38 C
Phnom Penh

ចិន​បាញ់​មីស៊ីល​រំលង​កោះ​តៃវ៉ាន់​ឆ្លើយតប​ប្រធាន​សភា​អាមេរិក​ដែល​បាន​ទៅ​ទស្សនកិច្ច​កោះ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចិន​ដែល​ជា​មហាអំណាច​អាស៊ី​នៅ​ពេលនេះ កំពុង​បង្ហាញ​កម្លាំង​ទ័ព​ដ៏​ក្ដៅ​គគុក​ដោយ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិតៗ ហើយ​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ ដែល​នាំ​ឱ្យ​តៃវ៉ាន់​ប្រកាស​ឱ្យ​ទ័ព​ប្រមូល​ផ្ដុំ​គ្នា ហើយ​ចាកចេញ​ពី​បន្ទាយ​ទៅ​កាន់​ទីតាំង​ដំឡើង​កាំភ្លើង។

បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ទូរទស្សន៍ CCTV របស់​ចិន ឲ្យ​ដឹង​ថា ការ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​របស់​កងទ័ព​ចិន ក៏​បាន​បាញ់​មីស៊ីល​ជាច្រើន​គ្រាប់​ធ្លាក់​នៅ​ក្បែរ​កោះ​តៃវ៉ាន់ ហើយ​យ៉ាងតិច​មីស៊ីល ១១​គ្រាប់​បាន​ហោះ​រំលង​ដែន​កោះ​នេះ​ដោយ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ចិន​ខាងកើត។

ការ​ធ្វើ​សមយុទ្ធ​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន ដែល​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ គឺ​ពិត​ណាស់​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​របស់​ប្រធាន​រដ្ឋសភា អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ដែល​បាន​ដឹកនាំ​ប្រតិភូ​សភា​សហរដ្ឋ​អាមេរិក​ទៅ​កាន់​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី​២ សីហា ដែល​ក្រុង​ប៉េកាំង​ចាត់ទុក​ក្រុង​វ៉ាស៊ីនតោន ជា​អ្នក​រំលោភ​ធ្ងន់ធ្ងរ​ដល់​ដែន​អធិបតេយ្យ​របស់​ចិន ព្រោះ​តៃវ៉ាន់ គឺជា​ខេត្ត​មួយ​របស់​ចិន។

ដោយ​បង្ហាញ​ការ​ឈឺចាប់​ដូចនេះ គេ​សង្កេត​ឃើញ​រដ្ឋមន្ត្រី​ចិន​សឹងតែ​គ្រប់​ក្រសួង​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​យ៉ាង​ព្រោងព្រាត ថ្កោលទោស​អ្នកស្រី ប៉េឡូស៊ី និង​ថ្កោលទោស​រដ្ឋាភិបាល​តៃវ៉ាន់ ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​អ្នកស្រី សាយ អ៊ឹងវិន ដែល​បាន​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​ប្រតិភូ​សភា​របស់​អ្នកស្រី ប៉េឡូស៊ី។

គ្រប់​ស្ថាប័ន និង​មន្ត្រី​របស់​ចិន ចេញ​មុខ​ផ្ញើ​សារ​ធ្ងន់ៗ​មាន​រូបភាព​ជា​ការ​តវ៉ា ជា​ការ​ព្រមាន ជា​ការ​ក្រើន​រំឭក​ដល់​សហរដ្ឋ​អាមេរិក​ឲ្យ​ព្យាយាម​គោរព​គោលនយោបាយ​ចិន​តែ​មួយ។

ក្រសួង​ការបរទេស​ចិន នៅ​ថ្ងៃទី​៤ ខែ​សីហា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា លោកស្រី Pelosi ប្រធាន​សភា​តំណាងរាស្ត្រ​អាមេរិក​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​តៃវ៉ាន់​របស់​ចិន ដោយ​មិន​អើពើ​នឹង​ការ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា និង​ការ​តវ៉ា​យ៉ាង​ម៉ឺងម៉ាត់​របស់​ភាគី​ចិន គឺជា​ការ​ល្មើស​យ៉ាង​ធ្ងន់ធ្ងរ​នូវ​គោលការណ៍​ចិន​តែ​មួយ និង​ការ​កំណត់​នៃ​សេចក្តី​ប្រកាស​រួម​ទាំង​៣ រវាង​ចិន និង​អាមេរិក។ ក្រសួង​ការបរទេស​ចិន​បន្ត​ថា តាមរយៈ​ទស្សនកិច្ច​របស់​អ្នកស្រី ប៉េឡូស៊ី គឺជា​ការ​វាយប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​មូលដ្ឋាន​នយោបាយ​នៃ​ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក។

សេចក្ដី​ថ្លែងការណ៍​បន្ត​ថា អាមេរិក​បាន​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ចិន ហើយ​ជា​ការ​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​ជា​ការ​បញ្ចេញ​សញ្ញា​ខុស​ដ៏​ធ្ងន់ធ្ងរ​ដល់​កម្លាំង​អបគមន៍​ដែល​ប៉ុនប៉ង​ចង់​ឱ្យ​តៃវ៉ាន់​ឯករាជ្យ ហើយ​ថា​នៅ​លើ​ពិភពលោក​នេះ​មាន​ប្រទេស​ចិន​តែ​មួយ​ប៉ុណ្ណោះ។ ចំពោះ​តៃវ៉ាន់ គឺជា​ចំណែក​មួយ​របស់​ទឹកដី​ចិន ដែល​មិន​អាច​បំបែក​បាន​ឡើយ។

ក្រសួង​ការបរទេស​ចិន បាន​បញ្ជាក់​ថា សេចក្តី​សម្រេច​លេខ​២៧៥៨ នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​ឆ្នាំ​១៩៧១ បាន​ទទួលស្គាល់​ចិន​ជា​ប្រទេស​មាន​ដី​រហូត​ដល់​កោះ​តៃវ៉ាន់។ បើ​ដូចនេះ ប្រទេស​ចិន​សូម​បន្ត​ដាស់តឿន​យ៉ាង​ម៉ឺងម៉ាត់​ឱ្យ​ភាគី​អាមេរិក ឈប់​លេង «សន្លឹក​បៀ​តៃវ៉ាន់» ដែល «ប្រើ​តៃវ៉ាន់​ជា​កូន​អុក​ប្រឆាំង​ចិន ប្រទេស​ចិន» និង​ត្រូវ​បញ្ឈប់​លូក​ដៃ​ក្នុង​កិច្ចការ​ចិន និង​តៃវ៉ាន់ ហើយ​អាមេរិក​ត្រូវ​អនុវត្ត​នូវ​គោលការណ៍​ចិន​តែ​មួយ។

ឥឡូវ​នេះ បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ទូរទស្សន៍ CCTV ចិន​បើក​ការ​ធ្វើ​សមយុទ្ធ​យោធា​ព័ទ្ធ​ជុំវិញ​កោះ​តៃវ៉ាន់​ទៅ​ហើយ។

ទូរទស្សន៍​រដ្ឋ CCTV បាន​ឲ្យ​ដឹង​ថា ចាប់ពី​ម៉ោង ១២​ថ្ងៃ​ត្រង់​នេះ​ដល់​ម៉ោង ១២​អាធ្រាត្រ នៅ​ថ្ងៃទី​៧ ខែ​សីហា កងទ័ព​រំដោះ​ប្រជាជន​ចិន នឹង​ធ្វើ​សមយុទ្ធ​យោធា​ដ៏​សំខាន់​មួយ ក្នុង​នោះ​រួម​ទាំង​សមយុទ្ធ​បាញ់​គ្រាប់​ពិត ហើយ​អំឡុង​នៃ​ការ​ធ្វើ​សមយុទ្ធ​ប្រយុទ្ធ​នេះ គឺ​តំបន់​សំខាន់ៗ​ចំនួន​៦ នៅ​ជុំវិញ​កោះ​ត្រូវ​បាន​ជ្រើសរើស​ក្នុង​ការ​ឡោមព័ទ្ធ ហើយ​នាវា និង​យន្តហោះ​ស៊ីវិល​ទាំងអស់ ត្រូវ​បាន​ព្រមាន​មិន​ឱ្យ​ចូល​ទៅ​ក្បែរ​តំបន់​ដែនទឹក និង​ដែនអាកាស​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់។

តំបន់​ដែល​បាន​កំណត់​អត្តសញ្ញាណ​ចំនួន​៦ នៅ​ជុំវិញ​កោះ​តៃវ៉ាន់​នេះ ក៏​មាន​មួយ​ចំនួន​ក៏​នៅ​ជិត​កំពង់ផែ​សំខាន់ៗ​ផង​ដែរ ខណៈ​អាជ្ញាធរ​តៃវ៉ាន់​បាន​ចោទប្រកាន់​កងទ័ព​រំដោះ​ប្រជាជន​ចិន ថា​បាន​ធ្វើ​ការ​បិទ​ផ្លូវ​ឆ្លងកាត់​អន្តរជាតិ។

តែ​ទន្ទឹម​គ្នា​នេះ កងទ័ព​ជើងទឹក​អាមេរិក បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Ronald Reagan កំពុង​ធ្វើ​ប្រតិបត្តិការ​តាម​ការ​គ្រោង​ទុក​នៅ​លើ​ផ្ទៃសមុទ្រ​ហ្វីលីពីន ដែល​ស្ថិត​ក្នុង​តំបន់​ភាគ​ខាងលិច​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដើម្បី​តាម​ឃ្លាំមើល​ការ​ធ្វើ​សមយុទ្ធ​របស់​ចិន។

អ្នក​នាំពាក្យ​នៃ​កង​នាវា​ទី​៧ របស់​ទ័ព​ជើងទឹក​អាមេរិក បាន​ឱ្យ​ដឹង​ថា នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​នេះ​ហើយ​ដែល​សហរដ្ឋ​អាមេរិក​បាន​ចល័ត​ទៅ​ក្បែរ​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃ​អង្គារ សប្តាហ៍​នេះ នៅ​ពេល​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី បាន​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​តៃប៉ិ កាលពី​ថ្ងៃទី​២ ខែ​សីហា នៅ​ចំពោះ​មុខ​ការ​ព្រមាន​យ៉ាង​ធ្ងន់ធ្ងរ​ពី​ទីក្រុង​ប៉េកាំង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស