35 C
Phnom Penh

ហេតុការណ៍​ខ្លះៗ​អំពី​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​អាមេរិក​ទៅ​កាន់​ដែន​កោះ​តៃវ៉ាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​យប់​ថ្ងៃ​អង្គារ​វេលា​ម៉ោង ១០ និង ៣៣​នាទី យន្តហោះ​ដឹក​ប្រតិភូ​នៃ​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពល បាន​ចុះ​ចត​នៅ​ព្រលាន​យន្តហោះ សុងសាន នៅ​ក្រុង​តៃប៉ិ ដោយ​ជោគជ័យ ដោយ​ធ្វើ​ឱ្យ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Nancy Pelosi បាន​សម្រេច​គោលដៅ។

យន្តហោះ​ដឹក​អ្នកស្រី ប៉េឡូស៊ី និង​សមាជិក​សភា ៦​រូប បាន​ហោះ​ពុះពារ​ក្រោម​រលក​នៃ​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​ណាស់​ពី​សំណាក់​ប្រទេស​ចិន ដែល​ក្រុង​ប៉េកាំង បាន​បញ្ចេញ​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ហោះ​ចូល​ដែនអាកាស​របស់​តៃវ៉ាន់ ហើយ​ធ្វើ​សមយុទ្ធ​ទៀត​ផង​ក្នុង​អំឡុង​ពេល​នោះ។ តែ​យន្តហោះ​របស់​កងទ័ព​អាកាស​ដែល​ដឹក​អ្នកស្រី ប៉េឡូស៊ី និង​គណៈប្រតិភូ​សភា​ប្រភេទ C-40C Boeing 737 មិន​បាន​ហោះ​ម្នាក់​ឯង​នោះ​ទេ គឺ​បាន​អម​ដំណើរ​ដោយ​យន្តហោះ​ចម្បាំង​អាមេរិក​ចំនួន ១២​គ្រឿង​ផ្សេង​ទៀត​ផង​ដែរ។

សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Taiwan News បាន​ឲ្យ​ដឹង​ថា ស្ថានការណ៍​តានតឹង​ខ្លាំង​នៅ​លើ​លំហ​អាកាស​តៃវ៉ាន់ បាន​កើត​តាំង​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ ទី​២ ខែ​សីហា នៅ​ពេល​ដែល​ប្រធាន​រដ្ឋសភា​អាមេរិក អ្នកស្រី ប៉េឡូស៊ី និង​គណៈប្រតិភូ​កំពុង​ស្ថិតនៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ជា​ទីតាំង​ដែល​អ្នកស្រី ប៉េឡូស៊ី ត្រូវ​រង់ចាំ​ការ​បើក​ភ្លើង​ខៀវ​ពី​សេត​វិមាន និង​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ថា​តើ​ធ្វើ​សេចក្ដី​សម្រេច​ដូចម្ដេច​ចំពោះ​ឆន្ទៈ​របស់​អ្នកស្រី ប៉េឡូស៊ី ដ៏​រឹងមាំ​ក្នុង​ការ​សំដៅ​ទៅ​កាន់​ដែន​កោះ​តៃវ៉ាន់។

ទីបំផុត ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក និង​រដ្ឋការ​របស់​លោក ចូ បៃដិន ប្រកាស​គាំទ្រ​ឆន្ទៈ​របស់​អ្នកស្រី ប៉េឡូស៊ី ដែល​ត្រូវ​ទៅ​កាន់​ដែន​កោះ​មួយ​នេះ​ដែល​ចិន​ប៉េកាំង​ចាត់ទុក​ថា​ជា​ដែនដី​របស់​ខ្លួន។

Taiwan News បាន​ឱ្យ​ដឹង​ទៀត​ថា ក្រោយពី​អ្នកស្រី​កំណត់​ពេលវេលា​ជាក់លាក់​ចេញ​ទៅ​តៃវ៉ាន់ គឺ​ត្រូវ​ហោះ​ចេញពី​ក្រុង​កូឡាឡាំពួរ នៅ​ម៉ោង ៣ និង ៤២​នាទី​រសៀល គឺ​នៅ​លើ​លំហ​អាកាស​តៃវ៉ាន់​កាន់តែ​មាន​ភាព​តានតឹង ខណៈ​ចិន​ប្រកាស​ព្រមាន​កាន់តែ​ខ្លាំង​ប្រឆាំង​ទស្សនកិច្ច​របស់​អ្នកស្រី ប៉េឡេស៊ី ដោយ​បញ្ចេញ​យន្តហោះ​ជាច្រើន​ហោះ​ចូល​ដែនអាកាស​តៃវ៉ាន់​ជា​ញឹកញាប់ ហើយ​នៅ​លើ​ច្រក​សមុទ្រ​ឯណោះ​វិញ នាវាចម្បាំង​ចិន​រាប់​សិប​គ្រឿង​កំពុង​ធ្វើ​សមយុទ្ធ ខណៈ​នៅ​ច្រាំង​សមុទ្រ​ជាប់​ដី​ចិន គឺ​កងទ័ព​ចិន​បញ្ចេញ​កាំភ្លើង​ធំ និង​រថក្រោះ​រាប់​រយ​គ្រឿង​បើក​ធ្វើ​សមយុទ្ធ ដែល​មើល​ទៅ​ដូច​នឹង​ចលនា​របស់​កងទ័ព​របស់​រុស្ស៊ី ត្រៀម​លុកលុយ​ប្រទេស​អ៊ុយក្រែន​ដែរ។

ទោះ​ជា​ដឹង​ថា​ភាព​គ្រោះថ្នាក់​នៅ​ចំពោះ​មុខ​ក៏ដោយ ក៏​អ្នកស្រី ប៉េឡូស៊ី សម្រេច​ឡើង​ជិះ​យន្តហោះ​របស់​កងទ័ព​អាកាស​ទៅ​កាន់​ដែន​កោះ​នេះ​តាម​ពេលវេលា​កំណត់។

ម៉ោង ៣ និង ៤២​នាទី យន្តហោះ C-40C Boeing 737 បាន​ហោះ​បោះពួយ​ទៅ​កាន់​កោះ​តៃវ៉ាន់ ដោយ​ចុះ​ចត​ប្រហែល​មួយ​ម៉ោង​នៅ​លើ​កោះ Sulawasi នៃ​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ម៉ោង ៧ និង ២៧​នាទី យន្តហោះ​ដដែល​នេះ​បាន​ហោះ​ចេញពី​ដែន​កោះ​មួយ​នេះ​សំដៅ​ទៅកាន់​តៃវ៉ាន់​តែម្ដង។

បើ​តាម​សារព័ត៌មាន​នៃ​គេហទំព័រ Flight Radar 24 ដែល​ចាប់​ព័ត៌មាន​បាន​មុនគេ​អំពី​ដំណឹង​នៃ​ការ​ចេញ​ដំណើរ​របស់​យន្តហោះ​ដែល​ដឹក​អ្នកស្រី ប៉េឡូស៊ី យន្តហោះ​នេះ​បាន​ហើរ​កាត់​សមុទ្រ​ហ្វីលីពីន ដែល​ពេលនោះ​មាន​យន្តហោះ​ចម្បាំង​អាមេរិក​ចំនួន ៤​គ្រឿង បាន​ហោះ​មក​អម​យន្តហោះ​ដឹក​អ្នកស្រី ប៉េឡេស៊ី ហើយ​នៅពេល​យន្តហោះ​នេះ​បត់​ក្បាល​ទៅ​កាន់​លំហ​អាកាស​តៃវ៉ាន់ ស្រាប់​តែ​មាន​យន្តហោះ​ចម្បាំង​របស់​អាមេរិក ៨​គ្រឿង​ដែល​ហោះ​ចេញពី​ប្រទេស​ជប៉ុន បាន​មក​ហោះ​អម​យន្តហោះ​របស់​អ្នកស្រី ប៉េឡេស៊ី គឺ​ហោះ​ចូល​ដែនអាកាស​តៃវ៉ាន់​តែម្ដង រហូត​យន្តហោះ​ចម្បាំង​របស់​តៃវ៉ាន់ ហោះ​មក​ទទួល និង​អម​យន្តហោះ​របស់​អ្នកស្រី ប៉េឡូស៊ី រហូត​ដល់​ព្រលាន​យន្តហោះ សុងសាន នៃ​ទីក្រុង​តៃប៉ិ។

តែ​ជាមួយ​គ្នា​នោះ យន្តហោះ ៥​គ្រឿង​ទៀត​របស់​សហរដ្ឋ​អាមេរិក​ជា​ប្រភេទ​យន្តហោះ​ផ្គត់ផ្គង់​សាំង ក៏​បាន​ហោះ​មក​សំកាំង​លើ​លំហ​អាកាស​តៃវ៉ាន់​រួច​ទៅ​ហើយ ដើម្បី​ជួយ​ចាក់​សាំង​យន្តហោះ​ណា​ដែល​អស់​សាំង។ ចំណែក​យន្តហោះ​ចម្បាំង​របស់​ចិន​ជាច្រើន​គ្រឿង​ក៏​ត្រូវ​បាន​រាយការណ៍​មក​ថា ក៏​បាន​ហោះ​ចូល​ដែនអាកាស​តៃវ៉ាន់​ដែរ តែ​មិន​បាន​ហោះ​មក​បណ្ដេញ​យន្តហោះ​ចម្បាំង​អាមេរិក និង​យន្តហោះ​ដឹក​អ្នកស្រី ប៉េឡូស៊ី នោះ​ទេ។

ទីបំផុត យន្តហោះ C-40C Boeing 737 បាន​សំយុង​ក្បាល​ចុះចត និង​ចុះចត​បាន​ដោយ​សុវត្ថិភាព និង​ដោយ​ជោគជ័យ​នៅ​ព្រលាន​យន្តហោះ សុងសាន នៅ​វេលា​យប់​ម៉ោង ១០ និង ៣៣​នាទី ខណៈ​នោះ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល និង​សមាជិក​សភា​តៃវ៉ាន់​ជាច្រើន​រូប បាន​មក​ទទួល​អ្នកស្រី និង​គណៈប្រតិភូ​ដោយ​ក្ដី​រីករាយ​ជា​ខ្លាំង ក្រោម​ផ្ទាំង​បដា​សរសេរ​ថា សូម​ស្វាគមន៍​អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក។

ដោយ​សម្រាក​មួយ​យប់ គឺ​ដល់​ពេល​ព្រឹក អ្នកស្រី ប៉េឡូស៊ី និង​គណៈប្រតិភូ​បាន​ជួប​សន្ទនា​គ្នា​ជាមួយ​ប្រធានាធិបតី សាយ អ៊ឹងវិន និង​អនុប្រធាន​សភា​តៃវ៉ាន់ រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់​កោះ​តៃវ៉ាន់​ជាច្រើន​រូប។

នៅ​ក្នុង​ជំនួប​នោះ ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី បាន​អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​នៅ​លើ​កោះ​តៃវ៉ាន់ បញ្ជាក់​យ៉ាង​ច្បាស់​ថា​សហរដ្ឋ​អាមេរិក​មិន​បោះបង់​ចោល​តៃវ៉ាន់​ឡើយ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​អ្នកស្រី សាយ អ៊ឹងវិន ជា​ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី ប៉េឡូស៊ី បញ្ជាក់​ថា៖ «នៅ​ថ្ងៃ​នេះ ប្រតិភូ​សភា​អាមេរិក​បាន​ធ្វើ​ដំណើរ​មក​តៃវ៉ាន់​ដើម្បី​បញ្ជាក់​យ៉ាង​ច្បាស់​ថា អាមេរិក​នឹង​មិន​បោះបង់​ចោល​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​តៃវ៉ាន់​ឡើយ ហើយ​ពិត​ជា​មាន​មោទកភាព​ចំពោះ​ទំនាក់ទំនង​មិត្តភាព​យូរ​អង្វែង​ទ្វេភាគី»។ អ្នកស្រី​បន្ថែម​ថា៖ «សាមគ្គីភាព​របស់​អាមេរិក​ចំពោះ​តៃវ៉ាន់​ក្នុង​ពេល​បច្ចុប្បន្ន មាន​សារសំខាន់​ជាង​ពេល​ណាៗ​ទាំងអស់»

ក្រោយពី​សន្ទនា​គ្នា​ចប់ អ្នកស្រី សាយ អ៊ឹងវិន បាន​រៀបចំ​ទទួល​​ភោជនាហារ​ថ្ងៃ​ត្រង់​ជូន​គណៈប្រតិភូ​សភា​អាមេរិក និង​អ្នកស្រី ប៉េឡូស៊ី រហូត​នៅ​ម៉ោង ៥​រសៀល អ្នកស្រី ប៉េឡូស៊ី និង​ក្រុម​ប្រតិភូ​បាន​ចាកចេញ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​ចេញពី​កូរ៉េ​ខាងត្បូង អ្នកស្រី​ត្រូវ​ទៅ​កាន់​ប្រទេស​ជប៉ុន ដែល​ជា​ទស្សនកិច្ច​ផ្លូវការ​របស់​អ្នកស្រី​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

សម្រាប់​ទស្សនកិច្ច​របស់​អ្នកស្រី​នៅ​កោះ​តៃវ៉ាន់ គឺជា​លើក​ទី​១​ហើយ​ដែល​អ្នក​នយោបាយ​កំពូល​អាមេរិក​លំដាប់​ទី​២​រូប​នេះ​មក​កាន់​ដែន​កោះ​នេះ បន្ទាប់ពី​ប្រធាន​រដ្ឋសភា លោក Newt Gingrich បាន​មក​ទស្សនកិច្ច​នៅ​ឆ្នាំ​១៩៩៧៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស