33 C
Phnom Penh

អាជ្ញាធរ​ប្រើ​ហិង្សា​លើ​ស្ត្រី​កូដករ​ណាហ្គា​ដែល​បន្ត​ចេញ​ធ្វើ​កូដកម្ម​ទាមទារ​ដំណោះស្រាយ​ការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​ប្រមាណ ១០០​នាក់​ដែល​ជា​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) បណ្ដាល​ឱ្យ​រង​របួស ខណៈ​ពួកគេ​បន្ត​ចេញ​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន និង​ស្ថាប័ន​ពាក់ព័ន្ធ​ដោះស្រាយ​វិវាទ​ការងារ​ជូន​ពួកគេ​នា​ល្ងាច​ថ្ងៃ​សុក្រ​នេះ។

ការ​ចេញ​តវ៉ា​នេះ ត្រូវ​បាន​ក្រុម​សមត្ថកិច្ច និង​សន្តិសុខ​ជាច្រើន​នាក់​បាន​ដាក់​របាំង​រារាំង ដោយ​មិន​ឱ្យ​ពួកគេ​ទៅ​ប្រមូលផ្ដុំ​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។ ក្រៅពី​រារាំង ក្រុម​សន្តិសុខ​ក៏​បាន​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ក្រុម​ស្ត្រី​ដែល​ជា​កូដករ​ថែម​ទៀត​ផង។

បើ​តាម​ហ្វេសប៊ុក​ឈ្មោះ Kon Neang បាន​ឡាយ​ជា​វីដេអូ​រៀបរាប់​ថា អាជ្ញាធរ​ឈ្មោះ ហោ នួន បាន​យក​ជើង​ធាក់ និង​វាយ​ទៅ​លើ​ស្ត្រី​ជា​កូដករ​បណ្ដាល​ឱ្យ​ហូរ​ឈាម ខណៈ​អ្នក​ខ្លះ​ទៀត​ត្រូវ​បាន​អាជ្ញាធរ​វាយ​ត្រូវ​មុខ និង​ដៃ ជាដើម។ កូដករ​បង្ហាញ​ការ​សោកស្ដាយ​ដែល​ក្រុម​អាជ្ញាធរ​ការពារ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដោយ​មក​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ពួកគាត់​ជា​ស្ត្រី​ដូច​សត្វ។

ក្រុម​កូដករ​អះអាង​ថា ពួកគាត់​មិន​ដែល​មាន​វិវាទ​ជាមួយ​អាជ្ញាធរ​ទេ ហើយ​ពួកគាត់​ក៏​មិន​ចង់​ចេញ​ធ្វើ​កូដកម្ម​រាល់​ថ្ងៃ​ដែរ ប៉ុន្តែ​ដោយសារ​ថៅកែ​ក្រុមហ៊ុន​មិន​ដោះស្រាយ​វិវាទ​ការងារ​ជូន​ពួកគាត់។

វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នេះ បាន​កើតឡើង​អស់​រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​នេះ​បាន​បញ្ឈប់​បុគ្គលិក​ចំនួន ១៣២៩​នាក់​ក្នុង​ចំណោម​បុគ្គលិក​សរុប​ជាង ៨​ពាន់​នាក់​ពី​ការងារ ក្រោម​ហេតុផល​ថា ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារតែ​បញ្ហា​ជំងឺ​កូវីដ-១៩។

ក្រោយ​ពី​កូដករ​ចេញ​ធ្វើ​កូដកម្ម​រយៈពេល​ជាង ៦​ខែ​មក​នេះ គឺ​ពុំ​មាន​ដំណោះស្រាយ​នោះ ក្រុម​កូដករ​បាន​នាំគ្នា​បន្ត​ការ​តវ៉ា និង​ស្វែងរក​ការ​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា រួម​ទាំង​លោក ហ៊ុន សែន ដើម្បី​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ។

នៅ​ក្នុង​ឆ្នាំ​២០១៩ ក្រុមហ៊ុន​ល្បែង​ស៊ីសង​ប្រចាំ​ទីក្រុង​ភ្នំពេញ​មួយ​នេះ ក៏​បាន​បង្ហាញ​របាយការណ៍​ប្រាក់ចំណេញ​របស់​ខ្លួន​បន្ថែម​ទៀត​ថា ប្រាក់ចំណេញ​សរុប​របស់​ក្រុមហ៊ុន​បាន​កើនឡើង​ជិត​ដល់ ៣២១,២​លាន​ដុល្លារ​ក្នុង​រយៈពេល ៣​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៩ ដែល​បាន​កើនឡើង ៣២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៨។ ចំណែក​នៅ​ដើម​ឆ្នាំ​២០២១ កន្លងទៅ ក្រុមហ៊ុន​នេះ​ទទួល​បាន​ប្រាក់ចំណេញ​សុទ្ធ​ចំនួន​ជាង ១២០​លាន​ដុល្លារ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស