38 C
Phnom Penh

អ្នកវិភាគ​ថា​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិក​ទៅ​កោះ​តៃវ៉ាន់​ជា​ការ​ព្រមាន​ដោយ​ផ្ទាល់​ទៅ​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​សហរដ្ឋ​អាមេរិក អ្នកស្រី Nancy Pelosi ទៅ​កាន់​កោះ​តៃវ៉ាន់ គឺជា​ការ​បង្ហាញ​អំពី​គោល​ជំហរ​របស់​អាមេរិក​ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​ពិភពលោក​ក្នុង​បរិបទ​ថ្មី និង​ជា​ការ​ព្រមាន​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​៣ សីហា នេះ​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​សហរដ្ឋ​អាមេរិក អ្នកស្រី Nancy Pelosi ទៅ​កាន់​កោះ​តៃវ៉ាន់​នេះ ក៏​ជា​ការ​បញ្ជាក់​ទៅ​កាន់​ចិន ឱ្យ​កាន់​តែ​ច្បាស់​ថា អាមេរិក​មិន​បោះបង់​សម្ពន្ធមិត្ត​របស់​ខ្លួន​ក្រោម​ការ​គំរាមកំហែង​ណា​មួយ​នោះ​ឡើយ ហើយ​បញ្ហា​នេះ​ក៏​ជា​មូលហេតុ​ដ៏​សំខាន់​មួយ​សម្រាប់​អាស៊ាន និង​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក រួម​ទាំង​សហគមន៍​អឺរ៉ុប​ផង ដើម្បី​រឹត​ចំណង​សម្ពន្ធមិត្ត​ជាមួយ​អាមេរិក​ឱ្យ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត ខណៈ​ចិន​បាន​ត្រឹមតែ​ដើរ​តួ​ជា​ខ្លា​ក្រដាស​តែប៉ុណ្ណោះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​លើកឡើង​ថា មហាអំណាច​កុម្មុយនីស្ត​ចិន នឹង​មិន​ហ៊ាន​ប្រកាស​សង្គ្រាម​ជាមួយ​សហរដ្ឋ​អាមេរិក​លើ​បញ្ហា​នេះ​ទេ ព្រោះ​ថា​សង្គ្រាម​នេះ​មិនមែន​ចិន​តទល់​ជាមួយ​អាមេរិក​ដោយ​ផ្ទាល់​នោះ​ឡើយ ប៉ុន្តែ​ចិន​នឹង​ត្រូវ​ប្រឈមមុខ​មុនគេ​ជាមួយ​នឹង​តៃវ៉ាន់ ដូច្នេះ​ប្រសិនបើ​ចិន​ហ៊ាន​ប្រកាស​សង្គ្រាម​នេះ គឺ​ចិន​មាន​តែ​ខាតបង់​ប៉ុណ្ណោះ ជាពិសេស​គឺ​ខាត​សេដ្ឋកិច្ច​របស់​ខ្លួន​តែម្តង។

លោក ម៉ែន ណាត លើកឡើង​ថា នៅ​ពេល​ដែល​ចិន​ដក​ខ្លួន​ថយ​មិន​ប្រកាស​សង្គ្រាម​ជាមួយ​អាមេរិក​ដូច​ដែល​ខ្លួន​បាន​គំរាម​កាលពី​ពេល​ថ្មីៗ​នេះ គឺជា​លទ្ធផល​បង្ហាញ​ឱ្យ​ឃើញ​ថា ចិន​នៅតែ​មាន​ការ​កោត​ញញើត​សហរដ្ឋ​អាមេរិក​ដដែល។ ដូច្នេះ វា​ជា​សញ្ញា​មួយ​ប្រាប់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​ឱ្យ​សម្រេច​ចិត្ត​កាន់តែ​ច្បាស់​ថា ពួកគេ​គួរតែ​នៅ​ប្រកាន់​ជំហរ​នៅ​រណប​ជាមួយ​ចិន ឬ​គួរ​ប្រកាន់​ជំហរ​លទ្ធិប្រជាធិបតេយ្យ​តាម​សហរដ្ឋ​អាមេរិក ខណៈ​ចិន​បាន​បាក់មុខ​ចំពោះ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​អំពី​ការ​ដកថយ​នៃ​ការ​ប្រកាស​សង្គ្រាម​ជាមួយ​អាមេរិក​នៅ​ពេលនេះ។

កាលពី​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២២ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Zhao Lijian បាន​ព្រមាន​ថា ការ​ធ្វើ​ដំណើរ​របស់​អ្នកស្រី Nancy Pelosi នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ចិន-អាមេរិក ក្នុង​នោះ​ខ្លួន​អាច​នឹង​ឆ្លើយតប​ផ្នែក​យោធា ប្រសិនបើ​ប្រធាន​សភា​អាមេរិក​រូប​នេះ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កោះ​តៃវ៉ាន់​មែន​នោះ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​អាមេរិក​ទទូច​ចង់​ដើរ​តាម​ផ្លូវ​ខុស ចិន​នឹង​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ និង​រឹងមាំ​ជាទីបំផុត ដើម្បី​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ខ្លួន ហើយ​ផលវិបាក​ដែល​កើតឡើង​ទាំងអស់​ត្រូវ​ទទួល​ខុសត្រូវ​ដោយ​ភាគី​អាមេរិក​ទាំងស្រុង។

យ៉ាងណាក៏ដោយ ប្រធាន​សភា​អាមេរិក អ្នកស្រី ណាន់ស៊ី ផេឡូស៊ី បាន​ទៅ​ដល់​តៃវ៉ាន់​នៅ​យប់​ថ្ងៃទី​២ ខែ​សីហា ដូច​ការ​គ្រោង​ទុក ប៉ុន្តែ​គេ​នៅ​មិន​ឃើញ​មហាអំណាច​កុម្មុយនីស្ត​ចិន ចេញ​មុខ​ប្រកាស​សង្គ្រាម​ដូច​ដែល​ខ្លួន​បាន​អះអាង​នៅឡើយ​ទេ ក្រៅតែ​ពី​ការ​រិះគន់​ពី​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី ដែល​បាន​អះអាង​ថា ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ការ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អធិបតេយ្យភាព​ចិន ដែល​ជា​ការ​បង្ក​ហេតុ​នយោបាយ​ដោយ​ចំហ​របស់​អាមេរិក។

ជុំវិញ​បញ្ហា​នេះ ចិន​បាន​ប្រកាស​ភ្លាមៗ​ក្រោយពី​ការ​មក​ដល់​របស់​ប្រធាន​រដ្ឋសភា​អាមេរិក អ្នកស្រី Nancy Pelosi លើ​កោះ​តៃវ៉ាន់ ថា​ខ្លួន​នឹង​ធ្វើ​សមយុទ្ធ​យោធា​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ រហូត​ដល់​ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍​នេះ ក្នុង​ដែនទឹក​ទាំង​៦ ដែល​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ខណៈ​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ រិះគន់​ថា សមយុទ្ធ​យោធា​របស់​ចិន បាន​បំពាន​ច្បាប់​របស់​អង្គការ​សហប្រជាជាតិ (UN) យ៉ាង​ធ្ងន់ធ្ងរ។

នៅ​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០២២ នេះ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក អ្នកស្រី ណាន់ស៊ី ផេឡូស៊ី បាន​ចាកចេញ​ពី​កោះ​តៃវ៉ាន់​ហើយ​ក្រោយពី​បាន​ជួប​ជាមួយ​ប្រធានាធិបតី​នៃ​កោះ​តៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន។ អ្នកស្រី Nancy Pelosi បញ្ជាក់​យ៉ាង​ច្បាស់​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​បោះបង់​ចោល​តៃវ៉ាន់​ជាដាច់ខាត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស