ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក អ្នកស្រី Nancy Pelosi ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកដែលអមដំណើរដោយសមាជិកសភាជាន់ខ្ពស់អាមេរិកចំនួន ៦រូប បានសម្រេចជ្រើសរើសយកប្រទេសក្នុងតំបន់អាស៊ីចំនួន២ ជាទស្សនកិច្ចរបស់អ្នកស្រីមុនគេ។
កាលពីថ្ងៃចន្ទ ទី១ សីហា អ្នកស្រី Nancy Pelosi បានទៅធ្វើទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី។ ក្នុងដំណើរទស្សនកិច្ចនេះ អ្នកស្រីបានជួបសន្ទនាគ្នាជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរី លោក លី សៀនឡុង និងបានចូលជួបសម្ដែងការគួរសមជាមួយប្រធានាធិបតីនៃប្រទេសមួយនេះផងដែរ។
ក្រោយពីបិទបញ្ចប់ទស្សនកិច្ចនៅលើទឹកដីសិង្ហបុរី អ្នកស្រី Nancy Pelosi និងសមាជិកសភាអាមេរិកដទៃទៀតបានទៅដល់ប្រទេសម៉ាឡេស៊ី នៅម៉ោង ១០ព្រឹក នៅថ្ងៃអង្គារ ទី២ ខែសីហា។ ក្នុងដំណើរទស្សនកិច្ចនៅលើទឹកដីម៉ាឡេស៊ី អ្នកស្រីបានជួបជាមួយនឹងនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភារបស់ប្រទេសនេះផងដែរ។
ក្នុងជំនួបជាមួយមេដឹកនាំនៃប្រទេសសមាជិកអាស៊ានពីរប្រទេសនេះ គឺផ្ដោតសំខាន់ទៅលើចក្ខុវិស័យនៃយុទ្ធសាស្ត្ររបស់អាមេរិកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសន្តិសុខជាតិ សន្តិសុខតំបន់ ប្រជាធិបតេយ្យ និងវិស័យសហប្រតិបត្តិការសេដ្ឋកិច្ច។
ចំណែកឯមេដឹកនាំនៃប្រទេសសិង្ហបុរី និងម៉ាឡេស៊ី បានថ្លែងស្វាគមន៍ការប្ដេជ្ញាចិត្តរបស់អ្នកស្រីប្រធានរដ្ឋសភារបស់សហរដ្ឋអាមេរិក និងរដ្ឋការរបស់លោក ចូ បៃដិន ដែលបានយកចិត្តទុកដាក់បញ្ហាសន្តិសុខ បញ្ហាប្រជាធិបតេយ្យ និងសេដ្ឋកិច្ចនៅក្នុងតំបន់ ដោយមេដឹកនាំប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរនេះចាត់ទុកថាតំបន់អាស៊ីមិនអាចខ្វះអាមេរិកបានឡើយ។
ក្រោយពីជំនួបជាមួយនឹងថ្នាក់ដឹកនាំប្រទេសម៉ាឡេស៊ី ដោយទទួលបានការរៀបចំទទួលទានអាហារពេលថ្ងៃត្រង់ជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ី អ្នកស្រីត្រូវបានរាយការណ៍មកថាបានចាកចេញពីប្រទេសម៉ាឡេស៊ី នៅម៉ោងជិត ៤រសៀល។
តាមដំណឹងនៃសារព័ត៌មានម៉ាឡេស៊ី The Star និង South China Morning Post បានចុះផ្សាយថា អ្នកស្រី Pelosi ធ្វើដំណើរចាកចេញពីទីក្រុងកូឡាឡាំពួរ គឺតាមជើងយន្តហោះយោធាសហរដ្ឋអាមេរិកមួយគ្រឿងឆ្ពោះទៅកាន់កោះតៃវ៉ាន់។
បើតាមប្រភពដដែលនេះឲ្យដឹងថា យន្តហោះរបស់អ្នកស្រីនឹងចុះចតនៅព្រលានយន្តហោះក្នុងទីក្រុងតៃប៉ិ នៅម៉ោង ១០ និង ២០នាទីយប់ថ្ងៃអង្គារ ទី២ ខែសីហា។
ក្នុងដំណើរទស្សនកិច្ចនេះ គេរំពឹងថា អ្នកស្រីនឹងស្នាក់នៅលើដែនកោះនេះមួយយប់ ហើយនៅព្រឹកថ្ងៃពុធ អ្នកស្រីត្រូវជួបជាមួយនឹងប្រធានាធិបតីកោះតៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន និងប្រធានរដ្ឋសភារបស់ដែនកោះមួយនេះ។
គោលដៅរបស់អ្នកស្រី Pelosi គឺដើម្បីពង្រឹងសម្ពន្ធភាពអាមេរិក និងតៃវ៉ាន់ និងជាការបង្ហាញអំពីនិមិត្តរូបនៃការគាំទ្រសេរីភាពរបស់ដែនកោះប្រជាធិបតេយ្យមួយនេះ។ សហរដ្ឋអាមេរិក និងតៃវ៉ាន់ បើទោះពុំមានទំនាក់ទំនងផ្លូវការពិតមែន តែអាមេរិកមានទំនាក់ទំនងកម្រិតពាណិជ្ជកម្មជាមួយតៃវ៉ាន់ខ្ពស់បំផុត។
សហរដ្ឋអាមេរិក និងតៃវ៉ាន់ មានកិច្ចព្រមព្រៀងទំនាក់ទំនងទ្វេភាគីស្អិតល្មួតជាមួយគ្នា គឺកិច្ចព្រមព្រៀងឆ្នាំ១៩៧៩ ដែលកិច្ចព្រមព្រៀងនេះបើកផ្លូវឱ្យសហរដ្ឋអាមេរិកជួយការពារដែនកោះតៃវ៉ាន់ប្រឆាំងនឹងការឈ្លានពានពីសំណាក់ប្រទេសចិន ព្រោះចិនចាត់ទុកកោះតៃវ៉ាន់ជាដែនដីរបស់ចិន ក្រោយពីចិនដណ្ដើមបានអាសនៈពីសាធារណរដ្ឋតៃវ៉ាន់ នៅឆ្នាំ១៩៧១ ក្នុងអង្គការសហប្រជាជាតិ។
តាមដំណឹងពីសារព័ត៌មានរបស់កោះតៃវ៉ាន់ Taiwan News បានឱ្យដឹងថា ខណៈនេះអាជ្ញាធរតៃវ៉ាន់បានដាក់ពង្រាយកម្លាំងប៉ូលិស និងកងទ័ពនៅព្រលានយន្តហោះក្រុងតៃប៉ិ ប្រមាណ ៤០០នាក់ដើម្បីពង្រឹងសន្តិសុខនៅតំបន់ព្រលានយន្តហោះ។ ជាមួយគ្នានេះ អាជ្ញាធរតៃវ៉ាន់ ក៏បញ្ជូនឆ្មាំសន្តិសុខជាតិរាប់រយនាក់ទៅជួយការពារគណៈប្រតិភូសភាដឹកនាំដោយអ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ប៉ុន្តែនៅពេលនេះ ដំណឹងពីទីក្រុងតៃប៉ិ បានឲ្យដឹងថា បាតុកររាប់សិបនាក់បានចេញមុខធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់អ្នកស្រី ប៉េឡូស៊ី។
ទស្សនកិច្ចរបស់អ្នកស្រីប្រធានរដ្ឋសភាសហរដ្ឋអាមេរិកនេះប្រឈមនឹងហានិភ័យធ្ងន់ធ្ងរជាខ្លាំង ព្រោះតែចិនប្រឆាំងការដែលអ្នកស្រីសម្រេចមកជាន់ដែនកោះតៃវ៉ាន់។ ឥឡូវនេះ ចិនកំពុងតែបើកធ្វើសមយុទ្ធទ័ពជើងទឹក និងទ័ពអាកាសដោយបាញ់គ្រាប់ពិតៗគំរាមដំណើរទស្សនកិច្ចរបស់អ្នកស្រីទៀតផង។
សម្រាប់សហរដ្ឋអាមេរិក បានបញ្ជូននាវាផ្ទុកយន្តហោះ Ronald Reagan និងក្រុមនាវាកងទី៧ ទៅដាក់ពង្រាយក្បែរកោះតៃវ៉ាន់ ដើម្បីការពារដំណើរទស្សនកិច្ចរបស់អ្នកស្រី ប៉េឡូស៊ី។
ចិនព្រមានថា បើយន្តហោះដឹកអ្នកស្រី ប៉េឡូស៊ី អាចចុះចតបាន និងធ្វើជំនួបជាមួយអ្នកស្រី សាយ អ៊ឹងវិន ប្រធានាធិបតីតៃវ៉ាន់ គឺទំនាក់ទំនងចិន និងអាមេរិក អាចធ្លាក់ដល់កម្រិតធ្ងន់ធ្ងរបំផុត។
តែយ៉ាងណា គឺ ២៥ឆ្នាំហើយដែលថ្នាក់ដឹកនាំកំពូលរបស់អាមេរិកធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ចាប់តាំងពីឆ្នាំ១៩៩៧ គឺនៅឆ្នាំនោះ ប្រធានរដ្ឋសភាអាមេរិក លោក Newt Gingrich បានទៅធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់។ នៅឆ្នាំ១៩៩៧ នោះ ចិនក៏បានប្រតិកម្មយ៉ាងខ្លាំងប្រហាក់ប្រហែលនឹងការធ្វើទស្សនកិច្ចរបស់អ្នកស្រី Nancy Pelosi នៅពេលនេះផងដែរ៕