28 C
Phnom Penh

តៃវ៉ាន់​ច្រានចោល​សំណើ​របស់​ចិន​អំពី​ការ​ផ្សះផ្សា​ជាតិ​ក្រោម​គោល​នយោបាយ​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយពី​បិទ​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់​ដ៏​គួរ​ឲ្យ​បារម្ភ មហា​យក្ស​ចិន បាន​ទម្លាក់​សៀវភៅ​ស ដោយ​បង្ហាញ​ថា ក្រុង​ប៉េកាំង​ចង់​ឲ្យ​តៃវ៉ាន់​មក​នៅ​ក្រោម​ដំបូល​របស់​ខ្លួន​ដូច​ក្រុង​ហុងកុង គឺ​ទទួល​យក​គោល​នយោបាយ​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ។

សៀវភៅ​ស​នេះ​បាន​រៀបរៀង​ដោយ​ក្រសួង​ការពារ​ជាតិ​ចិន ហើយ​ការ​ដែល​កងទ័ព​រំដោះ​ប្រជាជន​ចិន បញ្ចេញ​សៀវភៅ​ស​នេះ ធ្វើឡើង​ចំ​ពេល​ប្រទេស​ដ៏​ធំ​នេះ​សម្រេច​បិទ​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​កងទ័ព​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ ដែល​បាន​ប្រព្រឹត្ត​ទៅ​រយៈពេល ៧​ថ្ងៃ។

នៅ​ក្នុង​ឯកសារ​នៃ​សៀវភៅ​ស​នេះ រដ្ឋាភិបាល​ចិន បាន​សម្រេច​លុប​ចោល​នូវ​ឃ្លា​មួយ​ដែល​និយាយ​ថា ក្រុង​ប៉េកាំង​នឹង​បញ្ជូន​ក្រុម​មន្ត្រី​របស់​ខ្លួន​ឱ្យ​ទៅ​គ្រប់គ្រង​កោះ​តៃវ៉ាន់ គឺ​ដូច​រដ្ឋបាល​នៃ​ដែនដី​ហុងកុង ប៉ុន្តែ​លើក​នេះ ក្រុង​ប៉េកាំង សន្យា​ថា កោះ​តៃវ៉ាន់​អាច​នៅ​ជាមួយ​ក្រុង​ប៉េកាំង ដោយ​មិន​ដូច​ក្រុង​ហុងកុង​នោះ​ទេ។

នេះ​ជា​សញ្ញា​បង្ហាញ​ពី​ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង ក្នុង​ការ​កាត់បន្ថយ​ស្វ័យភាព​ដែល​ទីក្រុង​ប៉េកាំង​ប្រើ​គោល​នយោបាយ​ថ្មី​នេះ​សម្រាប់​កោះ​តៃវ៉ាន់។

ការ​បញ្ជាក់​របស់​បក្ស​កុម្មុយនីស្ត​ចិន ធ្វើឡើង​នៅ​ក្នុង​សៀវភៅ​ស ស្ដីពី​កោះ​តៃវ៉ាន់ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ ក្រោយ​បិទ​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​កងទ័ព​របស់​ចិន​ព័ទ្ធ​ជុំវិញ​កោះ​តៃវ៉ាន់ ឆ្លើយតប​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅ​កាន់​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី​២ ខែ​សីហា។ នៅ​ក្នុង​សៀវភៅ​ស​នេះ កងទ័ព​ចិន​នៅតែ​បញ្ជាក់​ថា ខ្លួន​នឹង​តាមដាន​ជានិច្ច​ចំពោះ​ការ​ផ្លាស់ប្ដូរ​ស្ថានការណ៍​នៅ​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់។

ឯកសារ​សៀវភៅ​ស​របស់​ក្រសួង​ការពារ​ជាតិ​ចិន ក៏​បាន​បញ្ជាក់​អំពី​ប្រតិបត្តិការ​យោធា​រួម​គ្នា​នៅ​ក្នុង​តំបន់​សមុទ្រ និង​ដែនអាកាស ដោយ​បាន​បិទ​បញ្ចប់​ប្រកប​ដោយ​ប្រសិទ្ធភាព ហើយ​កង​កម្លាំង​របស់​កងទ័ព​ចិន នឹង​បន្ត​តាមដាន​ការ​ផ្លាស់ប្ដូរ​ស្ថានការណ៍​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ដោយ​ឈរ​លើ​ការ​ប្រឹងប្រែង​បង្រួបបង្រួម​ជាមួយ​តៃវ៉ាន់​ដោយ​សន្តិវិធី។

តែ​ជាមួយ​គ្នា​នេះ ឯកសារ​នៃ​សៀវភៅ​ស ព្រមាន​ថា ចិន​ក៏​មិន​បោះបង់​ចោល​ជម្រើស​នៃ​ការ​ប្រើ​កម្លាំង​យោធា​ក្នុង​ករណី​ចាំបាច់។ សៀវភៅ​ស​ស្ដីពី​តៃវ៉ាន់ បាន​ចេញ​ផ្សាយ​កាលពី​ឆ្នាំ​១៩៩៣ ម្ដង និង​ឆ្នាំ​២០០០ ម្ដង។ តែ​ការ​ចេញ​ផ្សាយ​ថ្មី​នេះ ក្រសួង​ការពារ​ជាតិ​ចិន បាន​សន្យា​ថា​នឹង​មិន​បញ្ជូន​កងទ័ព ឬ​ក្រុម​មន្ត្រី​របស់​ខ្លួន​ឱ្យ​ទៅ​គ្រប់គ្រង​កោះ​តៃវ៉ាន់ ជំនួស​អាជ្ញាធរ​តៃវ៉ាន់​ទេ ប្រសិនបើ​ទីក្រុង​ប៉េកាំង​សម្រេច​បាន​នូវ​ការ​បង្រួបបង្រួម​ជាមួយ​តៃវ៉ាន់​ដោយ​សន្តិវិធី។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃទី​១១ សីហា នេះ។

តែ​បើ​តាម​ប្រភព​ព័ត៌មាន​នេះ រដ្ឋាភិបាល​ដែនដី​តៃវ៉ាន់​បាន​ច្រានចោល​សំណើ​របស់​ចិន។

សេចក្ដី​ថ្លែងការណ៍​ដ៏​ខ្លី​បំផុត​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​តៃវ៉ាន់ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​តៃវ៉ាន់ ពុំ​មាន​សិទ្ធិ​នឹង​សម្រេច​យក​សំណើ​នេះ​ទេ គឺ​មាន​តែ​ប្រជាជន​ប៉ុណ្ណោះ​ជា​អ្នក​សម្រេច។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​តៃវ៉ាន់ អ្នកស្រី Joanne Ou បាន​ថ្លែង​ដូចនេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​តៃប៉ិ។ អ្នកស្រី Ou បាន​ថ្លែង​ទៀត​ថា ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក គឺជា​សិទ្ធិ​របស់​អ្នក​នយោបាយ​អាមេរិក ហើយ​ការ​ដែល​ក្រុង​ប៉េកាំង​ធ្វើ​សមយុទ្ធ​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ គឺជា​លេស​ចង់​បង្ក​ការ​ឈ្លានពាន​លើ​តៃវ៉ាន់​តែប៉ុណ្ណោះ។

អាជ្ញាធរ​កោះ​តៃវ៉ាន់ ធ្លាប់​ធ្វើការ​ស្ទាបស្ទង់​មតិ​ប្រជាជន​ម្ដង​ហើយ​កាលពី​ឆ្នាំ​២០២០ អំពី​ស្ថានភាព​ក្រុង​ហុងកុង ដែល​រស់នៅ​ក្រោម​ដំបូល​របស់​បក្ស​កុម្មុយនីស្ត​ចិន​ដែល​ជ្រក​ក្រោម​ស្លាក​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ ប៉ុន្តែ​ជិត ៨០% នៃ​ប្រជាជន​ដែល​បាន​ចូលរួម​ស្ទង់​មតិ បាន​ឆ្លើយ​ថា ពួកគេ​មិន​ឱ្យ​តៃវ៉ាន់​ធ្វើ​ដូច​ក្រុង​ហុងកុង​នោះ​ទេ។ ប្រជាជន​តៃវ៉ាន់​អះអាង​ថា គេ​ត្រូវការ​របប​ដឹកនាំ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដោយ​មិន​ត្រូវ​ការ​គ្រប់គ្រង​បែប​កុម្មុយនីស្ត​នោះ​ទេ។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ការ​ដែល​ទីក្រុង​ប៉េកាំង​បង្ហាញ​ចេតនា​ចង់​យក​តៃវ៉ាន់​មក​នៅ​ក្រោម​ការ​ចង្អុល​ផ្លូវ​របស់​ខ្លួន ក្រោយពី​ការ​ធ្វើ​សមយុទ្ធ​យ៉ាង​សម្បើម​ឡោមព័ទ្ធ និង​គំរាម​តៃវ៉ាន់​រយៈពេល​មួយ​សប្ដាហ៍ គឺ​ការពិត ក្រុង​ប៉េកាំង​ធ្វើ​សកម្មភាព​ចង់​លុកលុយ​ដែន​កោះ​នេះ តែ​ក្រុង​ប៉េកាំង​គិត​អំពី​ផលវិបាក​នៅ​ចំពោះ​មុខ​ដែល​អាច​ជះ​ត្រឡប់​មកវិញ​មក​លើ​ក្រុង​ប៉េកាំង។

គេ​អាច​គិត​ទៅ​ដល់​ផលវិបាក ៣​យ៉ាង គឺ​ការ​ស្លាប់​យ៉ាង​រង្គាល​នៃ​ប្រជាជន​តៃវ៉ាន់ ដែល​ជា​ជាតិ​សាសន៍​តែ​មួយ​ជាមួយ​នឹង​ចិន បើ​សង្គ្រាម​លើ​កោះ​តៃវ៉ាន់​អាច​អូស​បន្លាយ​ពេល​យូរ​ថ្ងៃ​ដូច​ករណី​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។

ទី​២ ក្រុង​ប៉េកាំង បារម្ភ​អំពី​អន្តរាគមន៍​របស់​កងទ័ព​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត​របស់​ប្រទេស​មហាអំណាច​នេះ​ចូល​ជួយ​តៃវ៉ាន់ ក្រោម​ហេតុផល​ជួយ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ ហើយ​អាច​នាំ​ឱ្យ​ប្រទេស​ចិន​ទាំងមូល​ធ្លាក់​ក្នុង​ក្ដី​វិនាស​បែកបាក់​សង្គម​នៃ​របប​កុម្មុយនីស្ត។

ទី​៣ ចិន​បារម្ភ​អំពី​ពិភពលោក​នាំគ្នា​ដាក់​ទណ្ឌកម្ម​ដូច​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី។ កាល​ដែល​ចិន​ធ្វើ​សមយុទ្ធ​យ៉ាង​សម្បើម​គំរាម​តៃវ៉ាន់​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ ត្រូវ​បាន​អ្នកវិភាគ​ម្នាក់ គឺ​លោក Andrew Mertha នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អំពី​ប្រទេស​ចិន​នៃ​វិទ្យាស្ថាន Johns Hopkins បាន​ហៅ​សកម្មភាព​នៃ​ការ​ធ្វើ​សមយុទ្ធ​របស់​កងទ័ព​ចិន ដោយ​បញ្ចេញ​នាវាចម្បាំង និង​យន្តហោះ​ចម្បាំង​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ រហូត​បាញ់​គ្រាប់​មីស៊ីល ១១​គ្រាប់​ឱ្យ​ហោះ​រំលង​កោះ​តៃវ៉ាន់​ធ្លាក់​ទៅ​សមុទ្រ​ចិន​ខាងកើត គឺ​មើល​ទៅ​ដូចជា​សត្វ​ឥន្ទ្រី​រាំ​នៅ​លើ​ចុងឈើ ហើយ​បង្ហាញ​ចំពុះ​ដ៏​មុត​ស្រួច​តែប៉ុណ្ណោះ។ លោក​ថា ចិន​នឹង​មិន​ហ៊ាន​វាយ​តៃវ៉ាន់​ទេ ព្រោះ​បារម្ភ​អំពី​ផលវិបាក​អាច​ជះ​ត្រឡប់​មក​លើ​ចិន​ខ្លួនឯង​វិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស