតិ ឬ​អត្តសញ្ញាណប័ណ្ណ​ពីរ ខ្មែរ​មួយ​បរទេស​មួយ។

ក្រោយពី​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ផ្លាស់​វេន ដើម្បី​ដឹកនាំ​កិច្ចប្រជុំ​កំពូល​សហរដ្ឋ​អាមេរិក-អាស៊ាន​នា​ខែ​ឧសភា ឆ្នាំ​២០២២ លោក ហ៊ុន សែន ពេញចិត្ត​នឹង​ចំនួន​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង និង​ខ្មែរ-ស្វីស ស្វាគមន៍​ទទួល​លោក​ដ៏​កុះករ​លើស​ពី​ការ​ស្មាន ទោះ​ជា​បាន​ប្រើ​លុយ​ទិញ ឬ​ជួល​មនុស្ស​ទៅ​ចូលរួម និង​មាន​ហេតុការណ៍​គប់​ស្បែកជើង​តម្រង់​លើ​លោក​ពេល​សំណេះសំណាល​ជាមួយ​អ្នក​ទទួល​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន​ក៏ដោយ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ខ្មែរ Agence Khmer de Presse (AKP) នៅ​ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០២២ លោក សួស យ៉ារ៉ា ប្រធាន​គណៈកម្មការ​កិច្ចការ​ក្រៅ​ប្រទេស និង​សហប្រតិបត្តិការ ឃោសនា និង​ព័ត៌មាន​នៃ​រដ្ឋសភា បាន​ចែករំលែក​ដំណឹង​ក្នុង​កិច្ចពិភាក្សា​ជាមួយ​អ្នក​ការទូត​បរទេស​នៅ​ក្រុង​ភ្នំពេញ​ថា៖ «ប្រទេស​កម្ពុជា​បាន​ផ្តល់​សិទ្ធិ​បោះឆ្នោត​ដល់​ពលរដ្ឋ​ខ្មែរ ៣​ជំនាន់ ដែល​ត្រូវ​បង្ខំ​ខ្លួន​ចាកចេញ​ពី​មាតុភូមិ​ដោយសារ​សង្គ្រាម​ស៊ីវិល​តាំងពី​ទសវត្ស​១៩៧០ មក ថ្វីបើ​សង្គ្រាម​សម័យ​ខ្លះ​ជា​សង្គ្រាម​បរទេស​ឈ្លានពាន​ក៏ដោយ»

តាម​ប្រភព​ដដែល​នេះ លោក ហ៊ុន សែន ជា​អ្នក​ស្នើ​ឡើង​ក្រោយពី​បាន​ស្តាប់​ឮ​ការ​ត្អូញត្អែរ​អំពី​ការ​លំបាក និង​ក្តី​ប្រាថ្នា​ចង់​ចូលរួម​បោះឆ្នោត​នៃ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស។

AKP ស្រង់​សម្ដី​លោក សួស យ៉ារ៉ា ទៀត​ថា នេះ​ជា​ការ​បញ្ជាក់​ជំហរ​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​ប្រទេស​កម្ពុជា។ ឥឡូវ​នេះ ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​មិន​ថា​ប្រកាន់​និន្នាការ​ណា​ទេ អាច​ដាក់​ពាក្យ​សុំ​អត្តសញ្ញាណប័ណ្ណ ឬ​សុំ​សញ្ជាតិ​ខ្មែរ បើ​គេ​ចង់​ចូលរួម​ការ​បោះឆ្នោត​គ្រប់​លំដាប់​ថ្នាក់ ហើយ​អាច​ទៅ​ចុះឈ្មោះ​តាម​ស្ថានទូត និង​បោះឆ្នោត​នៅ​ទីនោះ​តាម​ប្រទេស​គេ​រស់នៅ​រៀងៗ​ខ្លួន​បាន។

មេ​ក្រុម​ខាង​ព័ត៌មាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ឌឹម សុវណ្ណារុំ បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ឯ​បរទេស​អាច​ផ្តើម​ចុះឈ្មោះ​ខែ​តុលា (ឆ្នាំ) នេះ បើ​គេ​ចង់​បោះឆ្នោត​ឆ្នាំ​ក្រោយ។

តាម​ការ​វិភាគ និង​ការ​ព្យាករ​គន់គូរ​ពី​អ្នក​សង្កេតការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​តាំងពី​ប្រមាណ ៥​ឆ្នាំ​មុន​កន្លងមក​នេះ ដំណើរ​រឿង​នយោបាយ​ខ្មែរ​ថា​មិន​សូវ​ខុស​ទេ។ ដើម​ដំបូង បក្ស​ប្រជាជន​កម្ពុជា​មើល​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន​នៅ​បរទេស​មិន​ពេញចិត្ត​កិច្ច​ដឹកនាំ​ដោយ​លោក ហ៊ុន សែន។ បន្ទាប់​មក បក្ស​នេះ​បាន​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ជនបរទេស​អន្តោប្រវេសន៍ ឬ​ប័ណ្ណ​ពណ៌​លឿង​ឲ្យ​ជនជាតិ​យៀកណាម​រាប់​សែន ឬ​លាន​នាក់ នា​ឆ្នាំ​២០១២ មាន​សិទ្ធិ​រស់នៅ​ពេញ​ច្បាប់​ឥត​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ទេ។

បើ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​ជនជាតិ​ខ្មែរ​នៅ​បរទេស​មាន​សិទ្ធិ​ស្រប​ច្បាប់​បោះឆ្នោត​ជាតិ​ក្នុង​ប្រទេស​កម្ពុជា សហគមន៍​អន្តរជាតិ​គេ​មើល​ឃើញ​ថា លោក​ជា​អ្នក​ដឹកនាំ​គោរព​សិទ្ធិមនុស្ស លើក​ស្ទួយ​សេរីភាព​ស្មើៗ​គ្នា មិន​ថា​ជាតិ​សាសន៍​ណា​ឡើយ។ ដូច្នេះ សង្គម​ខ្មែរ​ជា​សង្គម​ពហុ​ជនជាតិ ស្មើ​ភាព​គ្នា​តាម​ច្បាប់​អន្តរជាតិ។ បើ​ខ្មែរ​នៅ​បរទេស​ក៏​បោះឆ្នោត​បាន ជនបរទេស​គេ​ឲ្យ​សញ្ជាតិ​ក៏​បោះឆ្នោត​បាន តើ​អ្នក​ណា​គេ​មិន​ថា​លោក ហ៊ុន សែន ជា​អ្នក​ប្រជាធិបតេយ្យ? វិធី​នេះ​បំភ័ន្ត​ភ្នែក​សហគមន៍​អន្តរជាតិ​បាន​រហូត។

ចំពោះ​ជនជាតិ​ខ្មែរ​វិញ យើង​សូម​ស្រង់​ពាក្យ​ពេចន៍​អ្នក​នយោបាយ និង​នាយ​ទាហាន​ថ្នាក់​ឧត្តមសេនីយ៍​ជនជាតិ​ក្រិក ឈ្មោះ ប៉េរីគ្លីស (Pericles) អំឡុង​ឆ្នាំ​៤៩៥-៤២៩ មុន គ.ស. ដែល​រំឭក​ជាតិ​សាសន៍​លោក​ថា៖ “ពូជ​ត្រី​រស់​ក្នុង​សមុទ្រ​ដូច​តែ​ពូជ​មនុស្ស​រស់​លើ​ដី​អ៊ីចឹង អា​ធំៗ​វា​ស៊ី​អាតូចៗ​ទាល់តែ​អស់ (Fishes live in the sea, as men do on land: the great ones eat up the littles ones)”។ ដូច្នេះ​អ្នក​មាន​បញ្ញា គេ​ប្រយ័ត្ន​មិន​ឲ្យ​អ្នក​ណា​លេប​ស៊ី​បាន​ឡើយ។ គួរ​អនិច្ចា​ណាស់! ខ្មែរ​អត់​សេរីភាព​ចង់​រើ​ខ្លួន​ចេញ ខ្មែរ​មាន​សេរីភាព​ចង់​រុញ​ខ្លួន​ចូល។

សប្តាហ៍​ក្រោយ សូម​ជូន​ភាគ​បន្ត​ដោយ​ពិនិត្យ​មើល​ច្បាប់​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ស្តីអំពី​ពលរដ្ឋ​មាន​សញ្ជាតិ​ពីរ តើ​ចែង​ថា​ដូចម្តេច៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស