41.3 C
Phnom Penh

ចិន​អាច​នឹង​ប្រកាស​ហាម​ហោះហើរ​លើ​លំហ​អាកាស​តៃវ៉ាន់ បើ​ប្រធាន​រដ្ឋសភា​អាមេរិក​ទៅ​តៃវ៉ាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គម្រោង​ទស្សនកិច្ច​របស់​អ្នកស្រី Nancy Pelosi ទៅ​កាន់​កោះ​តៃវ៉ាន់ នៅ​ខែ​សីហា ខាងមុខ​នេះ​កំពុង​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​អំពី​លំហ​អាកាស​តៃវ៉ាន់ អាច​នឹង​ត្រូវ​ចិន​ប្រកាស​ហាម​ហោះហើរ ដោយសារតែ​ក្រុង​ប៉េកាំង​ប្រឆាំង ហើយ​ប្រើ​វិធានការ​ដោយ​បង្ខំ ឬ​កម្លាំង​បាយ បើ​អ្នកស្រី​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ដាក់​កាលបរិច្ឆេទ​ទៅកាន់​ដែន​កោះ​មួយ​នេះ។

នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​នៃ​គេហទំព័រ International Business Times ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​២២ កក្កដា នេះ។

International Business Times បាន​បញ្ជាក់​ថា បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN បាន​ស្រង់​ប្រភព​របស់​មន្ត្រី​សេតវិមាន​ម្នាក់​ដែល​បាន​និយាយ​ថា វិធានការ​របស់​រដ្ឋាភិបាល​ចិន គឺ​អាច​ចេញ​ការ​ប្រកាស​ហាម​យន្តហោះ​ទាំងអស់​មិន​ឱ្យ​ហោះហើរ​លើ​លំហ​អាកាស​តៃវ៉ាន់ ប្រសិនបើ​ដឹង​ពិតប្រាកដ​អំពី​កាលបរិច្ឆេទ​នៃ​ការ​ទៅ​ដល់​របស់​អ្នកស្រី Nancy Pelosi ទៅ​កាន់​ដែន​កោះ​តៃវ៉ាន់ ដែល​ក្រុង​ប៉េកាំង ចាត់ទុក​ថា​ដែន​កោះ​មួយ​នេះ​គឺជា​អាណាខេត្ត​របស់​ចិន។

មន្ត្រី​សេតវិមាន​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឱ្យ​ដឹង​ថា កងទ័ព​រំដោះ​ប្រជាជន​ចិន​អាច​នឹង​ចេញ​វិធានការ​បិទ​លំហ​អាកាស​តៃវ៉ាន់ ដោយ​ចាត់ទុក​ជា​តំបន់​គ្មាន​ការ​ហោះហើរ គឺ​អំឡុង​ពេល​នោះ គឺជា​ការ​បិទ​ជើងហោះហើរ​ដែល​នាំ​ឱ្យ​លំហ​អាកាស​តៃវ៉ាន់​ធ្លាក់​ក្នុង​ភាព​តានតឹង​ខ្លាំង។ ប៉ុន្តែ​មន្ត្រី​សេតវិមាន​រូប​នេះ​ព្រមាន​ថា បើ​ចិន​មាន​វិធានការ​ដូច​នេះ គឺ​កាន់តែ​ធ្វើ​ឱ្យ​តៃវ៉ាន់​ស្វែងរក​វិធានការ​ដើម្បី​ឆ្លើយតប​នឹង​ចិន​ហើយ​ពេលនោះ ដែល​រុញ​ឱ្យ​អាមេរិក​ក៏​ប្រតិកម្ម​នឹង​ចិន គឺ​អាមេរិក​អាច​ត្រូវ​ជួយ​កោះ​តៃវ៉ាន់។

បន្ទាប់ពី​ដឹង​ថា ប្រធាន​រដ្ឋសភា​អាមេរិក អ្នកស្រី Nancy Pelosi មាន​គម្រោង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់ នៅ​ខែ​សីហា ខែ​ក្រោយ​នេះ បាន​នាំ​ឱ្យ​ទីក្រុង​ប៉េកាំង ចេញ​សារ​ព្រមាន​ប្រឆាំង​នឹង​វត្តមាន​របស់​អ្នកស្រី ដោយ​ប្រាប់​ថា វិធានការ​ដែល​អាច​កើតមាន គឺជា​វិធានការ​កម្លាំង​បាយ និង​ដោយ​ការ​បង្ខំ​ចិត្ត។

ក្រុង​ប៉េកាំង អះអាង​ថា ទស្សនកិច្ច​របស់​អ្នកស្រី Pelosi គឺជា​សកម្មភាព​រំលោភ​យ៉ាង​ពិតប្រាកដ និង​ដ៏​ធ្ងន់ធ្ងរ​ទៅ​លើ​គោលនយោបាយ​ចិន​តែ​មួយ និង​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​ចិន​ទៀត​ផង។ មិន​តែប៉ុណ្ណោះ នឹង​ប៉ះពាល់​ជា​ខ្លាំង​ដល់​ទំនាក់ទំនង​ចិន-អាមេរិក​ទៀត​ផង។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Wang Wenbin បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ប្រសិនបើ​រដ្ឋការ​លោក ចូ បៃដិន នៅតែ​ប្រកាន់​ជំហរ​រៀបចំ​ឱ្យ​អ្នកស្រី Nancy Pelosi ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់ គឺ​ក្រុង​ប៉េកាំង ពិត​ជា​មាន​វិធានការ​ប្រឆាំង​ដ៏​ខ្លាំង​ដែល​លោក​ថា​ជា​ប្រតិកម្ម​ត្រៀម​ទុក​ជា​មុន។ ជាមួយ​គ្នា​នេះ សារព័ត៌មាន​របស់​រដ្ឋ​ប្រទេស​ចិន គឺ Global Times បាន​បញ្ចេញ​នូវ​អត្ថបទ​អត្ថាធិប្បាយ​ដោយ​ព្រមាន​ថា យន្តហោះ​ចម្បាំង​ជាច្រើន​របស់​កងទ័ព​អាកាស​ចិន អាច​នឹង​ហោះ​ទៅ​ទប់ស្កាត់ ហើយ​បណ្ដេញ​យន្តហោះ​ដែល​ដឹក​អ្នកស្រី Pelosi ឱ្យ​ហោះ​ចេញពី​ដែន​អាកាស​របស់​ចិន។ មិន​តែប៉ុណ្ណោះ យន្តហោះ​ចម្បាំង​របស់​ចិន នឹង​ហោះ​គំរាម​បាញ់​កម្ទេច​យន្តហោះ​របស់​អ្នកស្រី Pelosi ទៀត​ផង។

Global Times ព្រមាន​ថា បើ​យន្តហោះ​តៃវ៉ាន់​ហោះ​មក​អម​ការពារ​យន្តហោះ​របស់​អ្នកស្រី Pelosi គឺ​ភាព​ផុយ​ស្រួយ​នៃ​ការ​ប៉ះទង្គិច​គ្នា​អាច​នឹង​កើតមាន។

សម្រាប់​ប្រធានាធិបតី ចូ បៃដិន មាន​ប្រសាសន៍​ថា ទស្សនកិច្ច​របស់​អ្នកស្រី Pelosi មិន​ជា​រឿង​ល្អ​ទេ​នៅ​ពេលនេះ។

វរសេនីយ៍ឯក Dave Butler ជា​អ្នក​នាំពាក្យ​សម្រាប់​នាយសេនាធិការ​យោធា​អាមេរិក បាន​ប្រាប់ CNN ថា ក្រុមប្រឹក្សា​សន្តិសុខ​របស់​ក្រសួង​ការពារ​ជាតិ បាន​ផ្លាស់ប្ដូរ​យោបល់​គ្នា​ដើម្បី​ប្រឹក្សា​ជាមួយ​អ្នកស្រី Pelosi ថា​តើ​ជម្រើស​បែប​ណា​ដែល​អាច​ធ្វើ​បាន​ដោយ​ពុំ​មាន​ឧបសគ្គ​រាំង​ខ្ទប់​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Pelosi ប៉ុន្តែ​លោក​វរសេនីយ៍​ថា សហរដ្ឋ​អាមេរិក​ក៏​មាន​ជម្រើស​ដើម្បី​ឆ្លើយតប​នឹង​វិធានការ​របស់​ចិន​ដែរ។

ចំពោះ​អ្នកស្រី Pelosi មិន​បាន​បញ្ជាក់​លម្អិត​ថា​តើ​អ្នកស្រី​ត្រូវ​ជ្រើសរើស​មធ្យោបាយ​បែប​ណា​ឆ្លើយតប​នឹង​ការ​គំរាមកំហែង​របស់​ចិន​ទេ។ អ្នកស្រី​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក បៃដិន បារម្ភ​អំពី​សន្តិសុខ​សម្រាប់​អ្នកស្រី និង​គណៈប្រតិភូ​សភា​អាមេរិក ដែល​នឹង​ត្រូវ​ទៅ​ជាមួយ​អ្នកស្រី។

អ្នកស្រី​ថ្លែង​ថា ប្រហែល​លោក បៃដិន បារម្ភ​ខ្លាំង​នោះ គឺ​បារម្ភ​ខ្លាច​ទ័ព​ចិន​បាញ់​ទម្លាក់​យន្តហោះ​ដែល​ដឹក​អ្នកស្រី តែ​អ្នកស្រី​ថា​គេ​មិន​អាច​គិត​ថា​វា​ពិត​ជា​កើតមាន​ដូច​នេះ​មែន​ដែរ​ឬ​យ៉ាង​ណា​ទេ។

តែ​យ៉ាងណា កាសែត​ចិន Global Times បញ្ជាក់​ថា ចិន​បាន​បញ្ជូន​សារ​ទាំង​សារ​ការទូត និង​សារ​យោធា​ទៅ​ជូន​រដ្ឋការ​លោក បៃដិន រួច​ហើយ ដោយ​ព្រមាន​ថា​អ្វី​ក៏ដោយ​ក៏​អាច​កើតមាន​ដែរ បើ​អ្នកស្រី Pelosi ហ៊ាន​មក​កាន់​កោះ​តៃវ៉ាន់។

Lü Xiang អ្នកជំនាញ​អំពី​យុទ្ធសាស្ត្រ​អាមេរិក​មកពី​វិទ្យាស្ថាន​បណ្ឌិតសភា​នៃ​វិទ្យាសាស្ត្រ​សង្គម​ចិន បាន​និយាយ​ថា អ្វី​ដែល​លោក បៃដិន គិត​ថា​មិន​ល្អ​ទេ គឺ​មាន​ន័យ​ថា លោក បៃដិន ពិត​ជា​បាន​ពិគ្រោះ​យោបល់​ជាមួយ​មន្ទីរ​ប៉ុងតាហ្គោន​អំពី​គម្រោងការ​ដែល​អ្នកស្រី​ប្រធាន​រដ្ឋសភា​អាមេរិក Nancy Pelosi មាន​ផែនការ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់។

តែ​បែប​នេះ​ក្ដី ពុំ​មែន​មាន​តែ​អ្នកស្រី Pelosi ដាក់​ផែនការ​ទៅ​កាន់​កោះ​តៃវ៉ាន់​ទេ គឺ​ឆាប់ៗ​នេះ សមាជិក​សភា​ប្រទេស​ជប៉ុន​ជាច្រើន​នាក់​នឹង​ទៅ​កាន់​ដែន​កោះ​នេះ ហើយ​ក្រៅ​ពី​នេះ គឺ​អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក មៃប៉ុម ភីអូ និង​ថ្មីៗ​នេះ អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ ម៉ាគ អេស្ពឺ ក៏​ទើប​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់ ដោយ​ពួកគាត់​បាន​ជួប​អ្នកស្រី សាយ អ៊ឹងវិន ប្រធានាធិបតី និង​មន្ត្រី​ជាន់ខ្ពស់​កោះ​តៃវ៉ាន់​ជាច្រើន​ទៀត។

ទស្សនកិច្ច​របស់​អតីត​មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក ២​រូប​នេះ បាន​នាំ​ឱ្យ​ចិន ប្រតិកម្ម​ជា​ខ្លាំង ដោយ​ក្រុង​ប៉េកាំង បញ្ជា​ឱ្យ​កងទ័ព​អាកាស​បើក​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ឱ្យ​ហោះ​ចូល​ដែន​អាកាស​របស់​តៃវ៉ាន់ ដែល​ជា​សញ្ញា​ប្រឆាំង​នឹង​វត្តមាន​របស់​អតីត​មន្ត្រី​អាមេរិក ២​រូប​នេះ ប៉ុន្តែ​ការ​ហោះហើរ​របស់​យន្តហោះ​ចម្បាំង​ចិន ក៏​នាំ​ឱ្យ​តៃវ៉ាន់​បញ្ចេញ​យន្តហោះ​ចម្បាំង​ជាច្រើន​ឱ្យ​តាម​ហោះ​ដេញ​ប្រកៀក​នឹង​យន្តហោះ​ចិន រហូត​យន្តហោះ​ចិន​ហោះ​ចេញពី​ដែន​អាកាស​តៃវ៉ាន់។

តែ​សម្រាប់​ចិន ប្រតិកម្ម​ដូច​នេះ​ដោយ​បញ្ចេញ​យន្តហោះ​ចម្បាំង​ឱ្យ​ហោះ​រំលោភ​ដែន​អាកាស​តៃវ៉ាន់ គឺ​មាន​ច្រើន​លើក​ទៅ​ហើយ គឺ​ឱ្យ​តែ​គណៈប្រតិភូ​បស្ចិម​ប្រទេស​ទៅ​កាន់​ដែន​កោះ​ដែល​ចិន​អះអាង​ថា​ស្ថិត​នៅ​ក្រោម​ដែន​អធិបតេយ្យ​របស់​ខ្លួន។

សម្រាប់​ក្រុង​ប៉េកាំង តែងតែ​បញ្ចេញ​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ឱ្យ​ចូល​លំហ​អាកាស​តៃវ៉ាន់ ហើយ​ពេល​ខ្លះ​មាន​ដល់ ៥០​គ្រឿង​ទៀត​ផង​ក្នុង​មួយ​ថ្ងៃ។ បើ​តាម​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ រយៈពេល​មួយ​ឆ្នាំ​មក​នេះ ចិន​បញ្ជា​ឱ្យ​យន្តហោះ​ចម្បាំង​របស់​ខ្លួន​ហោះ​ចូល​ដែន​អាកាស​តៃវ៉ាន់ យ៉ាង​តិច​ជាង​មួយ​ពាន់​ដង​មក​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស