មហាអំណាចកុម្មុយនីស្តចិន ប្រកាសគាំទ្រកូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ពេញទំហឹងឱ្យធ្វើជាអ្នកបន្តវេនរបស់កម្ពុជា ដោយសារមានភាពចាស់ទុំ និងមានចក្ខុវិស័យវែងឆ្ងាយសម្រាប់កម្ពុជាទៅថ្ងៃអនាគត។
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានលើកឡើងក្នុងជំនួបពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ខ្លួនដែលនឹងចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នេះថា រដ្ឋាភិបាលចិនបានចាត់ទុកលោក ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដែលមានភាពចាស់ទុំ និងមានចក្ខុវិស័យវែងឆ្ងាយសម្រាប់កម្ពុជាទៅថ្ងៃអនាគត។
លោក វ៉ាង យី អះអាងថា គោលជំហររបស់រដ្ឋាភិបាលចិន គឺនៅតែបន្តគាំទ្រយ៉ាងរឹងមាំចំពោះនយោបាយផ្ទៃក្នុង និងបន្ទាត់នយោបាយការបរទេសរបស់កម្ពុជា ហើយបន្តគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះចក្ខុវិស័យដ៏យូរអង្វែងរបស់កម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ជាពិសេសលើការការពារអធិបតេយ្យភាពជាតិ និងឯករាជ្យរបស់កម្ពុជាតែម្តង។
រដ្ឋមន្ត្រីការបរទេសចិនរូបនេះបញ្ជាក់ថា ដោយសារតែកម្ពុជាមានទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងមាននយោបាយជោគវាសនារួមគ្នាជាមួយចិន បានធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នៅតែរឹងមាំ ទោះបីជាប្រឈមនឹងភាពមិនច្បាស់លាស់ និងការវិវឌ្ឍយ៉ាងស្រួចស្រាល់ចំពោះស្ថានការណ៍តំបន់ និងពិភពលោកនៅពេលនេះក៏ដោយ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលគេមើលឃើញថា ចិនតែងតែអូសទាញកម្ពុជាគ្រប់រូបភាពដើម្បីឱ្យកម្ពុជារក្សាសម្ពន្ធមិត្តជាមួយខ្លួន ជាជាងការចងសម្ពន្ធមិត្តជាមួយអាមេរិក និងស្របពេលដែលចិនកំពុងមានភាពតានតឹងលើនយោបាយការទូតរបស់ខ្លួនជាមួយអាមេរិកនៅពេលនេះទៅហើយនោះ។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់ The Cambodia Daily នៅថ្ងៃទី៤ សីហា នេះថា ការប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិន គឺគ្រាន់តែជាការប្រើល្បិចកលដើម្បីជំរុញឱ្យមេដឹកនាំខ្មែរ លោក ហ៊ុន សែន ជួយទប់ទល់នឹងជំហរទាមទារនានារបស់សហរដ្ឋអាមេរិកនូវលក្ខខណ្ឌមួយចំនួន ដែលធ្វើឱ្យចិនអស់ឥទ្ធិពលលើកម្ពុជាទៅថ្ងៃក្រោយប៉ុណ្ណោះ។
លោក គឹម សុខ លើកឡើងថា ការចេញសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក ទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ជម្រះមន្ទិលអំពីវត្តមានកងទ័ពចិននៅមូលដ្ឋានយោធារាម រួមទាំងការស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស គឺជាវិធីគន្លឹះដ៏សំខាន់ដែលចិនបារម្ភបំផុត ព្រោះចិនដឹងថា ចិននឹងអស់ឥទ្ធិពលលើកម្ពុជា បើរឿងទាំងពីរនេះត្រូវដោះស្រាយឲ្យប្រសើរឡើងវិញនោះ។
លោកបន្តថា ការទាមទាររបស់អាមេរិកម្តងនេះ គឺស្ទើរតែជាការព្យាយាមចុងក្រោយហើយក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យប្រសើរឡើងវិញនៃទំនាក់ទំនងកម្ពុជា-អាមេរិក។ ចំណែកចិនបារម្ភថា លោក ហ៊ុន សែន អាចបង្ហាញជំហរឃ្លីងឃ្លោងរវាងអាមេរិក និងចិន ដូច្នេះមានតែប្រកាសគាំទ្រឱ្យចំគោលដៅផ្ទេរអំណាចរបស់លោក ហ៊ុន សែន។
កាលពីដើមខែធ្នូ ឆ្នាំ២០២១ បុរសខ្លាំងក្រាញអំណាចតត្រកូល លោក ហ៊ុន សែន បានប្រកាសជាសាធារណៈថា លោកនឹងគាំទ្រកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីទៅថ្ងៃមុខ ក្នុងនោះក៏បានដាក់ឱ្យសម្រេចពីសន្និបាតបក្សកាន់អំណាចឱ្យជ្រើសរើសលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគតកាលពីចុងខែធ្នូ ឆ្នាំ២០២១ ផងដែរ៕