មន្ត្រីជាន់ខ្ពស់កម្ពុជា អះអាងថា មហាអំណាចកុម្មុយនីស្តចិន មិនអាចគ្រប់គ្រងកោះតៃវ៉ាន់ដោយការបំផ្ទុះសង្គ្រាមបានឡើយ ព្រោះថាបើសង្គ្រាមផ្ទុះឡើង អ្នកខាតបង់ធ្ងន់ធ្ងរគឺជាចិន ហើយចិនក៏មិនអាចធ្វើជាមហាអំណាចសេដ្ឋកិច្ចរបស់ពិភពលោកនៅថ្ងៃអនាគតតាមបំណងរបស់ខ្លួនបាននោះទេ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច បានបង្ហោះវីដេអូលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នេះថា ចិនមិនដែលប្រកាសធ្វើសង្គ្រាមដោយចំមុខនោះទេ តែចិនចូលចិត្តនៅពីក្រោយគ្រប់សង្គ្រាមទាំងអស់ ព្រោះថាចិនមានផែនការរក្សាទុកលុយ ជាជាងប្រើលើសង្គ្រាម។ ដូច្នេះហើយ បានជាចិនប្រើយុទ្ធសាស្ត្រកៀងគរសេដ្ឋកិច្ចគ្រប់បែបយ៉ាង ដើម្បីប្រមូលលុយ ដូចជាការជីករ៉ែ និងការបង្កើតសេដ្ឋកិច្ចតាមបណ្តាប្រទេសនានា គ្រប់រូបភាព ដើម្បីកសាងសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែរឹងមាំទៅថ្ងៃក្រោយ។
បណ្ឌិត សុខ ទូច លើកឡើងថា ដើម្បីជំហររឹងមាំលើសេដ្ឋកិច្ចរបស់ខ្លួន ចិនព្យាយាមចងមិត្តជាច្រើនចូលក្នុងតំបន់អាស៊ាន ក្នុងនោះ ចិនបានប្រើគោលជំហរមួយ គឺគ្មានមិត្ត គ្មានសត្រូវ តែត្រូវគិតលើផលប្រយោជន៍។ ដូច្នេះ ប្រទេសដែលអាចផ្តល់ផលប្រយោជន៍ឱ្យចិន ពួកគេនឹងបង្កើតជាមិត្តភាពភ្លាមៗ ក្នុងនោះ ចិនអាចទម្លាក់កម្ចីគ្រប់បែបយ៉ាង ទោះប្រទេសដែលខ្ចីលុយទាំងនោះយកទៅប្រើប្រាស់ដោយគ្មានតម្លាភាព ឬមិនគោរពតាមគោលការណ៍សិទ្ធិមនុស្សក៏ដោយ។ ដែលត្រង់ចំណុចនេះ គឺខុសគ្នាទៅនឹងសហរដ្ឋអាមេរិកទាំងស្រុង ដែលអាមេរិកតែងតម្រូវឱ្យប្រទេសដែលជាកូនបំណុលយកចិត្តទុកដាក់លើសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងតម្លាភាពរបស់ខ្លួន។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះបញ្ជាក់ថា ដោយសារតែចិនប្រើគោលការណ៍បែបនេះហើយ ទើបចិនអាចចងមិត្តជាមួយបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ានជាបន្តបន្ទាប់សព្វថ្ងៃនេះ ប៉ុន្តែបើចិនហ៊ានបំផ្ទុះសង្គ្រាមជាមួយអាមេរិក នោះប្រទេសក្នុងតំបន់អាស៊ាននឹងងាកទៅចងសម្ពន្ធមិត្តជាមួយអាមេរិកវិញជាមិនខាន ហើយបញ្ហានេះ នឹងធ្វើឱ្យចិនខាតទាំងលុយ បាត់បង់ទាំងមិត្ត ហើយជាងនេះទៀត សង្គ្រាមនេះមិនមែនផ្ទុះលើទឹកដីអាមេរិកនោះទេ គឺផ្ទុះនៅលើទឹកដីចិនខ្លួនឯងផ្ទាល់តែម្តង។
បណ្ឌិត សុខ ទូច គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក អ្នកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់នៅពេលនេះ គឺបានបញ្ជាក់ទៅកាន់ពិភពលោកថា អាមេរិកមិនញញើតនឹងការពារសម្ពន្ធមិត្តរបស់ខ្លួននោះឡើយ ហើយប្រសិនបើសង្គ្រាមនៅតៃវ៉ាន់នេះពិតជាផ្ទុះឡើងដោយការប្រឈមមុខដាក់គ្នាជាមួយចិនដោយសារតែបញ្ហានេះ ចិននឹងធ្លាក់ខ្លួនចូលក្នុងសង្គ្រាមដែលនឹងប្រឈមមុខជាមួយសម្ពន្ធមិត្តរបស់អាមេរិកជាច្រើន ដូចជាជប៉ុន តៃវ៉ាន់ និងកូរ៉េខាងត្បូង ជាដើម ស្របពេលដែលចិនមិនដែលបានធ្វើសង្គ្រាមទាល់តែសោះក្នុងរយៈពេលជាង ៧០ឆ្នាំមកនេះចាប់តាំងពីឆ្នាំ១៩៤៩ មក។
កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ប្រធានសភាអាមេរិក អ្នកស្រី Nancy Pelosi បានធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ដូចដែលបានគ្រោងទុក បើទោះបីជាចិនគំរាមពីដំណើរទស្សនកិច្ចនេះតាមផ្នែកយោធាក៏ដោយ។
លោក អែនតូនី ប្លីងខិន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិក ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅក្រុងភ្នំពេញ នាថ្ងៃទី៥ ខែសីហា ថ្លែងថា រវាងចិន និងតៃវ៉ាន់ គួរតែដោះស្រាយដោយសន្តិវិធី ប៉ុន្តែមិនមែនដោយការគំរាម ឬដោយកម្លាំងយោធាឡើយ។ លោកថា អ្វីដែលអាមេរិកឃើញក្នុងប៉ុន្មានឆ្នាំចុងក្រោយ គឺចិនកំពុងស្ថិតលើចំណាត់ការប្រើប្រាស់កម្លាំង ដើម្បីវាយសង្គ្រុបតៃវ៉ាន់។
លោក ប្លីងខិន បានបន្តថា អ្វីដែលអាមេរិកមិនចង់បាន គឺការបង្អាក់ សន្តិភាព និងសន្តិសុខអន្តរជាតិ ដោយសារវាមានភាពគ្រោះថ្នាក់ និងបំពានគោលការណ៍នៃមូលដ្ឋានទំនាក់ទំនងរវាងប្រទេស និងប្រទេស ក្នុងនោះរួមមានអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យ។
ទាក់ទិននឹងបញ្ហានេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នេះថា នៅថ្ងៃសុក្រ នេះ ជប៉ុន និងសហរដ្ឋអាមេរិកបានព្រមព្រៀងធ្វើការជាមួយគ្នាលើការរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ដែលកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើងនៅពេលនេះផងដែរ៕